(បរទេស)៖ កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ ត្រូវបានចាត់ទុកថា ជាពេលដែលមនុស្សលោកលើភពផែនដី បានដឹងឮអំពីព្រឹត្តិការណ៍ជះចេញនូវ អណ្តាតភ្លើងពីស្រទាប់លើ (Corona) របស់ព្រះអាទិត្យ ឬដែលយើងស្គាល់ថា Coronal Mass Ejection (CME) នោះ ដែលមានកម្រិតខ្លាំងក្លាបំផុតកម្របានជួបប្រទះ។
ប៉ុន្តែលោកអ្នកប្រាកដជាមិនធ្លាប់បានដឹងទេថា ឧបករណ៍រហូតដល់ទៅ ៤ ឯណោះ របស់សហរដ្ឋអាមេរិក សហភាពអឺរ៉ុប និងប្រទេសចិន បានចាប់បានព្រឹត្តិការណ៍ខាងលើនេះស្ទើរតែក្នុងពេលដំណាលគ្នាជាលើកដំបូង នៅលើទីឋានចំនួន ៣ ក្នុងនោះមានដូចជាភពផែនដី (Earth), ព្រះចន្ទ (Moon/Lunar) និងភពព្រះអង្គារ (Mars) ផងដែរ, នេះបើតាមការអះអាងពីអង្គការ NASA នៃសហរដ្ឋអាមេរិក។
សម្រាប់នៅលើផែនដី ផ្កាយរណប CROPIS របស់អាល្លឺម៉ង់ (ESA) គឺជាអ្នកចាប់បាននូវព្រឹត្តិការណ៍ CME កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ នោះ ខណៈនៅលើឋានព្រះចន្ទវិញ គឺមានបេសកកម្ម ឆាងអឺទី ៤ (Changé 4) របស់ប្រទេសចិន និងផ្កាយរណប LRO របស់អង្គការ NASA (សហរដ្ឋអាមេរិក) ជាអ្នកចាប់បាន ខណៈនៅភពព្រះអង្គារ ព្រឹត្តិការណ៍ដ៏គ្រោះថ្នាក់នេះត្រូវបានផ្កាយរណប TGO (ExoMars Trace Gas Orbiter) របស់អង្គការអវកាសអឺរ៉ុប ESA និងយានស្រាវជ្រាវ Curiosity របស់អង្គការ NASA ចាប់បាន។
គួរបញ្ជាក់ថា ការចាប់បាន និងយល់ដឹងជាក់អំពី ព្រឹត្តិការណ៍ជះចេញនូវអណ្តាតភ្លើង ពីស្រទាប់ខូរ៉ូណារបស់ព្រះអាទិត្យ និងភាគល្អិតដែលត្រូវបានបាចសាច ទៅក្នុងប្រព័ន្ធព្រះអាទិត្យទាំងមូលនេះ ពិតជាចាំបាច់ខ្លាំងណាស់ សម្រាប់បេសកកម្មរបស់ក្រុមអវកាសយានិកនៅទីអវកាស ក៏ដូចជានៅទីឋាននានា (ក្រៅពីភពផែនដី) នៅក្នុងប្រព័ន្ធព្រះអាទិត្យ សម្រាប់ថ្ងៃអនាគត។
មិនដូចជានៅលើផែនដី ដែលមានស្រទាប់ម៉ាញេទិច (magnetosphere) ដែលបញ្ចេញឥទ្ធិពលពីក្នុងស្នូល និងស្រទាប់បរិយាកាសដ៏ក្រាស់ស្រោបជុំវិញភព ដើម្បីការពារអាយុជីវិតមនុស្ស សត្វ និងរុក្ខជាតិនោះទេ តែនៅទីអវកាស ឋានព្រះចន្ទ ឬសូម្បីតែភពអង្គារ គឺគ្មានរនាំងទាំងអស់នេះ ដើម្បីទប់ទល់រលកធាតុវិទ្យុសកម្មដ៏កំណាចពីព្រះអាទិត្យនោះឡើយ ប្រសិនបើមនុស្សមិនមានខែលការពារខ្លួន យកទៅជាមួយទេនោះ។
ប្រសិនបើអវកាសយានិកណាម្នាក់ ប៉ះត្រូវផ្ទាល់ជាមួយនឹងរលកធាតុវិទ្យុសកម្មក្នុងកម្រិត ដូស (dose) ខ្ពស់ពីព្រះអាទិត្យនោះ រូបគេអាចនឹងកើតមានអការៈដូចជា រមាស់ស្បែក, ក្អួតចង្អោរ, ចុះខ្សោយប្រព័ន្ធភាពសុំា និងអាចឈានដល់កើតជំងឺមហារីកថែមទៀត។ នៅក្នុងករណីធ្ងន់បន្ថែមទៀត វាក៏អាចបណ្តាលឲ្យអវកាសយានិករលាកខួរក្បាល និងខូចសរសៃប្រសាទផងដែរ។
ធាតុវិទ្យុសកម្មដែលគ្រោះថ្នាក់ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រគណនាថា ស្ថិតនៅក្នុងកម្រិតប្រហែល ៧០០មីល្លីហ្គ្រេយ៍ (milligray) ដោយ «១gray» ត្រូវបានចាត់ទុកជា «១ឯកតានៃធាតុវិទ្យុសកម្ម»។ ជាសំណាងល្អ ព្រឹត្តិការណ៍ CME កាលពីថ្ងៃទី២៨ ខែតុលា ឆ្នាំ២០២១ មានកម្រិតខ្សោយជាងនេះទៅទៀត ដោយស្ថិតក្នុងកម្រិតតែ ៣១ milligray ប៉ុណ្ណោះ។ ប៉ុន្តែព្រឹត្តិការណ៍ CME តែងកើតឡើងញឹកញាប់ និងស្ថិតក្នុងកម្រិតកាន់តែខ្លាំងក្លា នៅពេលដែលព្រះអាទិត្យខិតជិតដល់ ចំណុចកំពូលនៃវដ្តដ៏ពុះកញ្ជ្រោល «១១ឆ្នាំម្តង» របស់ខ្លួន ដែលនឹងឈានមកដល់នៅចុងឆ្នាំ២០២៣ នេះហើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃអង្គារ ទី០៨ ខែសីហា ឆ្នាំ២០២៣)