ភពស្រោបដោយពពកគ្រីស្តាល់? James Webb ទើបឆ្លុះមើលភព WASP-17 b ដ៏ក្តៅគគុក (មានវីដេអូ)

(បរទេស)៖ ភពនៅប្រព័ន្ធផ្កាយដទៃមួយទៀតហើយ ត្រូវបានតេឡេស្កូបអវកាស James Webb ឆ្លុះមើលបរិយាកាសយ៉ាងលម្អិត ហើយលទ្ធផលក៏ទើបតែត្រូវបានបញ្ចេញផងដែរ នៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ នេះ។ ភព exoplanet មួយនោះមានឈ្មោះថា WASP-17 b ស្ថិតនៅចម្ងាយជិត ១,០០០ឆ្នាំពន្លឺពីភពផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) ហើយកែវភ្នែកដ៏អស្ចារ្យរបស់ Webb បានមើលឃើញធាតុពិតនៃពពករបស់ភពនោះ។

យោងតាមលទ្ធផលបញ្ចេញដោយក្រុមការងារគ្រប់គ្រង James Webb ពពករបស់ភព WASP-17 b ពោពេញដោយគ្រីស្តាល់ពណ៌ខៀវតូចៗ (quartz nanocrystal clouds) ដែលផ្សំឡើងពី ស៊ីលីខុន-ឌីអុកស៊ីត (silicon dioxide ឬយើងតែហៅថា silica) ជាលើកដំបូង។ WASP-17 b មានមាឌធំជាងភពព្រហស្បតិ៍ (Jupiter) យើង ៧ដង តែម៉ាស់វិញស្មើតែពាក់កណ្តាលនៃម៉ាស់ភពឧស្ម័នយក្សនេះប៉ុណ្ណោះ។

លទ្ធផលអង្កេតបរិយាកាសភព WASP-17 b (រូបភាព និងក្រាហ្វិក៖ NASA, ESA, CSA, and Ralf Crawford (STScI). Science: David Grant (University of Bristol), Hannah R. Wakeford (University of Bristol), Nikole Lewis (Cornell University))

James Webb ក៏បានរកឃើញផងដែរថា សម្ពាធក្នុងបរិយាកាសភព WASP-17 b គឺស្មើតែ ១/១០០០ដង នៃភពផែនដីប៉ុណ្ណោះ ជាមួយនឹងសីតុណ្ហភាពជាមធ្យមរហូតដល់ទៅ ១,៥០០អង្សាសេ។ ប្រការនេះបានជម្រុញឲ្យគ្រីស្តាល់រឹងពណ៌ខៀវ (solid quartz crystals) កកើតឡើងដោយផ្ទាល់ចេញពីឧស្ម័នក្នុងបរិយាកាសភពនោះតែម្តង ហើយបង្កើតចេញទៅជាពពកនៃគ្រីស្តាល់។ តើភាគល្អិតគ្រីស្តាល់ខៀវៗទាំងនោះមានទំហំប៉ុណ្ណា?

ការសន្និដ្ឋានអំពីបរិយាកាសខាងក្រៅរបស់ភព WASP-17 b (Credit: NASA, ESA, CSA, and R. Crawford (STScI))

យោងតាមទិន្នន័យពីឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាកម្រិតពាក់កណ្តាល ឬមធ្យម (MIRI) របស់តេឡេស្កូបអវកាស James Webb ដោយមានការជួយចង្អុលបង្ហាញ យ៉ាងច្បាស់លាស់ពីលទ្ធផលអង្កេតពីមុន ដោយតេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA នោះ ក្រុមអ្នកវិទ្យាសាស្ត្របានគណនាថា ភាគល្អិតនិមួយៗនៃគ្រីស្តាល់ខៀវក្នុងពពកភព WASP-17 b អាចមានមុខកាត់ប្រមាណ ១០ណាណូម៉ែត្រ ឬស្មើនឹង ១សង់ទីម៉ែត្រ/១លាន

តេឡេស្កូបអវកាស James Webb និងរូបតំណាងភព WASP-17 b (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ខាងលើនេះគឺជាលទ្ធផលសិក្សាថ្មី ដើម្បីឈានទៅយល់ដឹងបន្ថែមអំពី អ្វីដែលអាចកើតមានឡើងនៅក្នុងពពកនៃភព exoplanet ដែលមានច្រើនប្រភេទ នៅក្នុងកាឡាក់ស៊ីយើងនេះ។ កន្លងមកនេះ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់តែឃើញវត្តមាន ម៉ាញេស្យូមស៊ីលីកាត (magnesium silicates) នៅក្នុងពពកភព exoplanet មួយចំនួនប៉ុណ្ណោះ តែមិនមែនជាគ្រីស្តាល់សុទ្ធពណ៌ខៀវ ដូចជានៅក្នុងពពកភព WASP-17 b នោះឡើយ។ ភាគល្អិតគ្រីស្តាល់ខៀវនៅក្នុងពពក WASP-17 b នោះអាចជាគ្រាប់ពូជដែលនឹងប្រមូលផ្តុំគ្នា រួចបង្កើតទៅជាគ្រាប់គ្រីស្តាល់ខ្នាតធំ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣)

Comments (0)
Add Comment