តារាវិទូថតបានអាចម៍ផ្កាយធ្លាក់លើ «ភពព្រហស្បតិ៍» ស្តែងនឹងភ្នែកតែម្តង (មានវីដេអូ)

(បរទេស)៖ ភពព្រហស្បតិ៍ (Jupiter) ទើបតែបានរងការវាយប្រហារដោយ អាចម៍ផ្កាយតូចមួយ ដែលបាតុភូតនោះ ត្រូវបានក្រុមតារាវិទូវ័យក្មេងរបស់ជប៉ុនប្រទះឃើញ និងផ្តិតយកសកម្មភាព តាមរយៈតេឡេស្កូប និងកាមេរ៉ាដែលពួកគេបានប្រើប្រាស់ ដើម្បីសិក្សាភពឧស្ម័នយក្សនោះ។

ទិដ្ឋភាពអាចម៍ផ្កាយធ្លាក់បុកបរិយាកាសភពព្រហស្បតិ៍ (Jupiter) បណ្តាលឲ្យឆាបឆេះ និងផ្ទុះ (រូបភាពពី MASA Planetary Log) (រូបភាពដើមពីវីដេអូ)

ហេតុការណ៍ដែលអាចចាត់ទុកថា ជារឿងធម្មតាសម្រាប់ភពព្រហស្បតិ៍ តែមិនងាយមាននរណាថតបានជាក់ស្តែងនេះ បានកើតមានឡើងកាលពីវេលាម៉ោង ១៖៤៥នាទីយប់ (ម៉ោងនៅជប៉ុន) ថ្ងៃទី២៩ ខែសីហា ឆ្នាំ២០២៣ តាមរយៈកម្មវិធី OASES (Organized Autotelescopes for Serendipitous Event Survey) និងប្រព័ន្ធ PONCOTS (Planetary Observation Camera for Optical Transient Surveys) ដែលជាកម្មវិធីសិក្សាភពមួយនៅប្រទេសជប៉ុន តាមរយៈតេឡេស្កូប និងកាមេរ៉ា។

ទិដ្ឋភាពអាចម៍ផ្កាយធ្លាក់បុកបរិយាកាសភពព្រហស្បតិ៍ (Jupiter) បណ្តាលឲ្យឆាបឆេះ និងផ្ទុះ (រូបភាពពី MASA Planetary Log) (រូបភាព RGB)

មិនត្រឹមតែក្រុមតារាវិទូជប៉ុននោះទេ ដែលបានប្រទះឃើញព្រឹត្តិការណ៍នេះ ដោយក្រុមតារាវិទូនៅទីក្រុង Zhengzhou ខេត្ត Henan ប្រទេសចិន ក៏បានប្រទះឃើញដូចគ្នានោះដែរ។

សម្រាប់គណនី X (Twitter) ដែលបានបង្ហោះរូបភាព និងវីដេអូនៃអាចម៍ផ្កាយ ឬអាចជាផ្កាយដុះកន្ទុយលើផ្ទៃពពកឧស្ម័នដ៏កញ្ជោលរបស់ Jupiter នោះមានឈ្មោះថា MASA Planetary Logទស្សនាវីដេអូខាងក្រោម៖

គួរបញ្ជាក់ថា ភពព្រហស្បតិ៍ ដែលមានកម្លាំងទំនាញ និងដែនម៉ាញេទិចដ៏ខ្លាំងអស្ចារ្យជាងគេក្នុងប្រព័ន្ធព្រះអាទិត្យ ត្រូវបានគេដឹងជានិច្ចមកថា ជាអ្នករ៉ាប់រងដ៏ធំធេងទៅលើការធ្លាក់នៃអាចម៍ផ្កាយ និងផ្កាយដុះកន្ទុយ ដែលជាខែលការពារភពនានានៅប្រព័ន្ធព្រះអាទិត្យក្នុង (Inner Solar System) ជាពិសេសផែនដីយើង ពីការវាយប្រហារដោយវត្ថុអវកាសធំៗ (អាចម៍ផ្កាយ និងផ្កាយដុះកន្ទុយ)៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី០១ ខែកញ្ញា ឆ្នាំ២០២៣)

Comments (0)
Add Comment