(បរទេស)៖ SpaceX ទំនងជាកំពុងសិក្សានៅឡើយ ក្រោយទទួលបានការស្នើពីអង្គការ NASA ឲ្យពិនិត្យមើលលទ្ធភាពក្នុងកែច្នៃ នាវាអវកាស (Starship) ទៅជាស្ថានីយអវកាសអន្តរជាតិ (ISS) ថ្មី ព្រោះតែនាវានេះមានភាពទំនើប ធំធេង និងសំបូរបែបរួចជាស្រេចទៅហើយ ទាំងទៅលើការប្រើប្រាស់ជាមន្ទីរពិសោធន៍នៅទីអវកាសផង និងដើម្បីបម្រើវិស័យពាណិជ្ជកម្មផង។
ការណែនាំរបស់ NASA ទៅកាន់ SpaceX តាំងតែពីអំលុងពាក់កណ្តាលឆ្នាំ ២០២៣ នោះ បានកើតមានឡើងស្របពេលដែល សកម្មភាពនានានៅក្នុងគន្លងគោចរកម្រិតទាប (Low Earth Orbit ឬ LEO) កាន់តែមានភាពមមាញឹកខ្លាំង ទាំងទៅលើវិស័យសេដ្ឋកិច្ច និងការប្រកួតប្រជែងបច្ចេកវិទ្យាគ្នារវាងមហាអំណាចធំៗ ខណៈបច្ចុប្បន្ន ចិនត្រូវបានគេមើលឃើញថា កំពុងតែរីកដុះដាលលឿនបំផុត នៅក្នុងវិស័យទាំងអស់នេះ។ ដោយឡែកស្ថានីយអវកាសអន្តរជាតិ (ISS) បច្ចុប្បន្ន ត្រូវបានគេរំពឹងទុកថា នឹងបញ្ចប់បេសកកម្មជាស្ថាពរ នៅអំលុងឆ្នាំ២០៣០ ហើយអង្គការ NASA ក៏កំពុងត្រៀមខ្លួន សម្រាប់ការរុសរើផងដែរ។
ក្នុងរយៈពេល ២ ទៅ ៣ឆ្នាំចុងក្រោយនេះ អង្គការ NASA បានចុះកិច្ចព្រមព្រៀងជាមួយនឹង ក្រុមហ៊ុនមួយចំនួនដូចជា Blue Origin, Northrop Grumman និង Nanoracks ក្នុងទំហំទឹកប្រាក់ ៤១៥លានដុល្លារ ដើម្បីគាំទ្រការអភិវឌ្ឍន៍សំណង់អវកាសថ្មី ដោយនឹងក្លាយជាស្ថានីយបម្រើដល់វិស័យពាណិជ្ជកម្ម។ ដោយឡែកកិច្ចព្រមព្រៀងមួយរវាង NASA ជាមួយនឹង Axiom Space នឹងអនុញ្ញាតឲ្យក្រុមហ៊ុនឯកជននេះ ចូលចតយានរបស់ខ្លួននៅស្ថានីយ ISS ថ្មីបាន ខណៈយាន (hardware) របស់ Axiom នឹងស្ថិតនៅឯករាជ្យ ឬជាគ្រឿងយន្តអវកាសគោចរដោយសេរី ដើម្បីរង់ចាំបម្រើសេវានៅទីអវកាសតែម្តង។
គួរបញ្ជាក់ថា នៅក្នុងបទបង្ហាញដំបូងអំពីរចនាសម្ព័ន្ធរបស់ Starship កាលពីឆ្នាំ ២០១៦ ស្ថាបនិក SpaceX លោក Elon Musk បានលើកឡើងថា Starship ជាប្រព័ន្ធដឹកជញ្ជូនទំនិញ និងមនុស្សទៅកាន់ភពអង្គារ ហើយបើនិយាយពីការផ្ទុកមនុស្សវិញ គឺវាដឹកបានរហូតដល់ទៅ ១០០នាក់ឯណោះ បូករួមទាំងទំនិញខ្លះៗលើនោះថែមទៀត។ លោក Musk ក៏បានបញ្ជាក់ផងដែរ ពីការប្រើប្រាស់ Starship ជាស្ថានីយឈប់សំចត (Transit) ដើម្បីផ្ទេរទំនិញ និងមនុស្សនៅក្នុងគន្លងគោចរភពផែនដី។
លទ្ធផលនៃការធ្វើតេស្ត Starship កន្លងមកនេះ ជាពិសេសកាលពីថ្ងៃទី១៨ ខែវិច្ឆិកា ឆ្នាំ២០២៣ បាននិងកំពុងធ្វើឲ្យគោលដៅនៃការដឹកជញ្ជូនទំនិញ និងមនុស្សឆ្លងកាត់ទីអវកាស ដោយប្រើប្រាស់យានដ៏ធំមហាសាលនេះ ជិតក្លាយជាការពិត។ Starship ដាក់បន្តុបលើរ៉ុក្កែត Super Heavy មានកម្ពស់សរុប ១២០ម៉ែត្រ ខណៈអង្កត់ផ្ចិត ៩ម៉ែត្ររបស់ Starship អាចឲ្យនាវាអវកាសនេះ ផ្ទុកទម្ងន់បានរហូតដល់ ១៥០តោន ឡើងទៅកាន់ទីអវកាស។
យ៉ាងណាក៏ដោយ ការចង់ប្រើប្រាស់ Starship ត្រឹមជាគំនិតដែលត្រូវបានសរសេរទុកលើក្រដាសសិនប៉ុណ្ណោះ ប៉ុន្តែគំនិតនេះអាចលេចឡើងបាន ព្រោះតែទំហំដ៏ធំធេង និងអត្ថប្រយោជន៍ដែល Starship អាចនឹងត្រូវយកទៅប្រើប្រាស់ ប្រសិនគេច្នៃវាទៅជាស្ថានីយអវកាសអន្តរជាតិនោះ។ យើងមិនត្រូវភ្លេចទេថា មន្ទីរពិសោធន៍របស់ NASA នៅលើស្ថានីយអវកាស ISS បច្ចុប្បន្ន មានអង្កត់ផ្ចិតមិនដល់ ៧ម៉ែត្រនោះឡើយ ដូច្នេះ Starship ដែលមានមុខកាត់ ៩ម៉ែត្រ និងប្រវែងរហូតដល់ទៅ ៥០ម៉ែត្រ ពិតជាអ្វីមួយដែលមិនគួរត្រូវបានមើលរំលងនោះឡើយ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃពុធ ទី២០ ខែធ្នូ ឆ្នាំ២០២៣)