យានអវកាស Parker Solar «បង្កើតកំណត់ត្រាថ្មី» ដោយចល័តបានលឿនបំផុត ទៅកៀកនឹងព្រះអាទិត្យ!

(បរទេស)៖ នេះមិនមែនជាលើកទី ឡើយដែល Parker Solar Probe បានបំបែកកំណត់ត្រាចាស់នៃយានផ្សេងៗទៀត តែវាជាកម្រិតល្បឿនដ៏លឿនបំផុតថ្មីមួយទៀត ដែលយានអវកាសរបស់អង្គការ NASA មួយនេះអាចសម្រេចបានក្នុងនាមជាគ្រឿងយន្តអវកាស ដែលត្រូវបានអភិវឌ្ឍឡើងដោយដៃមនុស្ស។

រូប 3D នៃយាន Parker ហោះកៀកនឹងព្រះអាទិត្យ (រូបភាពពី NASA)

កាលពីថ្ងៃទី២៧ ខែកញ្ញា ឆ្នាំ២០២៣ យាន Parker Solar បានចល័តនៅក្នុងល្បឿនរហូតដល់ «៦៣៥,២៦៦គីឡូម៉ែត្រក្នុង១ម៉ោង» ជាកម្រិតល្បឿនលឿនបំផុតថ្មីមួយដែលវាអាចសម្រេចបាន ក្រោមជំនួយពីការហោះកាត់ (flyby) ភពសុក្រ (Venus) កាលពីថ្ងៃទី២១ ខែសីហា ដើម្បីប្រើកម្លាំងទំនាញភពនេះ ជាចម្ពាមជំរុញល្បឿនទៅមុខ។

រូបភាព 3D យាន Parker ហោះកាត់ភពសុក្រ (រូបភាពពី NASA)

នៅក្នុងពេលជាមួយគ្នានោះ Parker Solar Probe ក៏បានបង្កើតកំណត់ត្រាថ្មីមួយប្រភេទទៀតដែរ នោះគឺការហោះទៅកៀកនឹងព្រះអាទិត្យបំផុតប្រមាណ ៧.២៦លានគីឡូម៉ែត្រ ជាកំណត់ត្រាដែលមិនធ្លាប់មានយានណា អាចធ្វើបានឡើយពីមុនមក, នេះបើតាមការគូសបញ្ជាក់ពីអង្គការ NASA។ ខាងក្រោមជាវីដេអូកាលពីជាង៤ខែមុន៖

គួរបញ្ជាក់ថា យានដដែលរបស់អង្គការ NASA នេះក៏ធ្លាប់បានបំបែកកំណត់ត្រា ម្តងរួចមកហើយដែរកាលពីអំលុងខែវិច្ឆិកា ឆ្នាំ២០២១ ក្នុងនាមជាគ្រឿងយន្តបង្កើតឡើងដោយមនុស្ស ដែលអាចចល័តក្នុងទីអវកាស បានយ៉ាងលឿនបំផុតរហូតដល់ទៅ ៥៨៦,៨៦៣គីឡូម៉ែត្រក្នុង១ម៉ោង

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA / Live Science (ថ្ងៃព្រហស្បតិ៍ ទី១៩ ខែតុលា ឆ្នាំ២០២៣)

Comments (0)
Add Comment