ស្នាដៃថ្មី! James Webb ឆ្លុះឃើញ «កាឡាក់ស៊ីដំបូងបំផុត» ថ្មីមួយទៀត! (យល់ដឹង)

(បរទេស)៖ ទោះបីជាមើលទៅមិនមានភាពធំធេង ព្រោះត្រឹមជាបណ្តុំពន្លឺពណ៌ទឹកក្រូចមួយក្តី ក៏កាឡាក់ស៊ីនៃ ម៉ៃស៊ី (Maisie’s Galaxy) មួយនេះពិតជាបង្ហាញឲ្យយើងឃើញនូវ «ពន្លឺដ៏ក្មេងបំផុតមួយ» ក្រោយចក្រវាលទើបកកើតឡើងថ្មីថ្មោង និងស្ថិតនៅក្នុងបញ្ជីនៃកាឡាក់ស៊ីក្មេងៗបំផុត ដែលតេឡេស្កូបអវកាស James Webb បានរកឃើញ គិតចាប់តាំងពីការដំណើរការជាផ្លូវការ នៅពាក់កណ្តាលឆ្នាំ២០២២។

  • តើចំណុចអ្វីខ្លះដែលអាចឲ្យក្រុមតារាវិទូកំណត់ថា Maisie’s Galaxy ជាកាឡាក់ស៊ីដំបូងបំផុតនោះ?

ក្រុមតារាវិទូអន្តរជាតិតាមរយៈទិន្នន័យពី James Webb អាចកំណត់អំពីអាយុកាលកកើតរបស់ Maisie តាមរយៈរូបរាង, ទំហំ និងទម្រង់ពណ៌នៃពន្លឺរបស់ Maisie’s Galaxy ដើម្បីគណនារកអាយុកាលរបស់កាឡាក់ស៊ីនោះ។ ជាពិសេសឈ្មោះនេះត្រូវបានយកតាម កុមារីអាយុ ៩ឆ្នាំម្នាក់ ដែលជាកូនរបស់តារាវិទូដែលបានរកឃើញ កាឡាក់ស៊ីដំបូងមួយនេះតែម្តង។

នេះជា Maisie’s Galaxy (រូបភាពពី NASA/ESA/CSA)

ក្រុមអ្នកវិទ្យាសាស្ត្របានប្រើប្រាស់វិធីសាស្ត្រមួយហៅថា «redshift»។ ក្នុងន័យនេះ ប្រវែងរលក (wavelength) នៃពន្លឺខុសៗគ្នា ក៏តំណាងឲ្យពណ៌ដែលពួកវាបញ្ចេញមកផ្សេងៗពីគ្នាដែរ, ដូច្នេះនៅក្នុងវិសាលគមពណ៌នៃពន្លឺ ដែលយើងអាចមើលឃើញ (visible spectrum) នោះ ប្រវែងនៃរលកវែង (long-wavelength) និងមានប្រេកង់ទាប (low-freguency) របស់ពន្លឺ គឺមានពណ៌ក្រហម ខណៈប្រវែងនៃរលកខ្លី (short-wavelength) និងមានប្រេកង់ខ្ពស់ (high-freguency) របស់ពន្លឺ គឺមានពណ៌ខៀវ

នៅពេលដែលពន្លឺរត់កាន់តែឆ្ងាយ ឆ្លងកាត់រយៈកាលរាប់ពាន់ឆ្នាំទើបមកដល់យើង នោះវានឹងមានពណ៌ក្រហម ដូចអ្វីដែល James Webb ចាប់បានកន្លងមក ព្រោះតែឥទ្ធិពលរបស់វាត្រូវថមថយទៅតាមពេលវេលា។ ដូច្នេះបើទោះបីជានៅពេលដំបូងៗវាមានពន្លឺពណ៌ខៀវដ៏ខ្លាំងក្លាក្តី តែអស់រយៈកាលរាប់ពាន់លានឆ្នាំនៃការចល័ត វានឹងប្រែទៅជាពណ៌ក្រហម

បន្ថែមពីនេះ ពាក្យថាកាឡាក់ស៊ីដំបូងបំផុតនោះ គឺក្រុមអ្នកវិទ្យាសាស្ត្រចង់ផ្តោតទៅលើ កាឡាក់ស៊ីដែលបានកកើតឡើងដំបូងបំផុត ក្រោយពីបន្ទុះ Big Bang បានកើតឡើង។ Big Bang ជាបន្ទុះកកើតចក្រវាលទាំងមូលចេញមក កាលពីខ្ទង់ ១៣.៨ពាន់លានឆ្នាំមុន

ទីតាំងរបស់ Maisie’s Galaxy (រូបភាពពី NASA/ESA/CSA)

យោងតាមលទ្ធផលនៃការគណនា Maisie’s Galaxy បានកកើតឡើងនៅពេលដែលចក្រវាល ទើបមានអាយុត្រឹមតែ ៣៩០លានឆ្នាំ ដែលនេះពិតជាក្មេងខ្លាំងណាស់ បើធៀបនឹងចក្រវាលដែលកំពុងរីកមាឌឥតឈប់ឈរនោះ។ វាក៏ក្លាយជាកាឡាក់ស៊ី ក្នុងចំណោមកាឡាក់ស៊ីដំបូងៗបំផុតទាំង ដែលភ្នែកមនុស្សអាចមើលឃើញ តាមរយៈរូបភាពថតដោយតេឡេស្កូបដ៏មានឥទ្ធិពល។

ជុំវិញលទ្ធផលថ្មីសន្លាងនេះ តារាវិទូ Steven Finkelstein មកពីសាកលវិទ្យាល័យតិចសាស់ ស្ថិតនៅទីក្រុង Austin រដ្ឋតិចសាស់ សហរដ្ឋអាមេរិកបានលើកឡើងថា «កាឡាក់ស៊ីមួយនេះលេចរូបរាងឡើង នៅពេលវេលាដំបូងគ្រប់គ្រាន់ក្នុងចក្រវាល ដែលយើងប្រាកដជាមិនអាចមើលឃើញវាឡើយ បើគ្មានតេឡេស្កូបអវកាស James Webb…»។

សម្រាប់កាឡាក់ស៊ីដំបូងៗទៀតដែល James Webb បានឆ្លុះរកឃើញក្នុងរយៈពេលជាង ១ឆ្នាំមកនេះមានឈ្មោះថា CEERS 1019, CEERS 2782, និង CEERS 746 ដែលស្ថិតនៅក្នុងកម្មវិធីសិក្សាស្រាវជ្រាវមួយមានឈ្មោះថា Cosmic Evolution Early Release Science Survey (CEERS) ខណៈ Maisie’s Galaxy គឺជាសា្នដៃទីនិងចុងក្រោយគេបំផុត ព្រមទាំងពិសេសជាងគេបំផុតផងដែរ។

ចក្រវាល និងការរីកមាឌ (រូបភាពពី Forbes)
  • តើចក្រវាល (Universe) មានលក្ខណៈបែបណាទៅ នៅពេលដែលយើងឃើញ Maisie ដូចក្នុងរូបភាពនេះ?

លោក Finkelstein បានពន្យល់ថា «ចក្រវាលមានភាពសកម្មខ្លាំង នៅពេលដែលកាឡាក់ស៊ី Maisie ត្រូវបានគេមើលឃើញ ព្រោះវាមានទំហំតូចជាងសព្វថ្ងៃនេះ។ ម្យ៉ាងវិញទៀត កាឡាក់ស៊ីនានាបាននៅជិតគ្នាជាង ហើយព្រឹត្តិការណ៍រួមបញ្ចូលគ្នា (merging) ក៏កើតឡើងកាន់តែញឹកញាប់ជាងបច្ចុប្បន្ននេះដែរ។ ដោយសារតែចក្រវាលទើបមានអាយុត្រឹមតែជិត ៤០០លានឆ្នាំ នៅពេលនោះផ្កាយទាំងអស់ដែលនៅក្នុងកាឡាក់ស៊ីនិមួយៗ គឺនៅមានអាយុក្មេងៗ ដូច្នេះចក្រវាលពេលនោះពោពេញដោយផ្កាយភ្លឺៗខ្លាំង និងពណ៌ខៀវច្រើនជាង បើធៀបនឹងចក្រវាលដូចដែលយើងឃើញបច្ចុប្បន្ន»៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment