(បរទេស)៖ គ្រឿងយន្ត Dragonfly ឬយើងអាចហៅថា «កន្ទុំរុយទីតាន» ដែលអង្គការ NASA មានគម្រោងបញ្ជូនទៅកាន់ព្រះចន្ទទីតាន (Titan) របស់ភពសៅរ៍ (Saturn) នោះ ត្រូវបានពន្យារពេលបាញ់បញ្ជូនហើយ នោះគឺរហូតដល់ខែកក្កដា ឆ្នាំ២០២៨ ឯណោះ។ ការពន្យារពេលនេះ បានកើតមានឡើងដោយសារតែភាពមិនច្បាស់លាស់ នៃថវិកាទ្រទ្រង់អង្គការ NASA ពីសំណាក់សភាសហរដ្ឋអាមេរិក ខណៈគម្រោងមួយចំនួនទៀត (ដូចជា Artemis 3 នៅចុងឆ្នាំ២០២៥) ក៏អាចនឹងត្រូវពន្យារពេលដូចគ្នា។
កន្ទុំរុយទីតាន ដើរដោយថាមពលនុយក្លេអ៊ែរ និងមានទំហំប៉ុនកូនរថយន្តមួយគ្រឿងនេះ បានឆ្លងចូលដំណាក់កាលអភិវឌ្ឍទី ៣ (Phase C) រួចទៅហើយ ដោយវានឹងត្រូវបញ្ជូនទៅកាន់ទីឋានដ៏ត្រជាក់ ដល់ទៅដករាប់រយអង្សាសេ ដែលមានបរិយាកាសក្រាស់ជាងបរិយាកាសផែនដីដល់ទៅ ៥០% នោះគឺព្រះចន្ទធំបំផុតទី ២ ប្រចាំនៅក្នុងប្រព័ន្ធព្រះអាទិត្យយើង។ Dragonfly នឹងហោះហើរពីលើដី និងវាលខ្សាច់របស់ព្រះចន្ទ Titan ដោយត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា អាចពោពេញដោយម៉ូលេគុលអូកានិច (Organic Molecules) ផងដែរ។
ជុំវិញសេចក្តីប្រកាសអំពីការពន្យារពេល ដែលត្រូវបានធ្វើឡើងនៅដើមខែធ្នូ ឆ្នាំ២០២៣ នេះតែម្តង លោកស្រី Nicola Fox ប្រធានបេសកកម្មវិទ្យាសាស្ត្ររបស់ NASA និងជាជំនួយការរបស់ ប្រធានអង្គការអវកាសអាមេរិកមួយនេះ បានលើកឡើងថា «ក្រុមការងារអភិវឌ្ឍ Dragonfly បានទទួលជោគជ័យក្នុងការជំនះអភិវឌ្ឍកម្មវិធី និងបច្ចេកវិទ្យាចម្បងៗមួយចំនួនរួចទៅហើយ ដើម្បីបើកទំព័រនៃការស្វែងរកបច្ចេកវិទ្យាថ្មីៗ ទុកប្រើប្រាស់នៅលើ Titan។ ខ្ញុំមានមោទនភាពចំពោះក្រុមការងារនេះ និងសមត្ថភាពរបស់ពួកគេ ក្នុងការបន្តបោះជំហានទៅមុខ នៃបេសកកម្មនេះ»។
គួរបញ្ជាក់ថា អង្គការ NASA បានគ្រោងបញ្ជូន Dragonfly ចេញពីផែនដីនៅឆ្នាំ២០២៧ និងអាចទៅដល់ព្រះចន្ទ Titan នៅឆ្នាំ២០៣៤។ ដូច្នេះមានន័យថា NASA បានសម្រេចពន្យារពេល ១ឆ្នាំ ទៅលើគម្រោងនេះ។ Dragonfly នឹងក្លាយជាគ្រឿងយន្តដំបូង ដែលមានសមត្ថភាពហោះហើរ ក្នុងបរិយាកាសដ៏ក្រាស់ និងត្រជាក់បំផុតរបស់ព្រះចន្ទមួយ នៅក្នុងប្រព័ន្ធព្រះអាទិត្យយើងនេះ។ Dragonfly មានបំពាក់នូវឧបករណ៍ស្រាវជ្រាវ ដើម្បីអង្កេតរកសមាសធាតុគីមីផ្សំនានា ដែលមាននៅលើ Titan និងលទ្ធភាពដែលអាចទ្រទ្រង់ជីវិត នៃព្រះចន្ទធំបំផុតរបស់ភពសៅរ៍មួយនេះ។
យោងតាមសេចក្តីរាយការណ៍ពីសារព័ត៌មាន Space News ឲ្យដឹងថា ការសម្រេចចិត្តរបស់ NASA ខាងលើនេះ បានកើតមានឡើងបន្ទាប់ពីព្រឹទ្ធសភាសហរដ្ឋអាមេរិក កាលពីចុងខែវិច្ឆិកា ឆ្នាំ២០២៣ បានសម្រេចផ្តល់ថវិកាទ្រទ្រង់តែ ៣២៧.៧លានដុល្លារប៉ុណ្ណោះ សម្រាប់ឆ្នាំសារពើពន្ធ ២០២៤ ទៅដល់គម្រោងអភិវឌ្ឍ Dragonfly ខណៈអង្គការអវកាសនេះត្រូវការរហូតដល់ទៅខ្ទង់ ១ពាន់លានដុល្លារឯណោះ ដើម្បីសម្រេចឲ្យបានជាលទ្ធផល៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសៅរ៍ ទី០២ ខែធ្នូ ឆ្នាំ២០២៣)