(ញូដេលី)៖ កាលពីថ្ងៃអង្គារ ទី១៧ ខែតុលា ឆ្នាំ២០២៣ នាយករដ្ឋមន្ត្រីឥណ្ឌាលោក ណារិនដ្រា ម៉ូឌី (Narendra Modi) បានបើកកិច្ចប្រជុំពិសេសមួយតាម online ដើម្បីស្វែងយល់អំពីដំណើរការនៃបេសកកម្មអវកាស ហ្គាហ្គាន់យាន (Gaganyaan) របស់ប្រទេសអាស៊ីខាងត្បូងមួយនេះ ហើយបេសកកម្មអវកាសធំៗ ៤ នៅថ្ងៃអនាគតសម្រាប់អង្គការស្រាវជ្រាវទីអវកាសឥណ្ឌា (ISRO) ក៏ត្រូវបានបង្ហើបឲ្យគ្រប់គ្នាដឹងផងដែរ។
នាយកដ្ឋានអវកាសរបស់ប្រទេសឥណ្ឌា តាមរយៈកិច្ចប្រជុំនោះ បានផ្តោតជាសំខាន់ទៅលើ បេសកកម្ម Gaganyaan Mission ដែលជាស្ថានីយអវកាសដំបូងរបស់ឥណ្ឌាមានឈ្មោះជាផ្លូវការថា Bharatiya Antariksha Station (Indian Space Station) នឹងត្រូវសម្រេចការដំឡើងជាស្ថាពរនារយៈកម្ពស់ ៤០០គីឡូម៉ែត្រពីផ្ទៃផែនដី នៅក្នុងឆ្នាំ២០៣៥ ខណៈការរៀបចំដំណើរការបច្ចេកទេស នឹងប្រព្រឹត្តទៅចាប់ពីចុងឆ្នាំ ២០២៣ នេះតទៅហើយ។
ក្រៅពីស្ថានីយអវកាស ប្រទេសឥណ្ឌាក៏បានប្រកាសជាថ្មីទៀតដែរ អំពីបេសកកម្មនាំជនជាតិឥណ្ឌាដំបូង ទៅជាន់ដីឋានព្រះចន្ទនៅឆ្នាំ២០៤០ និងការត្រៀមបញ្ជូនយានទៅបំពេញបេសកកម្មនៅភពសុក្រ (Venus) និងភពអង្គារ (Mars) ជាដើម។ ការគូសបញ្ជាក់អំពីបេសកកម្មទាំងអស់នេះ បានកើតមានឡើងក្រោយឥណ្ឌាទទួលបានជោគជ័យយ៉ាងធំធេង លើបេសកកម្មយាន Chandrayaan-3 លើឋានព្រះចន្ទ និងបេសកកម្មអង្កេតព្រះអាទិត្យ Aditya L1។
បេសកកម្មនាំមនុស្សទៅព្រះចន្ទរបស់ឥណ្ឌា នឹងអាចសម្រេចទៅបាន ក្រោយការគូសវាសផែនទីចង្អុលផ្លូវលើព្រះចន្ទ ដោយមានជំនួសពីបេសកកម្ម Chandrayaan ព្រមទាំងការផលិតជើងទម្រសម្រាប់បាញ់បង្ហោះយាន Next Generation Launch Vehicle (NGLV) ថ្មី, ការកសាងមន្ទីរពិសោធន៍សម្រាប់មនុស្សនៅលើផ្ទៃព្រះចន្ទ និងការអភិវឌ្ឍបច្ចេកវិទ្យាពាក់ព័ន្ធមួយចំនួនទៀត។
សម្រាប់បេសកកម្មទៅកាន់ភពសុក្រ (Venus) វិញ គឺជាយានអង្កេតការដែលមានឈ្មោះថា ស៊ូក្រាយាន ១ (Shukrayaan 1) ដែលគ្រោងនឹងបាញ់បង្ហោះនៅខែធ្នូ ឆ្នាំ២០២៤ ដើម្បីស្វែងយល់អំពីទំនាក់ទំនងគ្នា រវាងធាតុវិទ្យុសកម្មពីព្រះអាទិត្យ និងផ្ទៃរបស់ភពសុក្រ។ ការសិក្សានេះនឹងជួយឲ្យក្រុមអ្នកវិទ្យាសាស្ត្រទាំងឥណ្ឌា និងអន្តរជាតិ យល់ដឹងអំពីអនាគតរបស់ផែនដី ដែលអាចនឹងជួបជោគវាសនាដូចភពសុក្រ នៅរាប់ពាន់លានឆ្នាំខាងមុខ។
ជាចុងក្រោយគឺបេសកកម្មជាថ្មីទៅកាន់ភពអង្គារ ដែលមានភាពអស្ចារ្យជាងបេសកកម្ម កាលពីឆ្នាំ២០១៣ ដែលឥណ្ឌាធ្លាប់បំពេញ។ បេសកកម្មលើកទី ២ ទៅកាន់ភពអង្គារនោះមានឈ្មោះថា ម៉ាងហ្គាលីយាន ២ (Mangalyaan 2) ដែលគ្រោងនឹងបាញ់បង្ហោះនៅឆ្នាំ ២០២៤ (មិនទាន់កំណត់ពេលជាក់លាក់)។ ខុសពី Mangalyaan 1 ដែលមានតែផ្កាយរណប (orbiter) ដើម្បីគោចរជុំវិញភពអង្គារ សម្រាប់ Mangalyaan 2 វិញគឺមានយានចុះចត (lander) លើផ្ទៃភពអង្គារ ដើម្បីធ្វើការស្រាវជ្រាវដូចនឹងអ្វីដែលចិន និងសហរដ្ឋអាមេរិកសម្រេចបានជាច្រើនឆ្នាំមកនេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ ISRO (ថ្ងៃពុធ ទី១៨ ខែតុលា ឆ្នាំ២០២៣)