តើប្រហោងស «White Hole» មាន ឬក៏អាចមានដែរឬទេក្នុងចក្រវាល? (មានវីដេអូ)

(បរទេស)៖ មុននឹងបកស្រាយអំពីប្រធានបទ «ប្រហោងស ឬ White Hole» ចូរគ្រប់គ្នារំឮកអំពីមេរៀនប្រហោងខ្មៅ (Black Hole) ជាមុនសិន ព្រោះទាំង ២ នេះបើមើលទៅតាមទ្រឹស្តី គឺប្រៀបបីដូចជាបងប្អូនបង្កើតនឹងគ្នា តែមានអត្តចរិតខុសគ្នា គ្រាន់តែយោងលើភាពជាក់ស្តែង ក្រុមអ្នកវិទ្យាសាស្ត្របានរកឃើញ Black Hole នៅគ្រប់ទីកន្លែងក្នុងចក្រវាលរួចទៅហើយ តែសម្រាប់ White Hole មានតែក្នុងទ្រឹស្តីប៉ុណ្ណោះ។

Black Hole ជាវត្ថុអវកាសដែលមានកម្លាំងទំនាញ (Gravitational Force) ដ៏ខ្លាំងមហាសាល ជាងកម្លាំងនានាផ្សេងទៀតនៅក្នុងចក្រវាលនេះ។ កម្លាំងទំនាញរបស់ប្រហោងខ្មៅ អាចពុះហែកវត្ថុធាតុគ្រប់យ៉ាងដូចជាផ្កាយ ភព និងព្រះចន្ទជាដើម ឲ្យតែវត្ថុអវកាសទាំងនោះស្ថិតនៅក្នុងដែនដែលវាអាចស្រូបទាញបាន ហើយក្រោយការស្រូបកម្ទេចនោះ វត្ថុធាតុទាំងអស់នោះនឹងត្រូវបង្ហាប់ឲ្យក្លាយជាភាគល្អិត រួចនឹងត្រូវស្រូបទៅកាន់ចំណុចដ៏តូចចង្អៀតមួយនៅក្នុងខ្លួន Black Hole នោះហៅថា តំបន់ Singularity (តំបន់ចលាចលរកទីបំផុតគ្មាន ឬដែលយើងមិនទាន់ដឹងថា ក្នុងនោះជាអ្វីនៅឡើយ)

រចនាសម្ព័ន្ធនៃ Black Hole (រូបភាពពី NASA/JPL)

តំបន់នៅជុំវិញ Singularity នោះហើយគឺជាមាត់ច្រកនៃពេលវេលា (Event Horizon) ដែលមិនមាន រូបរាង ឬ ព្រំដែនជាក់លាក់នោះឡើយ តែវាជាច្រកព្រំដែនធម្មតាមួយ នៅជុំវិញចំណុច Singularity (ជាតំបន់ខ្មៅងងឹតចំកណ្តាល Black Hole) ដែលប្រកបដោយកម្លាំងទំនាញខ្លាំងមហាសាលបំផុត ដោយសូម្បីតែពន្លឺក៏មិនអាចគេចផុតពីទីនោះដែរ។ ទស្សនាវីដេអូខាងក្រោម ដើម្បីយល់ដឹងលម្អិតតែម្តងអំពី Black Hole៖

កន្លងមកយើងគ្រប់គ្នាបានដឹងហើយ អំពីរបៀបដែលចក្រវាលបង្កើត Black Hole ឡើងមក នោះគឺនៅពេលដែលផ្កាយមួយឈានទៅរកទីបញ្ចប់ (ស្លាប់) នោះម៉ាស់ និងមាឌរបស់វានឹងបាត់ស្រុតទៅកាន់ស្នូល ហើយបង្កើតចេញទៅជា Black Hole។ រូបធាតុនានា ឬក៏ធាតុវិទ្យុសកម្ម ដែលវិលវល់នៅកៀកនឹង Black Hole នោះ នឹងត្រូវស្រូបចូលដោយកម្លាំងទំនាញ មកកាន់តំបន់ Event Horizon ហើយនៅទីបំផុត សេចក្តីវិនាសរបស់វត្ថុអវកាសទាំងអស់នោះ នឹងមកដល់។

យើងអាចយល់ដឹងអំពីដំណើរនៃការកកើត Black Holes ទាំងឡាយ និងឥទ្ធិពលរបស់ពួកវាចំពោះបរិស្ថាននៅជុំវិញនោះ តាមរយៈទ្រឹស្តី Theory of General Relativity របស់លោក Albert Einstein។ មុននឹងឈានចូលដល់ទស្សនៈអំពី White Hole យើងត្រូវតែទទួលស្គាល់សិនថា ទ្រឹស្តី General Relativity មិនផ្តោតទៅលើលំហូរនៃពេលវេលានោះឡើយ។ សមីការទាំងអស់នេះ គឺទាក់ទងនឹងភាពស៊ីមេទ្រីនៃពេលវេលា (time-symmetric)…។

ដើម្បីឲ្យគ្រប់គ្នាងាយចាប់បានចំណុចនេះ យើងសូមលើកយកឧទាហរណ៍មួយនោះគឺ «ប្រសិនបើអ្នកទស្សនាខ្សែវីដេអូមួយ អំពីការកកើតនៃ Black Hole ប៉ុន្តែដោយការទស្សនាវីដេអូនោះ ជាលក្ខណៈសាឲ្យបកត្រលប់ក្រោយវិញ (reverse) នោះអ្នកនឹងមើលឃើញវត្ថុមួយកំពុងបញ្ចេញធាតុវិទ្យុសកម្ម (radiation) និងភាគល្អិត (particles) ហើយនៅទីបំផុតវានឹងផ្ទុះ រួចបង្កើតចេញជាផ្កាយពណ៌សដ៏ធ្ងន់មួយ។ នេះហើយគឺជា White Hole ហើយបើយោងតាមទ្រឹស្តី General Relativity សេណារីយ៉ូបែបនេះ គឺពិតជាការពន្យល់ដ៏ប្រសើរបំផុត»។

ជាការពិតណាស់ «ប្រហោងស» ពិតជានឹងចម្លែកជាង «ប្រហោងខ្មៅ» ទៅទៀត ដោយពពួក White Holes នឹងនៅតែមានតំបន់ Singularities នៅចំកណ្តាល និងតំបន់ Event Horizons នៅជាយៗដូចពួក Black Holes ដែរ។ បន្ថែមពីនេះ White Holes ក៏នឹងជាវត្ថុដ៏ធ្ងន់ ហើយមានឥទ្ធិពលដោយទំនាញ ទៅលើបរិស្ថានជុំវិញពួកវា ប៉ុន្តែសម្រាប់វត្ថុធាតុដែលចូលទៅកាន់ White Hole នឹងត្រូវរុញច្រានឲ្យខ្ទាតចេញ ទៅកាន់ទីអវកាសវិញ នៅក្នុងល្បឿនដែលលឿនជាងល្បឿនពន្លឺទៅទៀត (ល្បឿនពន្លឺគឺជិត ៣សែនគីឡូម៉ែត្រ ក្នុងមួយវិនាទី) ហេតុដូច្នេះវាធ្វើឲ្យមានពន្លឺពណ៌ស ចែងចាំងយ៉ាងខ្លាំងអស្ចារ្យតែម្តង។

រូបគំនូរតំណាងឲ្យ White Hole ក្នុងទ្រឹស្តី (រូបភាពពីបរទេស)

អ្វីក៏ដោយដែលស្ថិតនៅក្រៅ White Hole នឹងមិនអាចចូលទៅក្នុង White Hole បានឡើយ ព្រោះវត្ថុធាតុទាំងនោះត្រូវតែធ្វើដំណើរ ឲ្យបានលឿនជាងល្បឿននៃពន្លឺ ទើបអាចឆ្លងកាត់មកក្នុង តាមរយៈច្រកព្រំដែននៃពេលវេលា Event Horizon នោះបាន។ ប៉ុន្តែ, ហេតុអ្វីបានជាយើងមិនទាន់រកឃើញ White Hole មានវត្តមាននៅក្នុងចក្រវាលទៀត ខណៈដែលរូបមន្តគណិតវិទ្យានៃទ្រឹស្តី General Relativity បានបង្ហាញពីភាពដែលអាចទៅរួចនេះហើយនោះ?

សម្រាប់ចម្លើយ គឺ General Relativity មិនមែនត្រឹមតែជាទ្រឹស្តី ចែងអំពីពាក្យចក្រវាលតែមួយមុខនោះទេ។ ជាក់ស្តែង មែកធាងផ្នែករូបវិទ្យាផ្សេងៗទៀតរបស់ទ្រឹស្តីនេះ ក៏ប្រាប់យើងអំពីដំណើរការផ្ទៃក្នុង របស់ចក្រវាលផងដែរ ហើយក្នុងនោះក៏មានទ្រឹស្តី អេឡិចត្រូម៉ាញេទិច (electromagnetism) និងទែរម៉ូឌីណាមិច (thermodynamics) ជាដើម។ នៅក្នុងទ្រឹស្តី thermodynamics មានចែងអំពីគំនិតមួយ នោះគឺ entropy ឱកាសនៃភាពដែលអាចកើតឡើង ឬភាពចៃដន្យ ដែលចង់សំដៅដោយចំពោះទៅលើ ការគណនាអំពីភាពឥតសណ្តាប់ធ្នាប់ នៅក្នុងប្រព័ន្ធមួយ។

យើងសូមលើកយកឧទាហរណ៍មួយមកបង្ហាញ នោះគឺ «ប្រសិនបើអ្នកយក Piano មួយគ្រឿង ទម្លាក់ចូលទៅក្នុងម៉ាស៊ីនកិនកម្ទេចឈើ នោះលទ្ធផលនឹងចេញមកជាកម្ទេចកម្ទីចំរុះមួយបណ្តុំ។ កត្តានេះបានធ្វើឲ្យភាពឥតសណ្តាប់ធ្លាប់ក្នុងប្រព័ន្ធ (កម្ទេចកម្ទី) កាន់តែកើនខ្លាំងឡើង ហើយនៅទីបំផុតទ្រឹស្តី ទែរម៉ូឌីណាមិច (thermodynamics) ក៏ត្រូវបានទទួលយក…។ ប៉ុន្តែប្រសិនបើអ្នក បែរជាបោះកម្ទេចកម្ទីមួយបណ្តុំនេះ ចូលទៅកាន់ម៉ាស៊ីនកម្ទេចឈើវិញ នោះអ្នកប្រាកដជាមិនទទួលបាននូវ Piano ទាំងមូលវិញឡើយ តែបែរជាធ្វើឲ្យប្រព័ន្ធទាំងមូលកាន់តែស្មុគស្មាញខ្លាំងឡើង»។

ចំណុចសំខាន់មួយទៀតដែលត្រូវគិត នោះគឺប្រព័ន្ធដែលមានរបៀបរៀបរយខ្ពស់ គឺប្រៀបបីដូចជាជីវិត ដែលកកើតលើផែនដីនេះឯង ប៉ុន្តែជីវិតអាចកើតឡើងទៅបាន ដោយអាស្រ័យលើភាពប្រទាក់ក្រលា ឬភាពចៃដន្យដែលអាចកើតឡើងក្នុងកម្រិតខ្ពស់រវាងផែនដី និងព្រះអាទិត្យ។ ដូច្នេះងាកទៅកាន់ចំណុចខាងលើនេះវិញ អ្នកនៅតែមិនអាចទទួលបាន Piano ពីកម្ទេចកម្ទីដែលអ្នកបានបំផ្លាញ នៅក្នុងម៉ាស៊ីនកិនកម្ទេចឈើនោះឡើយ បើទោះបីជាប្រព័ន្ធរបស់អ្នក ត្រូវបានកសាងឡើងដោយរបៀបក៏ដោយ។

យើងមិនអាចគ្រាន់តែធ្វើឲ្យ Black Hole ដំណើរការបញ្ច្រាស ដើម្បីបង្កើតចេញជា White Hole តែម្តងនោះឡើយ ពីព្រោះវានឹងធ្វើឲ្យ Entropy ឬឱកាសនៃភាពដែលកើតឡើងចៃដន្យនោះ កាន់តែធ្លាក់ចុះ។ ផ្កាយនានាមិនអាចត្រូវបានបង្កើតឡើងដោយចៃដន្យ ចេញពីការផ្ទុះដ៏ធំសម្បើមនៅក្នុងទីអវកាសនោះឡើយ។ ដូច្នេះ បើទោះបីជាទ្រឹស្តី General Relativity បានចែងពីភាពមិនគួរឲ្យជឿនៃវត្តមានរបស់ ប្រហោងស នោះក៏ដោយ ក៏ទ្រឹស្តី thermodynamics វិញបានហៅគំនិតនេះថា «មិនអាចទៅរួចទាល់តែសោះ»

ហេតុដូច្នេះ វិធីតែមួយគត់ដើម្បីបង្កើត White Hole មួយចេញមកនោះ
គឺមានតែតាមរយៈ ដំណើរការដ៏កម្របំផុតមួយ នៅក្នុងអំលុងពេលដែល ចក្រវាលកកើតឡើងដំបូងៗ ដែលនឹងជួយជំរុញឲ្យប្រហោងសនេះ កកើតឡើងនៅក្នុងសំណាញ់នៃពេលវេលាអវកាស (space-time) របស់ខ្លួនវាផ្ទាល់។ តាមរយៈវិធីបែបនេះ ដំណើរនៃការកកើតប្រហោងស នឹងផ្លោះរំលងនូវឧបសគ្គ ទាក់ទងនឹងការធ្លាក់ចុះនៃ Entropy ជាមិនខាន ហើយ White Hole នោះអាចមានវត្តមាននៅទីនោះ ចាប់តាំងពីពេលវេលាដំបូងៗ។

ភាពផ្ទុយគ្នានៃ Black Hole (លើ) និង White Hole (ក្រោម) នៅក្នុងទ្រឹស្តី (Image credit: Future/Adam Smith)

តែយ៉ាងណា White Hole ក៏មានលក្ខណៈអស្ថិរភាពមិនធម្មតាដែរ។ វានឹងនៅតែស្រូបទាញ រួចហើយក៏រុញច្រានទៅវិញ នូវវត្ថុអវកាសកៀកៗវា ប៉ុន្តែគ្មានអ្វីអាចឆ្លងកាត់មាត់ច្រក Event Horizon របស់វាបានឡើយ។ នៅពេលដែលអ្វីៗទាំងអស់ សូម្បីតែហ្វូតុងទោល (single photon) (ភាគល្អិតនៃពន្លឺ) ចូលទៅជិត White Hole នោះវានឹងត្រូវវិនាស។ ប្រសិនបើភាគល្អិតចូលទៅជិត Event Horizon វានឹងមិនអាចឆ្លងកាត់ច្រកនេះបានទេ ដោយថាមពលនៃតំបន់នេះ នឹងរុញច្រានវាចេញវិញយ៉ាងឆាប់រហ័ស និងដោយកម្លាំងខ្លាំងក្លាជាទីបំផុត។ នៅទីបំផុត ភាគល្អិតនឹងប្រមូលផ្តុំថាមពលកាន់តែច្រើន ដែលវានឹងបង្កឱ្យមានការដួលរលំនៃប្រហោងស ហើយបង្កើតទៅជាប្រហោងខ្មៅ (Black Hole) វិញ ដែលនោះហើយជាចុងបញ្ចប់នៃវត្តមានរបស់ White Hole មួយនោះ។

សរុបសេចក្តីមក វាអាចត្រឹមជារឿងកំប្លែង ឬការសណ្តំចិត្តឲ្យគិតថាអាចមាន «ប្រហោងស» តែប៉ុណ្ណោះ ព្រោះវាហាក់ដូចជាមិនមែនឆ្លុះបញ្ចាំងអំពីការពិត នៅក្នុងចក្រវាលនោះឡើយ។ វាហាក់ដូចជាអារម្មណ៍នៃការខ្លាចខ្មោច ដែលកំពុងលងបន្លាចរូបមន្តគណិតវិទ្យានៃទ្រឹស្តី General Relativity ប៉ុណ្ណោះ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា) (រក្សាសិទ្ធិនៃការប្រែសម្រួល និងរៀបរៀង)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១៥ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment