យាន Crew Dragon ផ្ទុកអវកាសយានិកអន្តរជាតិ​៤រូបចូលចតនៅ ISS ដោយជោគជ័យ (មានវីដេអូ)

(បរទេស)៖ បេសកកម្ម Crew-7 ដែលមានអវកាសយានិកអន្តរជាតិចំនួន ៤រូប ជិះនៅលើយានអវកាស Crew Dragon របស់ SpaceX នោះ បានចូលចតនៅម៉ូឌុល Harmony របស់សហរដ្ឋអាមេរិក នៅឯស្ថានីយអវកាសអន្តរជាតិ (ISS) ហើយនៅម៉ោង ៨៖១៦នាទី យប់ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣ នេះតែម្តង (គិតតាមពេលវេលានៅកម្ពុជា) ត្រូវនឹងម៉ោង ៩៖១៦នាទីព្រឹកថ្ងៃដដែល ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោនសហរដ្ឋអាមេរិក។ ទស្សនាវីដេអូបេសកកម្ម Crew-7 ចូលចតនៅស្ថានីយអវកាសអន្តរជាតិ៖

យាន Crew Dragon បានហោះចាកចេញពីផែនដីកាលពីយប់ថ្ងៃសៅរ៍ (ម៉ោងនៅកម្ពុជា) តាមរយៈគ្រាប់រ៉ុក្កែត Falcon 9 ខណៈអវកាសយានិកអន្តរជាតិទាំង ៤រូបថ្មីនេះ នឹងបំពេញបេសកកម្មនៅលើ ISS រយៈពេលកន្លះឆ្នាំ។ មេបញ្ជាការនៃបេសកកម្មលើកនេះ គឺជាអវកាសយានិក Jasmin Moghbeli មកពីអង្គការ NASA បានប្រាប់ទីបញ្ជាការរបស់ SpaceX នៅលើដី បន្ទាប់ពីការចូលចតនៅ ISS ដោយជោគជ័យនោះថា «អរគុណខ្លាំងណាស់, ខ្ញុំនឹងរំលឹកខ្លួនឯងជានិច្ចថា នេះមិនមែនជាសុបិននោះទេ»។

ក្រុមអវកាសយានិកនៃ Crew-7 (រូបភាពពី NASA/SpaceX)

នៅពេលការចូលចតបានសម្រេចនោះ ISS បានស្ថិតនៅរយៈកម្ពស់ជាង ៤២០គីឡូម៉ែត្រពីលើប្រទេសអូស្ត្រាលី ហើយគិតពីការចាកចេញពីផែនដី រហូតដល់ការចុះចតជោគជ័យនោះ Crew Dragon និងអវកាសយានិកទាំង ៤រូប បានពុះជ្រែកស្រទាប់បរិយាកាសផែនដី និងលំហអវកាសអស់រយៈពេលជិត ៣០ម៉ោងឯណោះ។

Crew-7 ចាកចេញពីផែនដីទៅរក ISS (រូបភាពពី NASA/SpaceX)

គួរបញ្ជាក់ថា មនុស្ស ៣រូបទៀតដែលស្ថិតក្នុងបេសកកម្ម Crew-7 ជាមួយអវកាសយានិក NASA ផងដែរមានដូចជា អវកាសយានិក Mogensen មកពីអង្គការអវកាសអឺរ៉ុប ESA (ជាអ្នកបញ្ជាយាន ឬពីឡុត), អវកាសយានិក Konstantin Borisov មកពីអង្គការអវកាសរុស្ស៊ី Roscosmos (ជាអ្នកជំនាញផ្នែកបេសកកម្មអវកាស) និងអវកាសយានិក Satoshi Furukawa មកពីអង្គការអវកាសជប៉ុន JAXA។ ដោយឡែកអវកាសយានិកមុនៗ នៃបេសកកម្ម Crew-6 នឹងត្រលប់មកផែនដីវិញនៅថ្ងៃទី២ ខែកញ្ញា ខាងមុខនេះ៕

Crew-7 ចូលចតបានសម្រេចនៅ ISS (រូបភាពពី NASA/SpaceX)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/SpaceX (ថ្ងៃអាទិត្យ ទី២៧ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment