បាតុភូតចម្លែកនៅភពណិបទូន, ពពកភពនេះបាត់អស់យ៉ាងលឿន! (មានរូបភាព-វីដេអូ)

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអង្គការ NASA នៅថ្ងៃព្រហស្បតិ៍ ទី១៧ ខែសីហា ឆ្នាំ២០២៣នេះ បានប្រកាសចេញនូវលទ្ធផលអង្កេត និងសិក្សាដ៏គួរឲ្យភ្ញាក់ផ្អើលមួយចំពោះ ភពណិបទូន (Neptune) នោះគឺពពករបស់ភពឧស្ម័នយក្ស ស្ថិតនៅលេខរៀងទី ចុងគេក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ បានបាត់បង់អស់រលីងតែម្តង គិតត្រឹមឆ្នាំ២០២០។

ជាក់ស្តែងយោងតាមការអង្កេតដោយ តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA ព្រមទាំងមន្ទីរអង្កេតតារា Keck Observatory លើកោះ Hawaii ចាប់តាំងពីឆ្នាំ ១៩៩៤ មកដល់ឆ្នាំ ២០២០ ពេលដែលគេបានចាប់ផ្តើមឃើញ ភាពចម្លែកកើតមានឡើងនោះ គឺនៅអំលុងឆ្នាំ២០១៩។ នៅក្នុងការអង្កេតលើ បរិយាកាសក្នុងតំបន់ពាក់កណ្តាលរយៈទទឹង (mid-latitudes) ទាំងសងខាងរបស់ភព Neptune នោះ កម្រាស់នៃស្រទាប់ពពកភពនេះ ហាក់ដូចជាចាប់ផ្តើមថមថយ ហើយគេមិនឃើញមានវត្តមានពពក គួរឲ្យកត់សម្គាល់សោះតែម្តង។

ការអង្កេតវត្តមានពពក (ពណ៌សៗ) លើភព Neptune ដោយ Hubble (Image credit: NASA)

ជុំវិញភាពចម្លែកខាងលើនេះ តារាវិទូ Imke de Pater និងជាសាស្ត្រាចារ្យមួយរូប មកពីសាកលវិទ្យាល័យ Berkeley រដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិកបានគូសបញ្ជាក់ថា «ខ្ញុំពិតជាមានការភ្ញាក់ផ្អើលខ្លាំងណាស់ ចំពោះការបាត់វត្តមានពពកនៅលើភពណិបទូនបែបនេះ… យើងបានឃើញពពកបាត់វត្តមានយ៉ាងឆាប់រហ័ស នៅអំលុងពេលតែ ២ ទៅ ៣ខែតែប៉ុណ្ណោះ…»។

ដោយមានការចាប់អារម្មណ៍ខ្លាំង ចំពោះការប្រទះឃើញដ៏ចម្លែកនេះ សាស្ត្រាចារ្យ Pater និងអ្នកស្រាវជ្រាវផ្សេងទៀត បានសម្រេចចិត្តជីកកកាយឱ្យកាន់តែជ្រៅ ដើម្បីស្វែងរកការពិត។ ប្រាកដណាស់ ពួកគេបានរកឃើញការពន្យល់ ដ៏គួរឱ្យចាប់អារម្មណ៍មួយ នោះគឺការប្រែប្រួលនៃពពករបស់ភពណិបទូន ទំនងជាមានទំនាក់ទំនងយ៉ាងជិតស្និទ្ធជាមួយនឹងវត្តព្រះអាទិត្យ (Sun Cycle) ដែលមានរយៈពេល ១១ឆ្នាំម្តងនោះឯង។

ការនិយាយបែបនេះ មិនមែនក្រុមអ្នកវិទ្យាសាស្ត្រកំពុងទម្លាក់កំហុស ទៅកាន់ព្រះអាទិត្យនោះទេ តែវត្តប្រែប្រួលវិលជុំរបស់ព្រះអាទិត្យ ដែលកើតឡើងនៅរៀងរាល់ ១១ឆ្នាំម្តងនោះ តែងតែធ្វើឲ្យដែនម៉ាញេទិច (magnetic field) របស់ផ្កាយយើងមួយនេះផ្លាស់ប្តូរឥរិយាបថ និងជះឥទ្ធិពលទៅលើភពទាំងអស់នៅក្នុងប្រព័ន្ធ ក្នុងនោះក៏រួមមានទាំងភពផែនដីយើងនេះដែរ។

គួរបញ្ជាក់ថា យោងតាមការវិភាគទៅលើរូបភាព ដែលត្រូវបានផ្តិតយកជាបន្តបន្ទាប់ ដោយ Hubble និង Keck អស់ជិត ៣០ឆ្នាំមកនេះ គេបានសង្កតឃើញវត្តមានពពក Neptune មានការកើនឡើង និងថយចុះទៅតាមពេលវេលា និងរដូវកាល ប៉ុន្តែភាពចម្លែកបំផុតបានកើតឡើងនៅកំលុងឆ្នាំ ២០១៩ និង ២០២០ ដែលពពកបានបាត់បង់វត្តមានទាំងអស់តែម្តង។ ចលនាកញ្ជ្រោល និងការជះភាគល្អិត (Particles) ពីព្រះអាទិត្យទៅលើបរិយាកាសភពណិបទូន ត្រូវក្រុមអ្នកវិទ្យាសាស្ត្រសន្និដ្ឋានជាបឋមថា បានបង្កបាតុភូតខាងលើនេះឡើង។

រូបភាពភពណិបទូនបង្កើតឡើងដោយមានជំនួយពី AI (រូបភាពពី QAI Publishing/Universal Images Group via Getty Images)

យ៉ាងណាក៏ដោយ ឈានចូលមកដល់ឆ្នាំ ២០២០ ២០២១ ២០២២ និងការអង្កេតចុងក្រោយកាលពីខែមិថុនា ឆ្នាំ ២០២៣ វត្តមានពពកនៅភពណិបទូន ក៏មិនទាន់វិលទៅរកកម្រិតធម្មតាវិញនៅឡើយដែរ។ តេឡេស្កូបអវកាស James Webb ក៏ធ្លាប់បានអង្កេតភពណិបទូនផងដែរ ហើយវត្តមានពពកភាគច្រើន ត្រូវបានអង្កេតនៅឃើញនៅរយៈទទឹងខាងជើង (នៅកៀកប៉ូលបន្តិច)។ ក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា បរិមាណពពកភពណិបទូន នឹងវិលទៅរកភាពធម្មតាវិញ ហើយការសិក្សាអំពីប្រធានបទនេះ ក៏ជារឿងដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសុក្រ ទី១៨ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment