(បរទេស)៖ លទ្ធផលសិក្សាមួយរៀបចំឡើងដោយអង្គការ NASA នៃសហរដ្ឋអាមេរិក បាននិងកំពុងពង្រីកការស្វែងរកជីវិតនៅប្រព័ន្ធផ្កាយដទៃ ក្រៅពីព្រះអាទិត្យរបស់យើង ហើយលទ្ធផលជាបឋមបង្ហាញថា ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) យ៉ាងហោចណាស់ចំនួន ១៧ភព អាចកំពុងលាក់មហាសមុទ្រទឹករាវ ដែលជាជម្រកដ៏សំខាន់សម្រាប់ជីវិតនៅក្រោមសំបកទឹកកក ដែលគ្របពីលើមហាសមុទ្រទាំងនោះ។
ទឹករាវពីមហាសមុទ្រទាំងនេះ អាចផុសឡើងមកស្រទាប់លើម្ដងម្កាល តាមរយៈស្រទាប់ទឹកកកដែលប្រេះ នៅក្នុងទម្រង់ជាទឹកផុស ឬកំសួលទឹកផុសឡើង (ជាភាសាអង់គ្លេសហៅថា Geyser)។ ក្រុមវិទ្យាសាស្ត្របានគណនាបរិមាណ នៃការផុសឡើងរបស់ geyser នៅលើភព Exoplanets ទាំងនោះ ហើយនេះជាលើកដំបូង ដែលការប៉ាន់ស្មានប្រភេទនេះត្រូវបានធ្វើឡើង។ ពួកគេបានកំណត់យកភព Exoplanet ចំនួន ២ ដែលនៅជិតប្រព័ន្ធព្រះអាទិត្យយើងគ្រប់គ្រាន់ នាំឲ្យសញ្ញានៃការផុសទាំងនេះ អាចត្រូវបានគេសង្កេតឃើញដោយប្រើតេឡេស្កូប។
ការសិក្សារកភពអេលៀនកន្លងមក បាននិងកំពុងផ្តោតសំខាន់ខ្លាំងបំផុត តែទៅលើភពស្ថិតនៅក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone) ជាគន្លងគោចរដែលស្ថិតក្នុងគម្លាតសមរម្យពីផ្កាយមួយ ដែលធ្វើឲ្យភព Exoplanet ស្ថិតនៅតំបន់មានទឹករាវ (មហាសមុទ្រ) លើផ្ទៃសំបក (Crust), បរិយាកាសសមរម្យ និងអាចឲ្យជីវិតកកើតឡើង ដូចភពផែនដីជាឧទាហរណ៍ស្រាប់នោះប៉ុណ្ណោះ។ តែសម្រាប់ភពស្ថិតនៅឆ្ងាយពី Habitable Zone បន្តិច ដែលមានផ្ទៃសំបកគ្របដណ្តប់ដោយទឹកកកនោះ ក៏អាចមានសមុទ្រទឹករាវ នៅក្រោមសំបកនោះដែរ ដូចព្រះចន្ទ អ៊ែនសេឡាដឹស (Enceladus) នៃភពសៅរ៍ (Saturn) និង យូរ៉ូប៉ា (Europa) នៃភពព្រហស្បតិ៍ (Jupiter) ជាឧទាហរណ៍ស្រាប់។
ប្រសិនបើនៅក្រោមសំបកទឹកកក នៃភព Exoplanet ណាមួយមានមហាសមុទ្រទឹករាវ ហើយនៅក្នុងមហាសមុទ្រនោះមាននូវធាតុ និងសមាសធាតុផ្សំ ដែលទ្រទ្រង់ដល់ម៉ូលេគុលជីវៈដ៏ត្រឹមត្រូវ នោះប្រាកដណាស់មហាសមុទ្រលើភពទាំងអស់នោះ ពិតជាជង្រុកនៃជីវិត។ ឧទាហរណ៍ជាក់ស្តែងនៅលើភពផែនដី ទោះបីជានៅក្នុងបាតសមុទ្រជ្រៅៗដ៏ងងឹតសូន្យសុង ក៏អាចមានជីវិត ឬសារពាង្គកាយសំបូរបែបជាច្រើននៅទីនោះដែរ ឲ្យតែមានវត្តមានរន្ធភ្នំភ្លើងបាតសមុទ្រ (hydrothermal vents) ជះកម្តៅ និងសារធាតុចិញ្ចឹមផ្សេងៗចេញពីផ្ទៃក្នុងភព មកកាន់តំបន់បាតសមុទ្រនោះ។
ជុំវិញលទ្ធផលសិក្សាថ្មីនេះ បណ្ឌិត Lynnae Quick មកពីមជ្ឈមណ្ឌល Goddard Space Flight របស់អង្គការ NASA បានគូសបញ្ជាក់ថា «យោងតាមលទ្ធផលនៃការវិភាគរបស់យើង ភពចំនួន ១៧ នោះអាចមានទឹកកកស្រោបជុំវិញខ្លួនពួកវា ប៉ុន្តែនៅពេលផ្ទៃក្នុងរបស់ពួកវា ទទួលបានកម្តៅគ្រប់គ្រាន់ តាមរយៈចលនាបំភាយកម្តៅពីក្នុងស្នូលជាប្រចាំ និងកម្លាំងជំនោរ (tidal force) នៅពេលភពទាំងនោះគោចរជុំវិញផ្កាយមេរបស់ពួកវា នោះសមុទ្រទឹករាវ អាចមានវត្តមាននៅក្រោមសំបកទឹកកកភពទាំងនោះបាន…»។
បើតាមក្រុមអ្នកវិទ្យាសាស្ត្រ NASA ភព Exoplanet ទាំង ១៧ នោះ សុទ្ធតែមានទំហំប្រហាក់ប្រហែលនឹងផែនដីយើង ប៉ុន្តែមានដង់ស៊ីតេទាបជាងផែនដី ដោយប្រការនេះមានន័យថា ភពទាំងនោះទំនងជាមានវត្តមានទឹក និងទឹកកកច្រើន ខណៈផែនដីយើងវិញ គឺសំបូរដោយថ្ម និងធាតុរឹងផ្សេងៗទៀត។ ប្រាកដណាស់ យោងតាមលទ្ធផលសិក្សាថ្មីនេះ ភពទាំង ១៧ នោះមានសីតុណ្ហភាពត្រជាក់ជាងផែនដី ហើយក៏មិនស្ថិតនៅក្នុងតំបន់ Habitable Zone ដូចដែលយើងបានយល់ដឹងនោះដែរ។
បណ្ឌិត Lynnae Quick ដែលបានបង្ហាញលទ្ធផលសិក្សាថ្មីនេះ នៅក្នុងកិច្ចប្រជុំនៃសហគមន៍ជីវភូមិសាស្ត្រ (AGU) នៃសហរដ្ឋអាមេរិក កាលពីថ្ងៃទី១២ ខែធ្នូ ឆ្នាំ២០២៣ ក៏បានបញ្ជាក់ផងដែរថា Proxima Centauri b ដែលជាភព Exoplanet ស្ថិតនៅក្បែរផែនដីយើងបំផុត ក្នុងចម្ងាយប្រមាណ ៤.២ឆ្នាំពន្លឺ និងមួយទៀត គឺភព LHS 1140 b ស្ថិតនៅចម្ងាយ ៤៩ឆ្នាំពន្លឺ ក៏ត្រូវបានលើកយកមកធ្វើជាឧទាហរណ៍ផងដែរ។ ក្នុងចំណោមភពទាំង ២ នេះ ប្រសិនបើភពណាមួយមានលាក់មហាសមុទ្រទឹករាវ នៅក្រោមសំបកទឹកកករបស់វានោះ ការផុសចេញនូវកំសួលទឹក តាមរយៈសំបកទឹកកកដែលប្រេះជុំវិញភពនោះ នឹងមានកម្រិតខ្លាំងជាងការផុសកំសួលទឹកលើព្រះចន្ទ Europa រហូតដល់ទៅរាប់រយដងឯណោះ ហើយនៅក្នុងករណីដែលភពនោះគោចរកាត់ពន្លឺផ្កាយមេពួកវា ចំពោះពេលមាន Geyser ផុសឡើង នោះតេឡេស្កូបលើផែនដីយើងនឹងអាចចាប់បាន។
គួរបញ្ជាក់ថា លទ្ធផលសិក្សាថ្មីនេះបានយកព្រះចន្ទ Europa និង Enceladus ធ្វើជាគំរូ ដោយក្នុងនោះក្រុមអ្នកវិទ្យាសាស្ត្របានគិតគូរជាសំខាន់ទៅលើសមាសធាតុផ្សំលើផ្ទៃសំបក និងស្រទាប់ក្នុងៗនៃព្រះចន្ទទាំង ២ ព្រមទាំងកម្រិតចំណាំងផ្លាតនៃផ្ទៃទីឋានទាំង ២ ជាមួយនឹងពន្លឺព្រះអាទិត្យ ព្រមទាំងកម្រិតកម្តៅដែលផលិតចេញពីផ្ទៃក្នុងរបស់ព្រះចន្ទទាំង ២ នោះ នៅពេលដែលវាគោចរជុំវិញភពរបស់ពួកវា ដែលបង្កើតឲ្យមាននូវកម្លាំងជំនោរ (Tidal Force) ទៅវិញទៅមក។ ទាំង Europa និង Enceladus សុទ្ធតែមានកំសួលទឹក (geyser ឬ water vapor) ផុសចេញមកក្រៅដូចគ្នា ដែលទិដ្ឋភាពបែបនេះសម្រាប់ភព Exoplanet ទាំង ១៧ ក្នុងការសន្និដ្ឋាននោះ ក៏អាចកើតមានឡើងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃចន្ទ ទី១៨ ខែធ្នូ ឆ្នាំ២០២៣)