(បរទេស)៖ នៅក្នុងរបកគំហើញ ដែលចូលមកបំបែកកំណត់ត្រាចាស់នោះ ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញព្រះអាទិត្យរបស់យើងបញ្ចេញ «កាំរស្មីហ្គាម៉ា (gamma rays)» ដ៏ច្រើនមហាសាល។ នេះពិតជាបញ្ហាធំណាស់ ព្រោះវាជា «រលកនៃវិទ្យុសកម្ម ប្រកបដោយថាមពលខ្ពស់បំផុតមិនធ្លាប់មាន» ដែលត្រូវបានកត់ត្រាចេញពីផ្កាយមួយដួង ដែលភពផែនដីយើងកំពុងគោចរជុំវិញ។ (Gamma Rays ជាប្រវែងរលកនៃពន្លឺ ដែលត្រូវបានគេដឹងថា ផ្ទុកទៅដោយថាមពលខ្ពស់ជាងឆ្ងាយ បើធៀបប្រវែងរលកផ្សេងទៀត នៅក្នុងវិសាលគមអេឡិចត្រូម៉ាញេទិច)
ជុំវិញលទ្ធផលអង្កេត និងសិក្សាដ៏គួរឲ្យភ្ញាក់ផ្អើលខាងលើនេះ អ្នកស្រាវជ្រាវមួយរូប គឺលោកស្រី Meher Un Nisa ដែលសហការជាមួយសាកលវិទ្យាល័យរដ្ឋ Michigan សហរដ្ឋអាមេរិក បានលើកឡើងថា «បន្ទាប់ពីការអង្កេតមើលទិន្នន័យដ៏មានតម្លៃ ដែលត្រូវបានប្រមូលយកនាអំលុង ៦ឆ្នាំមកនេះ… ការបញ្ចេញកាំរស្មីហ្គាម៉ា មានលើសពីការរំពឹងទុកឆ្ងាយ…។ ពេលយើងឃើញទិន្នន័យទាំងអស់នេះ យើងបានគិតថា យើងដូចជាបានបង្កើតកំហុសអ្វីឡើងមកហើយ ព្រោះព្រះអាទិត្យមិនអាចមានពន្លឺខ្លាំង នៅក្នុងកម្រិតដូចថាមពលទាំងនេះឡើយ»។
បើគិតជាកម្រិតថាមពលនៃកាំរស្មីហ្គាម៉ា ដែលព្រះអាទិត្យបានជះចេញមកនោះ គឺប្រមាណ ១ទ្រីលានអេឡិតត្រុង វ៉ុល (electron volt) ឯណោះ។ Nisa បានលើកឡើងថា «ព្រះអាទិត្យពិតជាមានអ្វីដែលគួរឲ្យភ្ញាក់ផ្អើល ជាងការគិតរបស់យើងពីមុនទៅទៀត… តែយ៉ាងណា យោងតាមការពិតចារណាយ៉ាងល្អិតល្អន់ ក្រុមការងារបានឈ្វេងយល់ថា ពន្លឺប្រកបដោយថាមពលខ្លាំងកម្រិតនោះ ពិតជាបានកើតមានមែន ហើយវាបានកើតឡើងដោយតែ ភាពពេញហូរហៀរនៃបរិមាណកាំរស្មីហ្គាម៉ា រួចទើបព្រះអាទិត្យបញ្ចេញពួកវាមកយ៉ាងខ្លាំងក្លាបែបនេះ…»។
- តើ Gamma Rays ទាំងនោះអាចបង្កគ្រោះថ្នាក់ដល់មនុស្សលោកឬទេ?
សម្រាប់ចម្លើយយ៉ាងខ្លីពេលនេះគឺ «មិនអាចទេ»។ ប៉ុន្តែបញ្ហាបានជះទៅលើ លទ្ធផលសិក្សាផ្នែករូបវិទ្យាកន្លងមកទៅលើព្រះអាទិត្យ។ ជាការពិតណាស់ ពេលនេះក្រុមអ្នកវិទ្យាសាស្ត្រ កំពុងចោទជាសំនួរសំខាន់ៗមួយចំនួន ទៅលើព្រះអាទិត្យថា តើដែនម៉ាញេទិចព្រះអាទិត្យ (magnetic field) ពិតជាបានដើរតួនាទី នៅក្នុងការបង្កើតបាតុភូតជះកាំរស្មី Gamma ទាំងនេះ ដែរឬមួយក៏យ៉ាងណា។
គ្រប់យ៉ាងត្រូវអរគុណដល់ឧបករណ៍អង្កេតទៅកាន់លំហអវកាស High-Altitude Water Cherenkov Observatory ឬ HAWC។ មន្ទីរអង្កេត HAWC ត្រូវបានសាងសង់រួចរាល់កាលពីឆ្នាំ ២០១៥ ដោយមានតួនាទីតាមដានភាគល្អិត (particles) នានា ដែលមានទំនាក់ទំនងជាមួយនឹង កាំរស្មីហ្គា (Gamma Rays) និងកាំរស្មីផ្សេងៗទៀតមកពីទីអវកាស (Cosmic Rays) ដែលទាំងអស់នេះ សុទ្ធតែមានផ្ទុកនូវថាមពល ប៉ុន្តែអាថ៌កំបាំងក៏នៅតែមានផងដែរ ព្រោះកាំរស្មីខ្លះបានធ្វើដំណើរមកដល់យើង ទាំងដែលយើងមិនទាន់អាចដឹងថា ពួកវាមានចំណុចចាប់ផ្តើមនៅឯណានោះឡើយ។
Nisa បានលើកឡើងថា «ក្នុងបរិបទនៃការតាមដានថាមពលដូចខាងលើនេះ តេឡេស្កូបនានានៅលើដី មិនអាចសម្លឹងទៅរកព្រះអាទិត្យដោយផ្ទាល់បានឡើយ ព្រោះថាមពលទាំងនោះ បញ្ចេញសកម្មភាពតែពេលយប់ប៉ុណ្ណោះ… ប្រតិបត្តិការរបស់យើងគឺ ២៤ម៉ោងក្នុង១សប្តាហ៍…»។
HAWC បាននិងកំពុងប្រើប្រាស់សាទែនទឹកធំៗចំនួន ៣០០ គ្រឿង ដោយក្នុងមួយធុងៗមានស្តុកទឹកបរិសុទ្ធទម្ងន់ ២០០តោន ហើយទាំងអស់នេះត្រូវបានដាក់នៅចន្លោះកំពូលភ្នំភ្លើង ២ នៅប្រទេសម៉ិចស៊ីកូ ដែលមានរយៈកម្ពស់ ៣,៩៦២ម៉ែត្រពីនីវ៉ូទឹកសមុទ្រ។ ទឹកបរិសុទ្ធទាំងអស់នេះ ពិតជាមានសារៈសំខាន់ខ្លាំងណាស់ ព្រោះភាគល្អិតផ្ទុកថាមពលកម្រិតខ្ពស់ពីទីអវកាស តែងតែវាយប្រហារលើអង្គធាតុរាវ ហើយលទ្ធផលនៃប្រតិកម្មបែបនេះ ត្រូវបានគេហៅថា Cherenkov radiation។
ប្រតិកម្ម Cherenkov radiation ត្រូវបានដាក់ឈ្មោះតាម ម្ចាស់ពានរង្វាន់ណូប៊ែលផ្នែករូបវិទ្យាមួយរូប គឺលោក Pavel Cherenkov កាលពីឆ្នាំ១៩៥៨ ដោយចង់សំដៅជាសំខាន់បំផុតទៅពន្លឺពណ៌ខៀវ ដែលកើតឡើងនៅពេលដែល ភាគល្អិតមានបន្ទុកអគ្គិសនី ផ្លាស់ទីក្នុងល្បឿនជាក់លាក់មួយ ឆ្លងកាត់ឧបករណ៍ស្តុកទឹកនោះ។
បណ្តាញ HAWC អនុញ្ញាតឲ្យក្រុមអ្នកវិទ្យាសាស្ត្រ តាមដានផ្ទៃមេឃផែនដីបាន ១៥% និង ២ ភាគ ៣ នៃកំលុងពេល ២៤ម៉ោង ដើម្បីឲ្យពួកគេស្វែងរកឬសគល់ នៃភាគល្អិតប្រកបដោយថាមពលខ្ពស់ ដែលបានសំដៅមករកភពផែនដីនេះ។
- តើកម្រិតធម្មតានៃរលកធាតុវិទ្យុសកម្មពីព្រះអាទិត្យ (Solar Radiation) មានលក្ខណៈដូចម្តេច?
បើទោះបីជាពេលកន្លងមក ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានអង្កេតឃើញ ព្រះអាទិត្យបញ្ចេញនូវកាំរស្មីហ្គាម៉ាក៏ដោយ ក៏ការតាមដានកាលពីមុនៗនោះ គឺផ្តោតសំខាន់លើព្រឹត្តការណ៍កញ្ជ្រោលៗលើព្រះអាទិត្យដូចជា ការជះចេញនូវអណ្តាតភ្លើង (Solar Flares) តែប៉ុណ្ណោះ។ ដោយឡែកការជះចេញនូវ កាំរស្មីហ្គាម៉ា ដូចជាការប្រទះឃើញថ្មីៗនេះ ហាក់ដូចជាមិនពាក់ព័ន្ធនឹង សេណារីយ៉ូបែបនោះឡើយ។
នៅក្នុងព្រះអាទិត្យផ្ទាល់ ដំណើរការនៃប្រតិកម្មនុយក្លេអ៊ែរក៏ត្រូវបានគេដឹងថា អាចបង្កើតចេញនូវរលកពន្លឺដ៏ខ្លាំងបែបនេះផងដែរ។ តែទោះជាយ៉ាងណាក៏ដោយ កាំរស្មី Gamma ដែលបង្កើតឡើងតាមរបៀបនោះមិនប្រាកដថា វាអាចចេញពីក្នុងខ្លួនព្រះអាទិត្យរួចនោះទេ កុំថាឡើយពួកវាអាចចាកចេញទៅឆ្ងាយ ហើយត្រូវបានរកឃើញដោយឧបករណ៍ ដែលមានមូលដ្ឋានលើផែនដីនោះ។
ងាកមកចំណុចនេះវិញ ជាធម្មតាអ្វីដែលយើងតែងអង្កេតឃើញ នោះគឺការជះពន្លឺចេញពីព្រះអាទិត្យជាច្រើនទម្រង់ដូចជា ប្រវែងរលកនៃពន្លឺក្រហមអាំងហ្វ្រា (Infrared wavelengths) និងប្រវែងរលកនៃពន្លឺស្វាយអ៊ុលត្រា (ultraviolet wavelengths) តាមរយៈឧបករណ៍ដើម្បីសម្លឹងរកពួកវា និងជាការពិតណាស់ វាក៏មាននូវប្រវែងរលកពន្លឺជាក់ស្តែង (visible wavelengths) ដែលភ្នែកមនុស្សយើងអាចមើលឃើញនោះផងដែរ។
សម្រាប់បរិបទនេះ ប្រវែងរលកនៃពន្លឺដែលយើងអាចមើលឃើញ (visible wavelength) ចំនួន ១ អាចផ្ទុកថាមពលតែ ១ អេឡិចត្រុង វ៉ុល (electron volt) ប៉ុណ្ណោះ។ ប៉ុន្តែសម្រាប់កាំរស្មីហ្គាម៉ា (Gamma Ray) គិតតែចំនួន ១ ដូចគ្នា ដែល Nisa និងក្រុមអ្នកស្រាវជ្រាវផ្សេងទៀតបានប្រទះឃើញ ផ្ទុយទៅវិញបានបញ្ចេញថាមពលប្រមាណ «១ទ្រីលានអេឡិចត្រុង វ៉ុល» ឯណោះ ហើយចំំនួនពួកវាពិតជាច្រើន។
នេះជាលើកដំបូងហើយ ដែលក្រុមអ្នកវិទ្យាសាស្ត្របានអង្កេតមើល កាំរស្មីហ្គាម៉ា ជាមួយនឹងថាមពល «លើសមួយពាន់លានអេឡិចត្រុង វ៉ុល» បែបនេះ គិតចាប់តាំងពីឆ្នាំ ២០១១ ដែលតេឡេស្កូបអវកាស Fermi Gamma-ray របស់អង្គការ NASA បានរកឃើញ ប៉ុន្តែសមត្ថភាពរបស់ Fermi កាលណោះ គឺមានដែនកំណត់។ Fermi បានធ្វើការស្វែងរក កាំរស្មីហ្គាម៉ា ដែលអាចមានកម្រិតថាមលជាអតិបរមា «២០០ ពាន់លានអេឡិចត្រុង វ៉ុល» ប៉ុណ្ណោះ។ ដូច្នេះក្នុងឆ្នាំ ២០១៥ ក្រុមអ្នកសិក្សាស្រាវជ្រាវថ្មី បានចាប់ផ្តើមប្រមូលទិន្នន័យអំពីកាំរស្មីហ្គាម៉ាជាមួយនឹង ឧបករណ៍ HAWC ដែលមានសមត្ថភាពខ្ពស់ឆ្ងាយជាង តេឡេស្កូបអវកាស Fermi Gamma-ray។
Nisa បានថ្លែងថា «ពួកគេបានអង្រួនយើង ហើយនិយាយថា យើងមិនបានឃើញការថយចុះទេ… អ្នកប្រហែលជាអាចឃើញអ្វីបន្ថែម… ជាអ្វីដែលនាំយើងមកដល់បច្ចុប្បន្ន…។ នេះជាលើកដំបូងហើយ ដែលយើងបានឃើញកាំរស្មីពីព្រះអាទិត្យ ជាមួយនឹងថាមពលដែលឈានដល់់កម្រិត ទ្រីលាន (ពាន់ពាន់លាន) អេឡិចត្រុង វ៉ុល… ហើយនេះហាក់មិនទាន់ជាចំនួនអតិបរមានោះទេ…។ យើងធ្លាប់គិតថា យើងបានយល់ដឹងពីផ្កាយយើងគ្រប់ជ្រុងជ្រោយហើយ ប៉ុន្តែតាមការពិត គឺមិនទាន់នោះទេ…»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣)