(បរទេស)៖ ស្ថិតក្រោមការបោះជំហានថ្មីរបស់មនុស្សលោក បញ្ញាសិប្បនិមិត្ត (Artificial intelligence ឬ AI) ឆាប់ៗខាងមុខនេះនឹងអាចដើរតួនាទីជំនួសមនុស្សបាន ក្នុងការស្វែងរកបាតុភូតអវកាសដ៏គួរឲ្យចាប់អារម្មណ៍បំផុតមួយប្រភេទ នោះគឺបន្ទុះស៊ូពើណូវ៉ា (supernova) ឬក៏មរណភាពនៃផ្កាយ នៅពេលដែលអាយុរបស់ពួកវា ដល់ពេលត្រូវបញ្ចប់។ តេឡេស្កូបដែលត្រូវបានបំពាក់ដោយ ម៉ាស៊ីនដំណើរការដោយ AI សុទ្ធសាធតែម្តង បានចាប់យកដោយជោគជ័យជាលើកដំបូង នូវសញ្ញានៃបន្ទុះស៊ូពើណូវ៉ាលំដាប់ថ្នាក់ទី ១ (type one-a ឬ Ia) ដែលនេះជាលើកដំបូងហើយ សម្រាប់ការប្រើកម្មវិធី AI ដើម្បីសម្រេចបានស្នាដៃប្រភេទនេះ។
កម្មវិធីរុករក Supernova ថ្មីខាងលើនេះមានឈ្មោះថា Bright Transient Survey Bot (BTSbot)។ បើតាមអ្នកបង្កើត និងគ្រប់គ្រង BTSbot កម្មវិធី AI មួយនេះមានសមត្ថភាពខ្លាំងណាស់ ក្នុងការជំរុញល្បឿននៃការវិភាគ និងចាត់លំដាប់ថ្នាក់ លើបន្ទុះស៊ូពើណូវ៉ាដែលវាបានអង្កេតឃើញ។ ការរុករក Supernova កន្លងមកនេះ គឺតម្រូវឲ្យមនុស្ស និងកុំព្យូទ័រសហការគ្នាយ៉ាងជិតស្និទ្ធ ហើយប្រើរយៈពេលយូរ, ប៉ុន្តែសម្រាប់ AI វិញ គឺកំពុងចូលខ្លួនមកសម្រួលសមីការនេះហើយ។
ក្រុមការងារអភិវឌ្ឍ BTSbot ត្រូវបានដកស្រង់សម្តីនៅថ្ងៃចន្ទ ទី១៦ ខែតុលា ឆ្នាំ២០២៣ ថា នារយៈពេល ៦ឆ្នាំចុងក្រោយនេះ តារាវិទូនានាបានប្រើប្រាស់រយៈពេល យ៉ាងហោចណាស់ ២,២០០ម៉ោង ដើម្បីតាមដានរកបេក្ខភាពនៃបន្ទុះស៊ូពើណូវ៉ា ដែលនេះពិតជាការចំណាយទាំងកម្លាំង និងពេលវេលាយ៉ាងច្រើនរបស់មនុស្ស។ សម្រាប់កម្មវិធី AI របស់ BTSbot នឹងអនុញ្ញាតមនុស្សលោក កែសម្រួលទម្លាប់នេះ ដោយការរកឃើញវត្តមាន Supernova បានយ៉ាងលឿន ហើយទុកពេលវេលាចំណេញឲ្យមនុស្ស ធ្វើការសិក្សាអំពីដើមកំណើតនៃ Supernova ទាំងនោះ និងដំណើរវិវត្តន៍របស់ពួកវាវិញ។
ជុំវិញសមិទ្ធផលថ្មីនេះ សាស្ត្រារ្យមួយរូបឈ្មោះ Adam Miller មកពីសាកលវិទ្យាល័យ Northwestern រដ្ឋអ៊ីល្លីណយស៍ (Illinois) សហរដ្ឋអាមេរិក បានលើកឡើងថា «ជាលើកដំបូងមិនធ្លាប់មាន រ៉ូបូតបំពាក់ដោយកម្មវិធី AI អាចសង្កេត, ចាត់លំដាប់ថ្នាក់ និងធ្វើប្រតិបត្តិការអមជាមួយតេឡេស្កូបផ្សេងទៀត ដើម្បីបញ្ជាក់អំពីវត្តមានរបស់ Supernova មួយជាផ្លូវការតែម្តង។ ប្រការនេះពិតជាបង្ហាញនូវជំហានដ៏សំខាន់មួយ ឈ្មោះទៅរកការកែសម្រួលយ៉ាងប្រសើរនូវដំណើរការពីមុន ដែលនឹងអនុញ្ញាតឲ្យរ៉ូបូតបំពាក់ AI រកឃើញ និងកំណត់ប្រភេទជាលើកដំបូងនូវបន្ទុះស៊ូពើណូវ៉ា»។
បន្ទុះ Supernova លំដាប់ Ia គឺជាព្រឹត្តិការណ៍អវកាសមួយដែលកើតឡើង នៅពេលមានវត្តមានស្នូលពណ៌ស ឬសំណល់ (remnant) នៃផ្កាយមួយដែលយើងហៅថា White Dwarf ស្ថិតនៅក្នុងប្រព័ន្ធផ្កាយភ្លោះមួយ ហើយឥទ្ធិពលនៃ White Dwarf នោះក៏ចាប់ផ្តើមបំបែករូបធាតុ ចេញពីផ្កាយក្នុងប្រព័ន្ធជាមួយវានោះ។ លំហូរនៃរូបធាតុពីផ្កាយជាដៃគូ ចូលមកក្នុងស្នូលផ្កាយ White Dwarf នោះហើយ ជាការធ្វើឲ្យ White Dwarf នោះពុះកញ្ជ្រោលឡើង និងផ្ទុះដែលជាការបំផ្លាញខ្លួនវាទាំងស្រុងតែម្តង។
គួរបញ្ជាក់ថា ព្រឹត្តិការណ៍ Supernova រកឃើញដោយ AI កាលពីថ្ងៃទី៥ ខែតុលា ឆ្នាំ២០២៣ នោះត្រូវបានដាក់ឈ្មោះសម្គាល់ឲ្យថា SN2023tyk និងមានចម្ងាយខ្ទង់ ៧៦០លានឆ្នាំពន្លឺពីផែនដី។ ការរកឃើញវានេះ គឺតាមរយៈឧបករណ៍រ៉ូបូត AI របស់ BTSbot មានឈ្មោះថា SED machine (SEDM) បំពាក់ជាមួយតេឡេស្កូប Zwicky Transient Facility (ZTF) នៃមន្ទីរអង្កេតតារា Palomar Observatory ស្ថិតក្នុងរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ BTSbot មិនត្រូវការមនុស្សដើម្បីជួយក្នុងកិច្ចការងារនេះឡើយ ដោយការស្វែងរកឃើញ និងកំណត់ប្រភេទនៃ supernova នោះត្រូវបានធ្វើឡើងដោយ AI របស់វា ហើយព័ត៌មានត្រូវបានចែករំលែកមកកាន់ ក្រុមតារាវិទូនៅថ្ងៃទី៧ ខែតុលា៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣)