(ញូដេលី)៖ អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) បានប្រកាសនៅថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣ ជិតមួយថ្ងៃក្រោយការចុះចតយានចន្ទ្រាទី៣ (Chandrayaan-3) បានសម្រេចនៅក្បែរប៉ូលខាងត្បូងព្រះចន្ទនោះថា គ្រឿងយន្តចល័ត (Rover) របស់បេសកកម្ម Chandrayaan-3 មានឈ្មោះថា Pragyaan ឬ ប្រាជ្ញា បានបរចុះទៅកាន់ផ្ទៃព្រះចន្ទ និងភ្លក្សរសជាតិនៅទីនោះហើយ។
ទស្សនាព័ត៌មានអំពីការចុះចត Chandrayaan-3 កាលពីម្សិលមិញ៖
សេចក្តីប្រកាសធ្វើឡើងតាមរយៈគណនី X (Twitter) ផ្លូវការរបស់ ISRO បានគូសបញ្ជាក់យ៉ាងដូច្នេះថា «Rover របស់ចន្ទ្រាទី៣ (Ch-3) បានចុះពីលើជើងទម្រ (Lander ឈ្មោះ Vikram) ហើយ កាលពីវេលាម៉ោង ១១៖០០នាទីព្រឹកថ្ងៃព្រហស្បតិ៍នេះ ម៉ោងនៅទីក្រុងញូដេលី (ត្រូវនឹងម៉ោង ១២៖៣០នាទីថ្ងៃត្រង់ ម៉ោងនៅភ្នំពេញ)។ ការធ្វើសកម្មភាពគ្រប់យ៉ាង នឹងប្រព្រឹត្តទៅតាមកាលវិភាគ ហើយប្រព័ន្ធដំណើរការគ្រប់យ៉ាងក៏ស្ថិតក្នុងភាពប្រក្រតីផងដែរ»។
គួរបញ្ជាក់ថា Pragyaan ដើរដោយថាមពលព្រះអាទិត្យ ត្រូវបានអភិវឌ្ឍឡើង ដើម្បីបំពេញបេសកកម្មស្នូលលើផ្ទៃព្រះចន្ទ សម្រាប់រយៈពេលតែ ១ថ្ងៃប៉ុណ្ណោះនៅទីនោះ ឬស្មើនឹង ១៤ថ្ងៃនៃពេលវេលាលើផែនដី។ Rover ដំបូងរបស់ឥណ្ឌានោះ ធ្វើការសិក្សាអំពីសមាសធាតុនានានៅលើផ្ទៃព្រះចន្ទ តាមរយៈឧបករណ៍វិទ្យាសាស្ត្រនៅជាប់ខ្លួនវា។ ឥណ្ឌាក៏កំពុងស្រាវជ្រាវរកបច្ចេកវិទ្យាថ្មី ដើម្បីឲ្យខ្លួនអាចបើកការស្រាវជ្រាវនៅភពដទៃ នៅថ្ងៃអនាគត ព្រមទាំងមហិច្ឆតាក្នុងការបញ្ជូនអវកាសយានិក ទៅជាន់ឋានព្រះចន្ទផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ISRO (ថ្ងៃព្រហស្បតិ៍ ទី២៤ ខែសីហា ឆ្នាំ២០២៣)