តើភពណាខ្លះបង្ហាញខ្លួនច្បាស់ជាងគេ នៅលើផ្ទៃមេឃផែនដីក្នុងឆ្នាំ២០២៤? (មានវីដេអូ)

(បរទេស)៖ ការបង្ហាញវត្តមានរបស់ភពមួយចំនួន ដែលអាចមើលឃើញដោយភ្នែកទទេ តែងតែមិនមានជារឿងងាយស្រួលកត់ចំណាំ សម្រាប់មនុស្សគ្រប់គ្នានោះឡើយ។ ពេលខ្លះយើងគិតថា ពន្លឺនោះជាអាចផ្កាយ តែតាមការពិតទៅវាជាភពសោះ ហើយពេលខ្លះទៀតយើងគិតថា វាអាចជាភព តែតាមការពិតវាជាផ្កាយទៅវិញ។ របៀបកត់ចំណាំដ៏ល្អគឺ ពន្លឺរបស់ភពលើផ្ទៃមេឃពេលរាត្រីគឺនឹងនរ និងពន្លឺរបស់ផ្កាយវិញគឺព្រិចៗ ហើយប្រសិនបើចង់ឲ្យមានភាពច្បាស់តែម្តងនោះ យើងត្រូវយល់ដឹងទីតាំង និងពេលវេលាដែលភពទាំងនោះបង្ហាញខ្លួន។

(Video From: Cambo Space Edu’s YouTube Channel)

ចុះតើនៅក្នុងឆ្នាំ ២០២៤ នេះភពណាខ្លះនឹងបង្ហាញវត្តមាន ដែលអាចឲ្យយើងដោយភ្នែកទទេ និងនៅពេលណា? ដើម្បីកុំឲ្យមានការភាន់ច្រឡំ Cambo Space មានតែនាំប្រិយមិត្តទាំងអស់ មកតាមដានទាំងអស់គ្នាដូចខាងក្រោម៖

១៖ ភពពុធ (Mercury)៖ ពេលខ្លះភពពុធក៏អាចត្រូវបានគេហៅថា «តារាពេលល្ងាច ឬ Evening Star» ផងដែរ ព្រោះតែការបង្ហាញវត្តមានរបស់ភពនេះ នៅក្រោយព្រះអាទិត្យលិច (មេឃងងឹតបន្តិច) នៅផ្ទៃមេឃភាគខាងលិច។ តែភពពុធក៏អាចក្លាយជា តារាពេលព្រឹក (Morning Star) វិញដែរ នៅពេលវាបង្ហាញវត្តមានមុនព្រះអាទិត្យរះ (ព្រឹកព្រហាមមិនទាន់សូវមានពន្លឺ) នៅផ្ទៃទិសភាគកើត។

សម្រាប់នៅក្នុងឆ្នាំ២០២៤នេះ ឱកាសដែលភពពុធនឹងបង្ហាញខ្លួននោះ គឺនៅរៀងរាល់ពេលព្រឹកព្រហាម៖ ឱកាសទី ១ ចាប់ពីថ្ងៃទី៥ ដល់ ទី២៦ ខែមករា, ឱកាសទី ២ ចាប់ពីថ្ងៃទី២ ដល់ទី២៣ ខែឧសភា, ឱកាសទី ៣ ចាប់ពីថ្ងៃទី៣០ ខែសីហា ដល់ថ្ងៃទី១៩ ខែកញ្ញា និងឱកាសទី ៤ ចាប់ពីថ្ងៃទី១៨ ដល់ទី៣១ ខែធ្នូ។

សម្រាប់ពេលល្ងាចវិញ ឱកាសដែលអាចងាយរកឃើញវត្តមាន នៃភពពុធបំផុតនោះ គឺឱកាសទី ១ នៅចន្លោះថ្ងៃទី១០ ដល់ទី៣១ ខែមីនា។ ដោយឡែកឱកាសពេលព្រឹកព្រហាម ដែលល្អបំផុតក្នុងការទស្សនាវត្តមានភពពុធ គឺឱកាសទី ១ និងឱកាសទី ៤(រូបភាពខាងក្រោម)

ទំហំភពពុធ (Mercury) ធៀបនឹងភពផែនដី (រូបភាពពី NASA)

២៖ ភពសុក្រ (Venus)៖ គឺតែងតែភ្លឺចែងចាំងជាងគេស្រាប់ហើយ សម្រាប់ភពសុក្រនៅលើផ្ទៃមេឃផែនដី ព្រោះប្អូនស្រីរបស់ផែនដីយើងនេះ ជាប់នាមជាវត្ថុអវកាសភ្លឺបំផុតលេខ ២ នាពេលរាត្រីលើផ្ទៃមេឃផែនដី បន្ទាប់ពីព្រះចន្ទ។

ក្នុងឆ្នាំ២០២៤នេះ យើងអាចមើលឃើញ Venus នៅរៀងរាល់ពេលព្រឹកព្រហាម ចាប់ពីថ្ងៃទី១ ខែមករា រហូតដល់ថ្ងៃទី៨ ខែមេសា (នៅផ្ទៃមេឃទិសខាងកើត) និងសម្រាប់ពេលល្ងាច ក្រោយព្រះអាទិត្យលិចវិញ គឺចាប់ពីថ្ងៃទី៣០ ខែកក្កដា ដល់ថ្ងៃទី៣១ ខែធ្នូ (នៅផ្ទៃមេឃទិសខាងលិច)។

សម្រាប់ឱកាសល្អបំផុត ក្នុងការទស្សនាភពសុក្រនៅពេលព្រឹកព្រហាមនោះ គឺនៅចាប់ពីថ្ងៃទី០១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ ហើយសម្រាប់ពេលល្ងាចវិញ គឺចាប់ពីថ្ងៃទី០៥ ខែតុលា ដល់ថ្ងៃទី៣១ ខែធ្នូ ឆ្នាំ២០២៤។

សម្រាប់ឱកាសពិសេសវិញ គឺនៅមេឃងងឹតថ្ងៃទី២២ ខែកុម្ភៈ ភពអង្គារ (Mars) និងភពសុក្រ (Venus) នឹងគោចរមកដល់ចំណុចកៀកគ្នានៅលើផ្ទៃមេឃផែនដី (ទោះជាបែបនេះក្តី ភពអង្គារ នឹងអាចឲ្យគេឃើញច្បាស់ឡើយ ព្រោះតែការស្ថិតនៅឆ្ងាយពីផែនដីពេក) ខណៈនៅព្រឹកព្រហាមថ្ងៃទី២១ ខែមីនា គឺដល់វេនភពសៅរ៍ (Saturn) និងភពសុក្រ ស្ថិតនៅកៀកគ្នាវិញម្តង នៅផ្ទៃមេឃភាគខាងកើត។ (រូបភាពខាងក្រោម)

ទំហំភពសុក្រ (Venus) ធៀបនឹងភពផែនដី (រូបភាពពី NASA)

៣៖ ភពអង្គារ (Mars)៖ ភពអង្គារទោះបីជាមានទំហំតូច តែពន្លឺរបស់វាងាយឲ្យយើងចំណាំ នោះគឺពណ៌ទឹកក្រូច ខណៈភពផ្សេងៗទៀតដូចជា ភពសុក្រ សៅរ៍ ពុធ និងព្រហស្បតិ៍ តែងតែបង្ហាញចេញនូវពន្លឺពណ៌ស ឬប្រាក់។

សម្រាប់ភពអង្គារ ២០២៤ នេះមិនជាឆ្នាំដែលភពនេះបង្ហាញវត្តមាន បានលេចធ្លោនោះឡើយ។ នៅដើមឆ្នាំ២០២៤ នេះ ភពអង្គារស្ថិតនៅចម្ងាយជាង ៣៦០លានkmពីផែនដី ហើយពន្លឺរបស់ភពក្រហមនេះលើផ្ទៃមេឃផែនដី គឺមិនងាយឲ្យគេឯងវែករកឃើញឡើយ។

យើងអាចចាប់ផ្តើមឃើញ ភពអង្គារច្បាស់ឡើងវិញចាប់ពីចុងឆ្នាំ២០២៤ និងដើមឆ្នាំ២០២៥ តទៅ។ ឱកាសពិសេសៗផ្សេងទៀតគឺ Mars នឹងបង្ហាញវត្តមានកៀកភពសុក្រ នៅថ្ងៃទី២២ ខែកុម្ភៈ ព្រមទាំងនឹងកៀកភពព្រហស្បតិ៍ផងដែរនៅថ្ងៃទី១៤ ខែសីហា។ (រូបភាពខាងក្រោម)

ទំហំភពអង្គារ (Mars) ធៀបនឹងភពផែនដី (រូបភាពពី NASA)

៤៖ ភពព្រហស្បតិ៍ (Jupiter)៖ កាលពីអំលុងចុងខែវិច្ឆិកា និងដើមខែធ្នូ ឆ្នាំ២០២៣ ភពព្រហស្បតិ៍បានគោចរមកដល់ទីតាំង ដែលកៀកនឹងផែនដីយើងខ្លាំង ដែលជាហេតុនាំឲ្យភពនេះ បង្ហាញពន្លឺចែងចាំងជាងគេលើផ្ទៃមេឃពេលរាត្រី និងបានរះអមជាមួយពន្លឺព្រះចន្ទទៀតផង កាលពីអំលុងខែធ្នូនោះ។

ឈានចូលមកដល់ឆ្នាំ ២០២៤ នេះ Jupiter នឹងតែបន្តភ្លឺចែងចាំងដដែល ដោយយើងអាចមើលឃើញយ៉ាងច្បាស់ នៅរាល់ពេលរាត្រី។ ងាយចំណាំប៉ុណ្ណោះសម្រាប់ភពព្រហស្បតិ៍ នោះគឺពន្លឺពណ៌សដ៏នឹងនររបស់វានោះឯង។ Jupiter នឹងអាចឲ្យយើងមើលឃើញយ៉ាងច្បាស់ នៅរាល់ពេលយប់ ចាប់ពីអំលុងខែមករានេះ រហូតដល់ថ្ងៃទី២៦ ខែមេសា ក៏ដូចជានៅពេលព្រឹកព្រហាម (ពេលមេឃរាងងងឹតបន្តិចនៅមុនថ្ងៃរះ) ថ្ងៃទី៨ ខែកក្កដា ដល់ថ្ងៃទី៦ ខែធ្នូ។

ចាប់ពីចុងឆ្នាំ២០២៤ តទៅ ភពព្រហស្បតិ៍នឹងផ្តើមចុះថយពន្លឺ ព្រោះតែវានឹងគោចរទៅកាន់តែឆ្ងាយពីផែនដី។ សម្រាប់ថ្ងៃទី១៤ ខែសីហា ដែល Jupiter នឹងគោចរទៅកៀក Mars នោះ ក៏ពិបាកនឹងឲ្យយើងឃើញវត្តមានភពអង្គារនោះដែរ ព្រោះតែពន្លឺភពក្រហមនេះ នឹងស្រទន់ខ្លាំង ព្រោះវានឹងស្ថិតនៅឆ្ងាយពីផែនដីនៅឡើយ។ (រូបភាពខាងក្រោម)

ទំហំភពព្រហស្បតិ៍ (Jupiter) ធៀបនឹងភពផែនដី (រូបភាពពី NASA)

៥៖ ភពសៅរ៍ (Saturn)៖ ចុងក្រោយគេនេះគឺភពសៅរ៍ ដែលត្រូវបានចាត់ទុកថា ជាភពអាចបង្ហាញចេញនូវពន្លឺភ្លឺគួរសមនៅលើផ្ទៃមេឃផែនដី រាល់ពេលដែលដំណើរគោចរនៃភពទាំង ២ មកដល់ទីតាំងកៀកគ្នាខ្លាំង។ នៅក្នុងឆ្នាំ២០២៤ នេះ ការមើលឃើញភពដែលមាន Rings ដ៏ស្រស់ស្អាតនេះក៏អាចទៅរួចជាបណ្តើរៗដែរ។ យើងអាចវែករកឃើញវត្តមាន Saturn នៅចន្លោះតារានិករ Aquarius និង Water Carrier។

លោកអ្នកអាចចាប់យកឱកាស ដែលភពសៅរ៍បង្ហាញវត្តមានបាន នោះគឺនៅរៀងរាល់ល្ងាចថ្ងៃទី១ ខែមករា ដល់ថ្ងៃទី១១ ខែកុម្ភៈ (ក្រោយព្រះអាទិត្យលិច និងមេឃងងឹតបន្តិច) និងជាថ្មីម្តងទៀតនៅពេលល្ងាចដដែល ចាប់ពីថ្ងៃទី៨ ខែកញ្ញា ដល់ថ្ងៃទី៣១ ខែធ្នូ។ ភពសៅរ៍នឹងបង្ហាញវត្តមានកៀកភពសុក្រ នៅពេលព្រឹកព្រហាមថ្ងៃទី២១ ខែមីនា (នៅផ្ទៃមេឃភាគខាងត្បូង) និងកៀកភពអង្គារនៅមុនព្រះអាទិត្យរះថ្ងៃទី១០ ខែមេសា ឆ្នាំ២០២៤ (នៅផ្ទៃមេឃភាគខាងត្បូង)។ (រូបភាពខាងក្រោម)

ទំហំភពសៅរ៍ (Saturn) ធៀបនឹងភពផែនដី (រូបភាពពី NASA)

គួររំលឹកឡើងវិញថា លោកអ្នកអាចទាញយកកម្មវិធីមើលភព និងផ្កាយមានឈ្មោះថា Sky Map Sky Map View ដែលមានទាំងនៅក្នុង iOS និង Android ព្រោះវានឹងបង្ហាញឈ្មោះវត្ថុអវកាស (ភព និងផ្កាយទាំងពេលថ្ងៃ និងពេលយប់) ព្រមទាំងទីតាំងយ៉ាងច្បាស់លាស់លើផ្ទៃមេឃ នៅត្រង់តំបន់ដែលយើងតម្រង់កាមេរ៉ាទូរស័ព្ទទៅចំ៕

រូបភាពតំណាង (From: Peter Komka/EPA/Shutterstock)

រៀបរៀង និងប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី៤ ខែមករា ឆ្នាំ២០២៤)

Comments (0)
Add Comment