បេសកកម្មរុស្ស៊ីទៅកាន់ព្រះចន្ទពេលនេះ គឺជាលើកដំបូងក្នុងរយៈពេល «៤៧ឆ្នាំ» (មានវីដេអូ)

(បរទេស)៖ បេសកកម្មថ្មីសន្លាងដែលមានឈ្មោះថា Luna-25 របស់ប្រទេសរុស្ស៊ី បានហោះចាកចេញពីផ្ទៃផែនដីតាមរយៈគ្រាប់រ៉ុក្កែត Soyuz-2.1b កាលពីម៉ោង ៨៖១០នាទីព្រឹកថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣ (ម៉ោងនៅដែនដីភាគខាងកើតរុស្ស៊ី) នៅឯមូលដ្ឋាន វ៉ូស្តូឆ្នី ខូស្មូដ្រូម (Vostochny Cosmodrome) នៃតំបន់ Amur Region ភាគខាងកើតប្រទេសរុស្ស៊ី។

វាជាការបន្តធ្វើនូវអ្វីថ្មីទៀត ដែលមិនធ្លាប់បានកើតមានឡើង ៤៧ឆ្នាំមកហើយ បន្ទាប់ពីការនាំយកសំណាក ឬគំរូតាង (sample) ទម្ងន់ ១៧០ក្រាមពីផ្ទៃព្រះចន្ទ កាលពីឆ្នាំ១៩៧៦ ដោយបេសកកម្ម Luna-24 របស់អតីតសហភាពសូវៀត។ បេសកកម្ម Luna-25 នៅក្នុងឆ្នាំ២០២៣ នេះគឺជាគ្រឿងយន្ត (probe) សម្រាប់ស្រាវជ្រាវលើព្រះចន្ទលើកដំបូងហើយសម្រាប់រុស្ស៊ីក្នុងសម័យថ្មី ដែលត្រូវបានអភិវឌ្ឍទាំងស្រុងដោយខ្លួនឯង។

រ៉ុក្កែត Soyuz របស់រុស្ស៊ីនៅឯមូលដ្ឋានបាញ់បង្ហោះ (រូបភាពពី ROSCOSMOS)

បេសកកម្ម Luna-25 (មានតែ Lander បំពាក់ឧបករណ៍ស្រាវជ្រាវ និងពិសោធន៍ តែគ្មាន Rover ចល័តនោះទេ) ដែលមានទម្ងន់សរុប ១.៦តោន នឹងចំណាយពេល ៥ថ្ងៃ ដើម្បីចល័តពីផែនដីទៅរកព្រះចន្ទ រួចបន្ទាប់មកទៀតទើបជ្រៀតចូលក្នុងគន្លងគោចរនៃព្រះចន្ទ និងចាប់ផ្តើមដំណើរគោចរជុំវិញ satellite ធម្មជាតិរបស់ផែនដីយើងនេះ ចាប់ពីរយៈពេល ៥ថ្ងៃ – ៧ថ្ងៃបន្តទៀត ទើបក្រុមការងារលើផែនដី ចាប់ផ្តើមបញ្ជាយាននោះឲ្យចុះចតនៅទីតាំងមួយនៅក្បែរប៉ូលខាងត្បូងព្រះចន្ទ (តំបន់ក្នុងផែនការ គឺស្ថិតនៅក្បែររណ្តៅ Boguslawsky Crater ខណៈតំបន់ ទៀតក៏ស្ថិតនៅក្នុងផែនការបម្រុងផងដែរ នោះគឺ ភាគនិរតីរណ្តៅ Manzini Crater និងភាគខាងត្បូងរណ្តៅ Pentland A Crater)។

រ៉ុក្កែត Soyuz របស់រុស្ស៊ីផ្ទុកយាន Lunar-25 ហោះចេញពីមូលដ្ឋានបាញ់បង្ហោះ (រូបភាពពី ROSCOSMOS)

ប្រសិនបើដំណើរការចុះចតនៅទីតាំង ដែលត្រូវបានកំណត់ទទួលបានជោគជ័យ នោះយានស្រាវជ្រាវ Luna-25 របស់រុស្ស៊ី នឹងបំពេញភារកិច្ចនៅទីនោះ សម្រាប់រយៈពេលយ៉ាងហោចណាស់ ១ឆ្នាំ (នៃពេលវេលាលើផែនដី)។ គោលដៅចម្បងបំផុតនៃបេសកកម្ម Luna-25 គឺជាការធ្វើតេស្តបច្ចេកវិទ្យា សម្រាប់ការចុះចតលើព្រះចន្ទដោយរលូនសម្រាប់ថ្ងៃអនាគត, វិភាគធូលី-ថ្មនានាលើផ្ទៃព្រះចន្ទ និងមានគោលដៅបន្ទាប់បន្សំផ្សេងទៀត។ Lunar-25 នឹងស្វែងរកសញ្ញានៃវត្តមានទឹកកក នៅតំបន់ប៉ូលខាងត្បូងព្រះចន្ទ, សិក្សាពីផ្ទៃស្រទាប់ធូលីរបស់ព្រះចន្ទ និងការអង្កេតបរិយាកាសដ៏ស្តើងជាទីបំផុត ដែលព្រះចន្ទអាចមានផងដែរ។

បេសកកម្ម Luna-25 របស់រុស្ស៊ី (រូបភាពពី ROSCOSMOS)

គួរបញ្ជាក់ថា បេសកកម្ម Luna-25 ត្រូវបានពន្យារពេលបាញ់បង្ហោះទៅព្រះចន្ទ អស់រយៈពេល ២ឆ្នាំមកហើយ ខណៈអ្នកវិភាគមួយចំនួន ក៏ធ្លាប់បានលើកឡើងពី ភាពមិនអាចទៅរួចផងដែរ នៃការជំរុញបេសកកម្មនេះឡើងវិញ ព្រោះតែរុស្ស៊ីនៅតែកំពុងផុងខ្លួនក្នុងសង្គ្រាមនៅអ៊ុយក្រែន និងការរងទណ្ឌកម្មដ៏ធ្ងន់ធ្ងរពីអន្តរជាតិ។ តែយ៉ាងណា នៅក្នុងអំលុងការធ្វើទស្សនកិច្ច ដោយប្រធានាធិបតីរុស្ស៊ីលោក វ៉្លាឌីមៀ ពូទីន ទៅកាន់មូលដ្ឋាន Vostochny Cosmodrome កាលពីថ្ងៃខែមេសា ឆ្នាំ២០២២ លោកបានអះអាងថា «ទណ្ឌកម្មពីសហរដ្ឋអាមេរិក និងសហភាពអឺរ៉ុប មិនអាចបង្អាក់រុស្ស៊ីក្នុងការចេញប្រតិបត្តិការស្រាវជ្រាវ ទៅកាន់ទីអវកាសបានឡើយ»

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១១ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment