ហេតុអ្វីក៏មានរូបរាងបែបនេះ? James Webb ផ្តិតរូបភាពដ៏ប្លែកអស្ចារ្យ​នៃកាឡាក់ស៊ី M51 (មានវីដេអូ)

(បរទេស)៖ ក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ទើបតែបានបញ្ចេញរូបភាពថ្មីៗ នៃកាឡាក់ស៊ី M51 ឬយើងអាចហៅឈ្មោះមួយទៀតថា NGC 5194 ដែលស្ថិតនៅចម្ងាយ ២៣លានឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។ អ្វីដែលនាំឲ្យគេចាប់អារម្មណ៍ខ្លាំងបំផុតនោះ គឺទម្រង់រាងដូចជាទឹកកួចខ្លាំង ឬគូទខ្យង (spiral) របស់ M51 ដែលមានលក្ខណៈប្លែកភ្នែក ព្រោះតែការផុសឡើងយ៉ាងច្បាស់នៃរចនាសម្ព័ន្ធដៃ (spiral arms) របស់វានោះឯង។ តើការកកើតទម្រង់បែបនេះ បណ្តាលមកពីអ្វី?

រូបទី១៖ កាលឡាក់ស៊ី M51 អង្កេតដោយ MIRI របស់ James Webb (រូបភាពពី NASA/ESA/CSA)

ក្រុមអ្នកជំនាញគ្រប់គ្រង James Webb បានអះអាងថា ឥទ្ធិពលនៃទំនាញ (gravity) របស់កាឡាក់ស៊ីជិតខាងមួយរបស់ M51 ដែលមានឈ្មោះថា NGC 5195 (ជាកាឡាក់ស៊ីមានទំហំតូចប៉ុណ្ណោះ) ត្រូវបានគេជឿថា ជាអ្នករួមចំណែកធ្វើឲ្យរូបរាង និងជាពិសេសគឺដៃ (spiral arms) របស់ M51 មានភាពលេចធ្លោ ប្លែកពីកាឡាក់ស៊ីភាគច្រើនបែបនេះ។ ការផ្តិតរូបភាព M51 ត្រូវបានធ្វើឡើងក្នុងទម្រង់ពន្លឺក្រហមអាំងហ្វ្រា (Infrared Light) ហេតុដូច្នេះភ្នែកមនុស្ស ពិតជាមិនអាចមើលឃើញបែបនេះឡើយ។

រូបទី២៖ កាលឡាក់ស៊ី M51ថតដោយ NIRCam របស់ James Webb (រូបភាពពី NASA/ESA/CSA)

សម្រាប់រូបភាពទី ១ គឺត្រូវបានផ្តិតដោយប្រើប្រាស់ ឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម ឬពាក់កណ្តាល (MIRI) ដែលនាំយើងឃើញយ៉ាងច្បាស់នូវ បណ្តុំធូលី (dust) ដ៏កញ្ជ្រោល នៅគ្រប់តំបន់របស់កាឡាក់ស៊ី M51 នេះ ខណៈរូបភាពទី ២ វិញ គឺត្រូវបានថតយកដោយកាមេរ៉ាចាប់យកពន្លឺក្រហមអាំងហ្វ្រាជិត (NIRCam) ដោយផ្តោតសំខាន់លើវត្តមានបណ្តុំឧស្ម័ន (gas) និងតំបន់កកើតផ្កាយក្មេង។ ដោយឡែករូបភាពទី ៣ វិញ គឺជាការរួមបញ្ចូលគ្នានៃសមិទ្ធផលរបស់ MIRI និង NIRCam ដែលផ្តល់គុណតម្លៃជារួមដល់ការអង្កេត និងសិក្សា នៃប្រធានបទ ២ ក្នុងពេលតែមួយ។

រូបទី៣៖ ការរួមបញ្ចូលគ្នានៃរូបរបស់ MIRI និង NIRCam (រូបភាពពី NASA/ESA/CSA)

គួរបញ្ជាក់ថា ការផ្តិតរូបភាពកាឡាក់ស៊ីខាងលើនេះ ស្ថិតនៅក្នុងកម្មវិធីមួយមានឈ្មោះថា FEAST (Feedback in Emerging extrAgalactic Star clusTers) ដែលស្ថិតក្នុងគោលដៅរុករក និងស្រាវជ្រាវទៅលើតំបន់កកើតកាឡាក់ស៊ី ស្ថិតនៅចំពោះមុខកាឡាក់ស៊ី Milky Way របស់យើង។ ការសិក្សាអំពីទម្រង់រូបរាង និងរចនាសម្ព័ន្ធផ្ទៃក្នុងនៃកាឡាក់ស៊ីទាំងនោះ ពិតជាមានប្រយោជន៍ខ្លាំង ទាំងទៅលើការសិក្សាអំពីកាឡាក់ស៊ីទូទៅផង និងដំណើរវិវត្តន៍ទៅតាមដំណាក់កាលនៃចក្រវាល (Universe) យើងនេះផង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃពុធ ទី៣០ ខែសីហា ឆ្នាំ២០២៣)

Comments (0)
Add Comment