(បរទេស)៖ ជាការពិតណាស់ ក្រុមអ្នកវិទ្យាសាស្ត្រក៏មិនទាន់ច្បាស់ទាំងស្រុងនោះដែរថា ជីវិតនៅលើភពផែនដីនេះបានចាប់ផ្តើម កកើតឡើងដំបូងៗដោយរបៀបណានោះ។ ប៉ុន្តែយោងការសិក្សា និងស្រាវជ្រាវស្វែងរកភស្តុតាង កន្លងមកបានបង្ហាញយើងថា លក្ខខណ្ឌនៃសំណើម និងរំហួតទៅតាមវដ្តជាក់លាក់ ពិតជាកត្តាជំរុញឲ្យទីឋានមួយ បង្កើតបាននូវមូលដ្ឋានគ្រឹះដើម្បីឲ្យអតិសុខុមប្រាណ ឬមីក្រូជីវិតកកើតឡើងទៅរួច។
ហេតុដូច្នេះហើយទើបការរកឃើញ តំបន់មានស្នាមប្រេះលើដី ដែលជាដានយ៉ាងពិតប្រាកដនៃ «ភក់កាលពីបុរាណ» នៅលើភពព្រះអង្គារពេលនេះ កំពុងតែធ្វើឲ្យក្រុមអ្នកវិទ្យាសាស្ត្រភ្ញាក់ផ្អើល និងរំភើបចិត្តជាខ្លាំង។
នៅក្នុងអត្ថបទមួយ ចេញផ្សាយដោយកាសែត Nature នៅថ្ងៃទី០៩ ខែសីហា ឆ្នាំ២០២៣នេះ បានរៀបរាប់លម្អិតអំពីរបៀបដែលស្នាមប្រេះៗ ឬឆ្នូតៗរាង ៥ ទៅ ៦ ជ្រុងដ៏ចម្លែក (ជាដាននៃវត្តមានភក់ពីបុរាណ) ទាំងអស់ដូចក្នុងរូបភាពថ្មីនេះ កំពុងផ្តល់នូវភស្តុតាងដំបូងនៃ «វដ្តសំណើម និងរំហួត» ដែលកើតឡើងនៅលើផ្ទៃភពអង្គារ កាលពីពេលដំបូងៗ នៃអាយុកាលរបស់ភពក្រហមនេះ។
អ្នកស្រាវជ្រាវមួយរូបឈ្មោះ លោក វីលៀម រ៉េភីន (William Rapin) នៃវិទ្យាស្ថានតារាសាស្ត្រ និងភពសាស្ត្រ (IRAP) របស់ប្រទេសបារាំងបានអះអាងថា «ស្នាមប្រេះៗ ឬក្រលាឆ្នូតនៃដានភក់ពិសេសៗទាំងនេះ អាចកើតឡើងទៅបាន នៅពេលដែលតំបន់នេះទទួលរង ស្ថានភាពមានសំណើម និងរំហួត ដែលតែងតែកើតឡើងម្តងហើយម្តងទៀត… ហើយនេះក៏ប្រហែលជាបានកកើតឡើង ទៅតាមរដូវកាលផងដែរ»។
- តើយាន Curiosity បានរកឃើញអ្វីខ្លះក្នុងប្រតិបត្តិការនៅរណ្តៅ Gale Crater?
យានស្រាវជ្រាវភពអង្គារ Curiosity ដែលបានស្ថិតនៅក្នុងរណ្តៅ Gale Crater អស់រយៈពេល ១១ឆ្នាំមកហើយនោះ ពេលនេះកំពុងតែត្រួតពិនិត្យស្រទាប់ដី នៅតំបន់ទីទួល Mount Sharp (កម្ពស់ ៥គីឡូម៉ែត្រ) ដែលប្រៀបបីដូចជាភ្នំដ៏ធំមួយនៅចំកណ្តាល Gale Crater ឬកាលពីអតីតកាលវាអាចជាកោះមួយ នៅកណ្តាលបឹងស្តុកទឹក Gale ខណៈការប្រទះឃើញដាននៃភក់ និងដីប្រេះៗបែបនេះ បានកើតមានឡើងនៅពេល Curiosity ខួងថ្មមួយបណ្តុំឈ្មោះ Pontours កាលពីឆ្នាំ២០២១។
នៅក្នុងប្រតិបត្តិការខួងថ្ម Pontours នោះ Curiosity បានរកឃើញវាពោពេញទៅដោយរ៉ែប្រៃ ឬយើងអាចហៅថា «អំបិល» តែម្តងក៏បានមានឈ្មោះថា ស៊ុលផាត (sulfates)។ ខណៈរ៉ែដីឥដ្ឋ (clay) តែងតែកកើតឡើងនៅពេលមានវត្តមានទឹកនោះ រ៉ែអំបិលវិញតែងកកើតឡើង នៅក្រោយពេលទឹករីងហួតអស់។ រ៉ែសំបូរបែប និងស្ថិតក្នុងយុគសម័យកកើតខុសៗគ្នា ដែលមានពាសពេញ Gale Crater បែបនេះ ពីព្រោះតែនៅទីនោះបានឆ្លងកាត់នូវវដ្តនៃ «សំណើម និងរំហួត» ក្នុងអំលុងពេលផ្សេងៗពីគ្នាដែរ។
ហេតុដូច្នេះហើយទើបកាលពី Curiosity រកឃើញ «ដានភក់» នៅក្នុងតំបន់ Old Soaker (ជើងភ្នំ Mount Sharp) ដែលស្ថិតនៅក្នុងរណ្តៅ Gale Crater ដូចគ្នា និងនៅមុនការខួងថ្ម Pontours ខាងលើនេះទៀត យានរបស់ NASA មួយនេះបានឲ្យយើងយល់ដឹងរឿងសំខាន់មួយថា ភក់នៅតំបន់ Old Soaker បានកកើតឡើង និងស្ងួតហួតហែងទៅវិញនៅក្នុងអំលុងពេលមួយ…។
- តើចំណុចសំខាន់នៃរបបគំហើញនេះជាអ្វី?
បើតាមការពន្យល់របស់លោក William Rapin ចំណុចស្នូលនៃរបកគំហើញចំពោះ «ដានភក់» លើភពអង្គារនោះ គឺជា «ភស្តុជាក់ស្តែងដំបូង» ដែលបង្ហាញឲ្យយើងឃើញថា បរិយាកាសកាលពីអតីតកាលរបស់ភពអង្គារ ធ្លាប់ឆ្លងកាត់វត្ត «វដ្តសើម និងស្ងួត» ដូចនៅលើផែនដីយើងដែរ។ អ្វីដែលសំខាន់ជាងនេះទៅទៀតនោះ វដ្តសើម និងស្ងួតនៃភពអង្គារ ប្រហែលជាការផ្តល់ផលប្រយោជន៍សម្រាប់ ការវិវត្តន៍ឡើងនៃពពួកម៉ូលេគុល ដែលបានឈានទៅបង្កើត «ជីវិត» កាលពីអតីតកាលនោះផងក៏ថាបានដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃព្រហស្បតិ៍ ទី១០ ខែសីហា ឆ្នាំ២០២៣)