NASA រកឃើញភព១មានរយៈពេល១ឆ្នាំដ៏យូរ, រកឃើញ Exoplanet សរុប «៥,៥០០ភព» (មានវីដេអូ)

(បរទេស)៖ អង្គការ NASA នៃសហរដ្ឋអាមេរិកបានប្រកាសថា ភពនៅប្រព័ន្ធផ្កាយដទៃ (exoplanet) ថ្មីមួយទៀត ទើបត្រូវបានគេអង្កេត និងសិក្សាឃើញថា មានរយៈពេលមួយឆ្នាំដ៏វែងបំផុតមួយ និងស្ថិតនៅចម្ងាយប្រមាណ ៨១៥ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)

ភពថ្មីនេះមានឈ្មោះថា TOI-4600c ដែលត្រូវបានរកឃើញ និងសិក្សាដោយតេឡេស្កូបអវកាស TESS របស់អង្គការ NASA ហើយភពនេះមានទំហំប្រហាក់ប្រហែលប្រហែលនឹងភពសៅរ៍ (Saturn) របស់ប្រព័ន្ធព្រះអាទិត្យយើង (ភពសៅរ៍មានអង្កត់ផ្ចិត ១១៦,៤៦០គីឡូម៉ែត្រ ខណៈភពផែនដីយើងវិញមានអង្កេតផ្ចិត ១២,៧៤២គីឡូម៉ែត្រ)។

ភពទាំង ២ ក្នុងប្រព័ន្ធផ្កាយ TOI-4600 (រូបភាពពី NASA/TESS)

TOI-4600c មិនត្រឹមតែមានរយៈពេល ១ឆ្នាំដ៏យូរនោះឡើយ តែវាក៏មានចំណុចពិសេសមួយទៀតផងដែរ នោះគឺសីតុណ្ហភាព នៃភពឧស្ម័នយក្សមួយនេះ ក៏ត្រជាក់ខ្លាំងផងដែរ។ ក្នុងចំណោមភព exoplanet ចំនួន ៣២០ភព ដែល TESS បានបញ្ជាក់វត្តមានជាផ្លូវការ គិតចាប់តាំងពីឆ្នាំ២០១៨ នោះ ភព TOI-4600c នេះគឺជាភពដែលត្រជាក់ជាងគេជាមួយនិងសីតុណ្ហភាព -78 អង្សាសេ

យោងតាមទិន្នន័យពីអង្គការ NASA មួយឆ្នាំនៃភព TOI-4600c (រយៈពេលដែលភពនេះគោចរជុំវិញផ្កាយវាមួយជុំ) គឺស្មើនឹងជាង ៤៨២ថ្ងៃ នៃពេលវេលាលើភពផែនដី (១៦ខែ)។ ដោយឡែកនៅក្នុងប្រព័ន្ធផ្កាយ TOI-4600 នោះ TESS ក៏បានរកឃើញភពមួយស្ថិតក្នុងជំពូក Warm Jupiter ឬ ភពព្រហស្បតិ៍ក្តៅល្មម ដែលមានឈ្មោះថា TOI-4600b ដោយមួយឆ្នាំរបស់វា ស្មើតែជិត ៨៣ថ្ងៃ នៃពេលវេលាលើផែនដីប៉ុណ្ណោះ។

តេឡេស្កូបអវកាស TESS (រូបភាពពី NASA)

អ្នកជំនាញនៃវិទ្យាស្ថាន MIT សហរដ្ឋអាមេរិក បានពន្យល់ថា TOI-4600 នោះ ក៏ជាប្រព័ន្ធកម្រមួយផងដែរ ព្រោះយើងមិនងាយបានឃើញប្រព័ន្ធណា ដែលមានភពធំៗរហូតដល់ទៅ នៅក្នុងប្រព័ន្ធតែមួយបែបនេះឡើយ ព្រោះបើធៀបនឹងប្រព័ន្ធផ្កាយផ្សេងៗ ដែលត្រូវបានអង្កេតកន្លងមក នៅពេលដែលយើងឃើញមានភពយក្សមួយ គោចរនៅកៀកផ្កាយមេវារួចទៅហើយនោះ យើងមិនដែលឃើញមានភពធំមួយទៀត គោចរនៅគន្លងបន្ទាប់ដូចជាប្រព័ន្ធផ្កាយ TOI-4600 មួយនេះឡើយ។

ប្រព័ន្ធផ្កាយ PSR B1257+12 (រូបភាពពីបរទេស)

ស្របពេលជាមួយគ្នានេះដែរ អង្គការ NASA និងដៃគូអន្តរជាតិ ក៏បានប្រកាសផងដែរពីការរកឃើញ exoplanet សរុបរហូតដល់ទៅ ៥,៥០២ភព គិតត្រឹមថ្ងៃទី៣១ ខែសីហា ឆ្នាំ២០២៣ រាប់ចាប់តាំងពីការរកឃើញភព exoplanet ដំបូងបំផុត កាលពីជាង ៣១ឆ្នាំមុន។ ភព exoplanet ដំបូងដែលអន្តរជាតិបានរកឃើញតាមរយៈមន្ទីរអង្កេតតារា Arecibo Observatory នៃសហរដ្ឋអាមេរិកកាលពីឆ្នាំ ១៩៩២ នោះគឺជាភពភ្លោះមួយគូឈ្មោះ Poltergeist និង Phobetor គោចរជុំវិញផ្កាយកញ្ជ្រោល (Pulsar) មានឈ្មោះថា PSR B1257+12 ចម្ងាយជាង ២,៣០០ឆ្នាំពន្លឺពីភពផែនដី ហើយក្រោយមកទៀតទើបភពតូចនៅដើមគេមួយទៀត ឈ្មោះ Draugr ត្រូវបានរកឃើញ។

ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanets) (រូបភាពពី NASA)

គួរបញ្ជាក់ថា ក្នុងចំណោមភពទាំងអស់ ដែលត្រូវបានបញ្ជាក់វត្តមានជាផ្លូវការខាងលើនេះ ប្រមាណជា ២,៦០០ភពឯណោះត្រូវបានរកឃើញដោយ តេឡេស្កូបអវកាស Kepler តែឯង គិតចាប់តាំងពីវាចាប់ផ្តើមធ្វើប្រតិបត្តិការនៅឆ្នាំ២០០៩ និងបិទបញ្ចប់ប្រតិបត្តិការនៅឆ្នាំ២០១៨។ ក្រៅពី TESS ដែលកំពុងបន្តធ្វើប្រតិបត្តិការ តេឡេស្កូបនានានៅលើដី, តេឡេស្កូបអវកាស Spitzer និងតេឡេស្កូបអវកាស Hubble ឬសូម្បីតែតេឡេស្កូបអវកាស James Webb ក៏មានមុខងារស្វែងរក និងសិក្សាអំពីភព exoplanet ផងដែរ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣)

Comments (0)
Add Comment