(ញូដេលី)៖ នៅវេលាម៉ោង ៦៖០៤នាទីល្ងាចថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣ ម៉ោងនៅទីក្រុងញូដេលី (ត្រូវនឹងម៉ោង ៧៖៣៤នាទីយប់ថ្ងៃដដែល ម៉ោងនៅទីក្រុងភ្នំពេញ) យានចន្ទ្រាទី៣ (Chandrayaan-3) របស់ប្រទេសឥណ្ឌា បានចុះចតដោយជោគជ័យនៅលើតំបន់មួយ… ក្បែរប៉ូលខាងត្បូងរបស់ព្រះចន្ទ។
យោងតាមអង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) នៅមុនការចុះចតដោយជោគជ័យនៃ យានចន្ទ្រាទី៣ ដែលមានផ្ទុកគ្រឿងយន្តចល័ត (Rover) មួយគ្រឿងឈ្មោះ Pragyaan នៅក្នុងនោះ បេសកកម្មរបស់ខ្លួនបានដំណើរការ នៅក្នុងស្ថានភាពយ៉ាងរលូន គិតចាប់តាំងពីការចាកចេញពីភពផែនដី នៅថ្ងៃទី១៤ ខែកក្កដា រហូតមកដល់ការជ្រៀតចូលគន្លងគោចរជុំវិញព្រះចន្ទនៅថ្ងៃទី០៥ ខែសីហា និងនៅថ្ងៃទី១៧ ខែសីហា យាននេះបានសម្រេចដោយជោគជ័យបន្ថែមទៀត នូវដំណាក់កាលត្រៀមខ្លួនចុះចតចុងក្រោយ។
ការចុះចតជោគជ័យនៅថ្ងៃទី២៣ ខែសីហា ឆ្នាំ២០២៣ នេះ បានធ្វើឲ្យឥណ្ឌាក្លាយជាប្រទេសទី ១ លើពិភពលោក ដែលអាចចុះចតលើតំបន់ប៉ូលខាងត្បូងព្រះចន្ទដ៏លំបាកនោះបាន និងប្រទេសទី ៤ លើពិភពលោក បន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក និងប្រទេសចិន នៅក្នុងការប្រើប្រាស់ប្រព័ន្ធបញ្ជាការចុះចតដោយខ្លួនឯង ដើម្បីចុះចតយានដោយជោគជ័យលើផ្ទៃព្រះចន្ទ ខណៈនាប៉ុន្មានឆ្នាំចុងក្រោយនេះ ប្រទេសខ្លាំងៗមួយចំនួនបានទទួលបរាជ័យរួចទៅហើយដូចជា ប្រទេសអ៊ីស្រាអែល និងជប៉ុនជាដើម។
នាយករដ្ឋមន្ត្រីឥណ្ឌា លោក ណារិនដ្រា ម៉ូឌី បានថ្លែងក្រោយទទួលបានភាពជោគជ័យភ្លាមៗនោះថា «ភាពជោគជ័យនេះ គឺសម្រាប់មនុស្សជាតិទាំងអស់ ហើយវានឹងជួបដល់បេសកកម្មស្រាវជ្រាវព្រះចន្ទ របស់ប្រទេសនានានៅថ្ងៃអនាគត។ ខ្ញុំមានទំនុកចិត្តថា ប្រទេសទាំងអស់ក្នុងពិភពលោក… មានសមត្ថភាពសម្រេចបាននូវភាពជោគជ័យ។ យើងទាំងអស់គ្នាអាចសម្រេចក្តីប្រាថ្នាទៅឋានព្រះចន្ទ និងលើសពីនេះទៀត»។
ការចុះចតយានដោយជោគជ័យរបស់ឥណ្ឌានេះ បានកើតមានឡើងតែ ៣ថ្ងៃប៉ុណ្ណោះ បន្ទាប់ពីរុស្ស៊ីកាលពីថ្ងៃទី២០ ខែសីហា បានប្រកាសថា យាន Luna-25 របស់ខ្លួនបានធ្លាក់បុកផ្ទៃព្រះចន្ទ ដោយសារតែកំហុសលើបច្ចេកទេសនៃការបញ្ជាយាន ឲ្យទម្លាក់ខ្លួនទៅកាន់គន្លងគោចរត្រៀមចុះចត ដែលនាំឲ្យយាននោះធ្លាក់ចូលក្នុងគន្លងគោចរខុស រួចក៏គ្រប់គ្រែងលែងបាន ខណៈរុស្ស៊ីបានប៉ុនប៉ងធ្វើការចុះចតយាន ដែលខ្លួនមិនធ្លាប់បានធ្វើក្នុងរយៈ ៤៧ឆ្នាំមកនេះ នៅថ្ងៃទី២១ ខែសីហា (មុនឥណ្ឌា ២ថ្ងៃ)។
គួរបញ្ជាក់ថា Rover ឈ្មោះ Pragyaan របស់ Chandrayaan-3 នឹងបំពេញការងារលើផ្ទៃព្រះចន្ទសម្រាប់រយៈពេលតែ ១ថ្ងៃលើនោះប៉ុណ្ណោះ (ស្មើនឹង ១៤ថ្ងៃលើផែនដី) ដើម្បីស្រាវជ្រាវនៅតំបន់ ដែលគេបានរកឃើញដានជាច្រើននៃទឹកកក កប់ក្នុងសំបកព្រះចន្ទនៅទីនោះ។ បេសកកម្មថ្មីនេះបានកើតមានឡើង បន្ទាប់ពីឥណ្ឌាបានទទួលបរាជ័យក្នុងការចុះចតរ៉ូបូត Chandrayaan-2 នៅលើផ្ទៃព្រះចន្ទកាលពីឆ្នាំ ២០១៩។
បេសកកម្ម Chandrayaan-2 កាលណោះមានតម្លៃប្រមាណ ១៤០លានដុល្លារអាមេរិក ខណៈបេសកកម្ម Chandrayaan-3 ថ្មីនេះវិញ គឺត្រូវបានចំណាយតែ ៧៤.៦លានដុល្លារប៉ុណ្ណោះ។
គួរបញ្ជាក់ថា គោលដៅចម្បងនៃបេសកកម្ម Chandrayaan-3 របស់ឥណ្ឌា នោះគឺការព្យាយាមចុះចតប្រកបដោយជោគជ័យ នៅលើផ្ទៃរបស់ព្រះចន្ទតែម្តង រួចបន្ទាប់មកទើប Rover ដំបូងរបស់ឥណ្ឌានោះ ធ្វើការសិក្សាអំពីសមាសធាតុនានានៅលើផ្ទៃព្រះចន្ទ តាមរយៈឧបករណ៍វិទ្យាសាស្ត្រនៅជាប់ខ្លួនវា។ ឥណ្ឌាក៏កំពុងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មី ដើម្បីឲ្យខ្លួនអាចបើកការស្រាវជ្រាវនៅភពដទៃ នៅថ្ងៃអនាគត ព្រមទាំងមហិច្ឆតាក្នុងការបញ្ជូនអវកាសយានិក ទៅជាន់ឋានព្រះចន្ទផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ ISRO/SPACE (ថ្ងៃពុធ ទី២៣ ខែសីហា ឆ្នាំ២០២៣)