Breaking News៖ គួរឲ្យស្តាយ! យានរុស្ស៊ី «Luna-25» ធ្លាក់លើផ្ទៃព្រះចន្ទបាត់ទៅហើយ! (មានវីដេអូ)

(បរទេស)៖ ទីភ្នាក់ងារអវកាសរុស្ស៊ី ROSCOSMOS បានប្រកាសនៅថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣នេះថា យានស្រាវជ្រាវព្រះចន្ទ Luna-25 ដែលបានជួបបញ្ហាពេលបញ្ឆេះម៉ាស៊ីន ដើម្បីទម្លាក់ខ្លួនចូលគន្លងគោចរត្រៀមចុះចត កាលពីថ្ងៃទី១៩ ខែសីហានោះ បានធ្លាក់លើផ្ទៃព្រះចន្ទបាត់ទៅហើយ

រូបតំណាងយាន Luna-25 (រូបភាពពី ROSCOSMOS)

ROSCOSMOS ត្រូវបានសារព័ត៌មានរុស្ស៊ី TASS ដកស្រង់សេចក្តីថ្លែងការណ៍យ៉ាងដូច្នេះថា «Luna-25 របស់រុស្ស៊ីបានធ្លាក់បុកផ្ទៃព្រះចន្ទបាត់ទៅហើយ បន្ទាប់ពីយាននេះបានជ្រុលខ្លួន ចូលទៅកាន់គន្លងគោចរ ដែលមិនអាចឲ្យគេគ្រប់គ្រងបាន…»។

យាន Luna-25 ថត Selfie ពេលកំពុងធ្វើដំណើរទៅព្រះចន្ទ (រូបភាពពី ROSCOSMOS)

ROSCOSMOS បានបន្តទៀតថា «ស្ថានការណ៍មិនស្រួលបានកើតឡើង កាលពីថ្ងៃទី១៩ ខែសីហា បន្ទាប់ពីខ្លួនបានព្យាយាមបញ្ជា Luna-25 ឲ្យចុះទៅកាន់គន្លងគោចរត្រៀមចុះចត លើតំបន់ក្បែរប៉ូលខាងត្បូងព្រះចន្ទ សម្រាប់ថ្ងៃទី២១ ខែសីហានោះ។ បញ្ហាបានលេចឡើងនៅក្នុងប្រអប់បញ្ជាការស្វ័យប្រវត្តិ ដែលជាហេតុរារាំងមិនឲ្យប្រតិបត្តិការទម្លាក់ខ្លួន អាចប្រព្រឹត្តទៅបានតាមការកំណត់ជាក់លាក់ ដែលត្រូវបានធ្វើឡើងរួចហើយ…»។

រូ​បភាពកៀកព្រះចន្ទដំបូងថតដោយយាន Luna-25 (រូបភាពពី ROSCOSMOS)

គួរបញ្ជាក់ថា នេះជាលើកដំបូងហើយក្នុងរយៈពេល ៤៧ឆ្នាំ ដែលរុស្ស៊ីចេញបេសកកម្មទៅកាន់ព្រះចន្ទជាថ្មី បន្ទាប់ពីការនាំយកសំណាក ឬគំរូតាង (sample) ទម្ងន់ ១៧០ក្រាមពីផ្ទៃព្រះចន្ទ កាលពីឆ្នាំ១៩៧៦ ដោយបេសកកម្ម Luna-24 របស់អតីតសហភាពសូវៀត។ អ្វីដែលគួរឲ្យសោកស្តាយ គឺបេសកកម្មនៅក្នុងឆ្នាំ២០២៣នេះ បានទទួលបរាជ័យទាំងស្រុងហើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ TASS (ថ្ងៃអាទិត្យ ទី២០ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment