Boom! តារាវិទូប្រទះឃើញ «ភស្តុតាងនៃភព២បុកគ្នា» ក្នុងប្រព័ន្ធផ្កាយ១ មិនសូវឆ្ងាយពីយើង (មានវីដេអូ)

(បរទេស)៖ នេះពិតជាព្រឹត្តិការណ៍ដែលក្រុមតារាវិទូ ទើបប្រទះឃើញភស្តុតាងជាក់ស្តែង ខណៈពីមុនមានត្រឹមតែក្នុងការសន្និដ្ឋាន និងសិក្សាប៉ុណ្ណោះ។ ទោះបីជាវាមិនសាហាវដូច ប្រហោងខ្មៅពុះហែកផ្កាយ ឬតារាណឺត្រុងបុកបញ្ចូលគ្នា តែភព ២ បុកគ្នាបែបនេះ គឺជាព្រឹត្តិការណ៍ទើបត្រូវបានអង្កេតឃើញក្តៅៗ ហើយក៏ជាឧទាហរណ៍ជាក់ស្តែង ដែលនឹងផ្តល់នូវប្រយោជន៍ដល់ការសិក្សាអំពីអតីតកាល និងអនាគតនៃភពនានាក្នុងប្រព័ន្ធព្រះអាទិត្យយើងផងដែរ។

កាកសំណល់បន្សល់ទុកជាក់ស្តែង បន្ទាប់ពីករណីភព exoplanet ចំនួន ២ បុកគ្នាខាងលើនេះ ត្រូវបានអង្កេតឃើញនៅក្នុងប្រព័ន្ធផ្កាយមួយឈ្មោះ ASASSN-21qj ដែលមានលក្ខណៈស្រដៀងនឹងព្រះអាទិត្យយើង និងស្ថិតនៅចម្ងាយ ៣,៦០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) តែប្រភពខ្លះទៀតថា តែ ១,៨០០ឆ្នាំពន្លឺប៉ុណ្ណោះពីផែនដី។ យោងតាមការត្រួតពិនិត្យបឋម លើទិន្នន័យពីតេឡេស្កូបអង្គការ NASA ភពទាំង ២ ដែលបានបុកគ្នានោះ គឺជាប្រភេទភពស្រោបដោយទឹកកក និងមានទំហំធំ។

រូបតំណាងនៃភព ២ បុកគ្នា (រូបភាពពីបរទេស)

ការសិក្សារកការពិតបានកើតមានឡើង ក្រោយពីតារាវិទូមួយក្រុមបានអង្កេតមើល ផ្កាយ ASASSN-21qj ហើយប្រទះឃើញពន្លឺចម្លែកជះចេញពីប្រព័ន្ធផ្កាយនោះ នៅក្នុងទម្រង់ជាពន្លឺក្រហមអាំងហ្វ្រា (Infrared Light ដែលភ្នែកមនុស្សមើលមិនឃើញ) រហូតដល់រយៈពេល ៣ឆ្នាំក្រោយមកទៀត ទើបព្រឹត្តិការណ៍នោះបានលេចចេញជាពន្លឺ visible light (ដែលភ្នែកមនុស្ស ឬតេឡេស្កូបធម្មតាអាចមើលឃើញ) តែម្តង។ លទ្ធផលនៃការសិក្សានេះ ត្រូវបានចេញផ្សាយនៅក្នុងកាសែត Nature កាលពីថ្ងៃទី១១ ខែតុលា ឆ្នាំ២០២៣។

តារាវិទូ Matthew Kenworthy មកពីសាកលវិទ្យាល័យ Leiden ប្រទេសហូឡង់ ដែលបានចូលរួមការសិក្សាលើព្រឹត្តិការណ៍ខាងលើនេះ បានលើកឡើងថា «តារាវិទូមួយរូបតាមរយៈបណ្តាញសង្គម បានចង្អុលបង្ហាញថា ក្នុងប្រព័ន្ធផ្កាយមួយបានបញ្ចេញពន្លឺឡើង នៅក្នុងទម្រង់ infrared (ពន្លឺក្រហមអាំងហ្វ្រា) ដែលបានអូសបន្លាយក្នុងរយៈពេលជាង ១ពាន់ថ្ងៃ មុននឹងពន្លឺអុបទិកចាប់ផ្តើមជះចេញ។ និយាយដោយស្មោះត្រង់ទៅចុះ ការអង្កេតនេះពិតជាគួរឲ្យភ្ញាក់ផ្អើលណាស់សម្រាប់ខ្ញុំ»។

ក្រុមតារាវិទូអន្តរជាតិក៏បានចាប់ផ្តើម ធ្វើការអង្កេតរយៈពេល ២ឆ្នាំទៅលើផ្កាយ ASASSN-21qj ដើម្បីយល់ដឹងអំពីការប្រែប្រួលពន្លឺរបស់វា ទៅតាមដំណាក់កាល។ ក្រុមការងារលោក Matthew Kenworthy បានឈ្វេងយល់ថា ភពទឹកកកយក្ស (ice giant exoplanets) ចំនួន បានបុកគ្នា ដែលនាំឲ្យប្រព័ន្ធផ្កាយខាងលើនេះ កើនឡើងពន្លឺទ្វេដងនៅក្នុងប្រវែងរលកនៃពន្លឺក្រហមអាំងហ្វ្រា (infrared wavelengths) ហើយ ៣ឆ្នាំក្រោយមកទៀតទើបប្រព័ន្ធផ្កាយ ASASSN-21qj នោះ បានចាប់ផ្តើមបញ្ចេញពន្លឺ visible light ចេញមក។

រូបភាពតាមកុំព្យូទ័រអំពីទិដ្ឋភាពក្រោយភព ២ បុកគ្នា (រូបភាពពីបរទេស)

យោងតាមការបង្កើត គំរូម៉ូដែលមួយតាមប្រព័ន្ធកុំព្យូទ័រ ឬ វីដេអូ simulation អំពីដំណើរការនៃការបុកគ្នារបស់ភពទឹកកកខ្នាតធំទាំង ២ បានបង្ហាញឲ្យគ្រប់គ្នាឃើញថា ការបុកគ្នានោះបានបង្កឲ្យមានពន្លឺជះចេញ និងភាគល្អិតនានាខ្ទាតខ្ចាត់ខ្ចាយ។ យើងក៏អាចមើលឃើញតាមរយៈ simulation នោះផងដែរថា ក្រោយការបុកគ្នា ភពទាំង ២ ក៏ចាប់ផ្តើមរួមបញ្ចូលគ្នាក្លាយជាភពតែមួយ។ ការអង្កេតបម្រែបម្រួលគ្រប់យ៉ាងត្រូវបានធ្វើឡើងចាប់ពីឆ្នាំ២០១៨ ដល់ឆ្នាំ២០២២ និងបន្តមកដល់ឆ្នាំ២០២៣ នេះទៀត។

តាមរយៈវីដេអូ simulation នោះ ក្រុមអ្នកវិទ្យាសាស្ត្រអាចយល់ដឹងអំពី របៀបដែលពពកនៃធូលី និងកម្ទេចកម្ទីតូចធំទាំងឡាយ ដែលបានខ្ទាតចេញ និងរសាត់ទៅតំបន់ជុំវិញ ចំណុចនៃការបុកទង្គិចរវាងភពទាំង ២ ដែលនាំឲ្យមានភាពអាប់អួរក្នុងប្រព័ន្ធផ្កាយ ASASSN-21qj ទើបពន្លឺ visible light មិនអាចជះមកកាន់ផែនដីយើងបាន ហើយរហូតដល់ ៣ឆ្នាំក្រោយការបុកទង្គិច និងធូលីត្រូវបានសម្អាតនោះ ទើបយើងអាចមើលឃើញ។

លទ្ធផលអង្កេតលើប្រព័ន្ធផ្កាយ ASASSN-21qj (រូបភាពពី Nature)

ដោយឡែកតារាវិទូ Simon Lock មកពីសាកលវិទ្យាល័យ Bristol ចក្រភពអង់គ្លេស ដែលបានចូលរួមការសិក្សា អំពីព្រឹត្តិការណ៍ភពបុកគ្នានោះដែរ បានលើកឡើងថា «ការគណនា និងគំរូតាមកុំព្យូទ័ររបស់យើង បានបង្ហាញពីសីតុណ្ហភាព និងទំហំនៃព្រឹត្តិការណ៍ដែលបញ្ចេញពន្លឺនោះ ក៏ដូចជារយៈពេលដែលពន្លឺបានបន្តជះមក ហើយវាពិតជាស្របនឹងលទ្ធផលនៃការបុកគ្នា នៃភពទឹកកកទាំងពីរនោះមែន»។

គួរបញ្ជាក់ថា ក្រុមអ្នកវិទ្យាសាស្ត្រមិនទាន់បញ្ចប់ បេសកកម្មអង្កេតប្រព័ន្ធផ្កាយ ដែលបានកើតមានករណីភព ២ បុកគ្នានោះនៅឡើយទេ។ ពួកគេនឹងបន្តអង្កេត រាប់ឆ្នាំទៅមុខទៀតទៅលើចលនា និងអនាគតរបស់កម្ទេចកម្ទីទាំងឡាយ ដែលត្រូវបានបញ្ចេញដោយព្រឹត្តការណ៍នោះ តាមរយៈតេឡេស្កូបនៅលើដី ហើយក៏អាចសំណូមពរឲ្យក្រុមការងារគ្រប់គ្រងតេឡេស្កូបអវកាស James Webb របស់អង្គការ NASA ESA និង CSA ជួយគាំទ្រផងដែរ។ ក្រុមតារាវិទូបានចាត់ទុកដូចៗគ្នាថា «ការតាមដានមើលព្រឹត្តិការណ៍ដូចខាងលើនេះ ជារឿងដ៏គួរឲ្យចាប់អារម្មណ៍ណាស់»៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Nature / Live Science (ថ្ងៃអាទិត្យ ទី១៥ ខែតុលា ឆ្នាំ២០២៣)

Comments (0)
Add Comment