(បរទេស)៖ ថ្ងៃនេះ ព្រះអាទិត្យគឺជាប្រភពនៃទំនាញ និងថាមពលដ៏សំខាន់បំផុត នៅក្នុងប្រព័ន្ធទាំងមូល។ ប៉ុន្តែនៅថ្ងៃមុខ ព្រះអាទិត្យក៏នឹងបំផ្លាញភពផែនដីដែរ។ នៅពេលដែលផ្កាយស្ថិតនៅចំកណ្តាលនៃប្រព័ន្ធមួយនេះ ឈានដល់អាយុកាលកំណត់ នោះវានឹងអូសដុំមូលពណ៌ខៀវរបស់យើង ឲ្យឈានទៅរកទីបញ្ចប់ហើយ។
ដូច្នេះ, តើផែនដីនៅមានរយៈពេលប៉ុន្មានទៀត រហូតដល់ភពនេះត្រូវព្រះអាទិត្យលេបយក? ពេលវេលានៃការរលំរលាយផែនដីទាំងមូល ដែលអាចព្យាករទុកជាមុននោះគឺ៖ «ជាច្រើនពាន់លានឆ្នាំទៀត គិតចាប់ពីពេលនេះតទៅ»។ ប៉ុន្តែជីវិតនានានៅលើផែនដី នឹងផុតរលត់ទាំងអស់ លឿនជាងថ្ងៃរលំរលាយនៃផែនដីនេះទៅទៀត។
ក្រុមអ្នកជំនាញបានប្រាប់សារព័ត៌មាន Live Science ថា ផែនដីនឹងក្លាយជាទីឋានដែលសារពាង្គកាយភាគច្រើនបំផុត មិនអាចស៊ូទ្រាំរស់នៅបាន នៅក្នុងរយៈពេលប្រហែល «១.៣ពាន់លានឆ្នាំទៀត» ដោយសារតែដំណើរវិវត្តន៍ តាមធម្មជាតិរបស់ផ្កាយដូចជាព្រះអាទិត្យយើងនេះ។ សម្រាប់មនុស្សលោក និងជីវៈចំរុះរាប់មិនអស់ផ្សេងទៀត នឹងឈានទៅរកការផុតពូជ នៅក្នុងរយៈពេល ២ ទៅ ៣ សតវត្សរ៍ខាងមុខ ប្រសិនបើល្បឿននៃការប្រែប្រួលអាកាសធាតុ ដែលបង្កើតឡើងដោយមនុស្សបច្ចុប្បន្ន មិនត្រូវបានកាត់បន្ថយ ឬប្រសិនបើមានសង្គ្រាមនុយក្លេអ៊ែរកើតឡើង។
- ទីបញ្ចប់នៃព្រះអាទិត្យ (The death of the sun)
ពិតប្រាកដណាស់ ជោគវាសនាចុងក្រោយរបស់ភពផែនដី គឺផ្សាភ្ជាប់ទាំងស្រុងទៅលើ ដំណើរវិវត្តន៍របស់ព្រះអាទិត្យនឹងឯង។
លោក រ៉ាវី ខូពប៉ារ៉ាពូ (Ravi Kopparapu) អ្នកជំនាញផ្នែកភពសាស្ត្រមកពីមជ្ឈមណ្ឌល Goddard Space Flight Center របស់អង្គការ NASA បានប្រាប់ Live Science ថា «ភពផែនដីមានពេលប្រហែល ៤.៥ ពាន់លានឆ្នាំទៀត មុននឹងព្រះអាទិត្យក្លាយជាតារាយក្សក្រហម ហើយបន្ទាប់មកក៏អាចលេបត្របាក់ភពនេះបាត់»។
យោងតាមទីភ្នាក់ងារអវកាសអ៊ឺរ៉ុប (ESA) បានឱ្យដឹងថា «ដំណើរទៅរកតារាយក្សក្រហម តែងតែកើតឡើងនៅពេលតារានោះឈានដល់ ដំណាក់កាលចុងក្រោយនៃអាយុកាលរបស់ខ្លួន។ វាជាពេលដែលផ្កាយអស់ឧស្ម័ន អ៊ីដ្រូសែន (Hydrogen) ដើម្បីទ្រទ្រង់ចំហេះនុយក្លេអ៊ែរ (Nuclear Fusion) របស់វាតទៅទៀត ហើយនៅទីបំផុតផ្កាយនោះ នឹងឈានទៅរកទីបញ្ចប់»។
នៅពេលដែលលែងមានការដុតចំហេះ នោះគឺដល់ពេលទំនាញ (Gravity) របស់ព្រះអាទិត្យបញ្ចេញឥទ្ធិពលវិញម្តង។ ស្នូលអេលីយ៉ូម (Helium) នឹងចាប់ផ្តើមត្រូវបង្ហាប់ក្រោមឥទ្ធិពលទំនាញ ដែលនឹងនាំឲ្យសីតុណ្ហភាពនៅត្រង់ស្នូលកើនឡើង។ ការកើនឡើងនៃកម្តៅស្នូល នឹងជំរុញឱ្យស្រទាប់ប្លាស្មាខាងក្រៅ (outer plasma layer) នៃព្រះអាទិត្យរីកមាឌកាន់តែធំ។ លោក Kopparapu បានពន្យល់ថា «ព្រះអាទិត្យនឹងរីកមាឌធំឡើងៗ រហូតដល់ស្រទាប់ក្រៅសន្ធឹងដល់គន្លងគោចរ នៃភពផែនដី (បច្ចុប្បន្នមានចម្ងាយជាមធ្យម ១៥០លានគីឡូម៉ែត្រ ពីព្រះអាទិត្យ)»។
- ជោគវាសនានៃភពផែនដី (Earth’s fate)
នៅរយៈពេល ៤.៥ពាន់លានឆ្នាំទៀត ផែនដីប្រហែលជានឹងមិនមានវត្តមានទៀតឡើយ ឬប្រសិនបើនៅមាន ក៏មិនមែនជាភពផែនដីដូចពេលនេះដែរ។ សម្រាប់សេណារីយ៉ូអាក្រក់បំផុត គឺស្រទាប់ក្រៅ (Outer Layer) របស់ព្រះអាទិត្យ នឹងរីកមកដល់គន្លងគោចរភពផែនដី។ កំលុងពេលនៃការរីកមាឌរបស់ព្រះអាទិត្យ កម្តៅដ៏មហាសាលនឹងធ្វើឲ្យផែនដី វិវត្តទៅជាភពនរកបន្តិចម្តងៗ តាមរយៈការបំពុះមហាសមុទ្រឲ្យរីងហួតអស់ និងបរិយាកាសរលាយសាបសូន្យពីភពផែនដី។
តែយ៉ាងណា មនុស្ស រុក្ខជាតិ និងសត្វផ្សេងៗទៀត មិនចាំបាច់រង់ចាំដល់រយៈពេល ៤.៥ពាន់លានឆ្នាំទៀត ដើម្បីផុតពូជទាំងអស់នោះឡើយ។ យោងតាមការគណនាលើ កម្រិតនៃការកើនឡើងកម្តៅផែនដី, អត្រាកំណើនប្រជាជន, អត្រាចុះថយនៃធនធានធម្មជាតិជារួម និងបូករួមទាំងឥទ្ធិពលពីព្រះអាទិត្យផងដែរ ក្រុមអ្នកវិទ្យាសាស្ត្រអាចផ្តល់ចម្លើយមួយថា «១.៣ពាន់លានឆ្នាំទៀត មនុស្សមិនអាចរស់នៅក្នុងបរិស្ថាននៃភពផែនដីបានទៀតឡើយ ព្រោះកម្តៅនឹងកើនឡើង ហើយសំណើមនឹងធ្លាក់ចុះ»។
នៅរយៈពេល ២ពាន់លានឆ្នាំខាងមុខ មហាសមុទ្រនានាទំនងជានឹងរីងហួតជាបណ្តើរៗ ព្រោះតែកម្តៅពីព្រះអាទិត្យ នឹងកើនឡើងលើសពីកម្រិតបច្ចុប្បន្នដល់ទៅ ២០%។ លោក Kopparapu បានអះអាងថា ជីវិតមួយចំនួនដែលរស់នៅបាតសមុទ្រជ្រៅ ទំនងជានៅអាចរក្សាពូជអំបូររបស់ពួកវាបាននៅពេលនោះ តែសម្រាប់មនុស្សលោក គឺប្រាកដជានឹងមិនអាចឡើយ។
ដោយឡែកអ្នកជំនាញមួយរូបទៀតឈ្មោះ Rodolfo Garcia ដែលកំពុងសិក្សាថ្នាក់បណ្ឌិតផ្នែកតារាសាស្ត្រ និងជីវសាស្ត្រ នៅសាកលវិទ្យាល័យ Washington សហរដ្ឋអាមេរិក បានប្រាប់សារព័ត៌មាន Live Science ផងដែរថា «មនុស្ស និងជីវិតដ៏ស្មុគស្មាញផ្សេងៗទៀត ពិតជាងាយរងគ្រោះបំផុត។ ឧទាហរណ៍៖ បើមនុស្សកើតមានអការៈគ្រុនក្តៅ ដែលកើនលើសកម្តៅធម្មតាលើរាងកាយត្រឹមតែ ៣.៣អង្សាសេប៉ុណ្ណោះ នោះអាចគំរាមកំហែងដល់អាយុជីវិតបាន»។
សម្រាប់សីតុណ្ហភាព នៅតំបន់មួយចំនួនលើភពផែនដី បានឈានដល់កម្រិតសំណើមជាមធ្យម ៣២អង្សារសេ រួចទៅហើយ ហើយបើយោងលើគំរូអាកាសធាតុបានព្យាករណ៍ថា ៣៥អង្សាសេ នឹងក្លាយជាកម្រិតធម្មតា នៅក្នុងតំបន់ដូចជា មជ្ឈិមបូព៌ា នៅចុងសតវត្សរ៍ទី ២១ នេះ។ លោក Kopparapu បានថ្លែងទៀតថា «នៅក្នុងកម្រិតសីតុណ្ហភាពនោះ សត្វពាហនៈដែលបែកញើស គឺមិនខុសអ្វីពីការចម្អិនខ្លួនពួកវាទាំងរស់នោះឡើយ»។
សរុបមក ឧស្ម័នផ្ទះកញ្ចក់ដែលយើងកំពុងបន្តបញ្ចេញឥតឈប់ឈរលើផែនដី គឺជាការបង្កើតភាពគំរាមកំហែងដល់ជីវិតគ្រប់យ៉ាងនៅលើផែនដីពីមួយថ្ងៃទៅមួយថ្ងៃ ហើយប្រាកដណាស់ ជីវិតលើផែនដីនឹងត្រូវវិនាស មុនពេលព្រះអាទិត្យលេបត្របាក់ផែនដីទៅទៀត។ លោក Kopparapu បាននិយាយជាចុងក្រោយថា «ប្រសិនបើយើងនិយាយអំពីស្ថានភាពនៃជីវិតមនុស្ស តែត្រឹមខ្ទង់រយឆ្នាំទៅខាងមុខនោះ នឹងជារឿងគួរឱ្យចាប់អារម្មណ៍…»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Live Science (ថ្ងៃពុធ ទី១៣ ខែធ្នូ ឆ្នាំ២០២៣)