(បរទេស)៖ មិនដល់ ២៤ម៉ោងផង ក្រោយការបាញ់បង្ហោះយានចេញពីផ្ទៃផែនដី ក្រុមហ៊ុនបច្ចេកវិទ្យាឯកជននៃសហរដ្ឋអាមេរិកឈ្មោះ «Astrobotic Technology» នៅថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤ នេះបានសម្រេចបោះបង់ចោល យានជាប្រភេទគ្រឿងយន្តចុះចត (lander) ដែលខ្លួនគ្រោងបញ្ជូនទៅចុះចតលើ ឋានព្រះចន្ទនៅថ្ងៃទី២៣ ខែកុម្ភៈ ឆ្នាំ២០២៤ នោះហើយ។
គេធ្លាប់រំពឹងទុកយ៉ាងមុតមាំថា យាន lander ឈ្មោះ Peregrine នេះ នឹងក្លាយជាយានចុះចតដំបូងរបស់សហរដ្ឋអាមេរិក តែជារបស់ក្រុមហ៊ុនឯកជន ដែលនឹងត្រូវចុះចតលើផ្ទៃព្រះចន្ទ ជាលើកដំបូងមិនធ្លាប់មានក្នុងរយៈពេលខ្ទង់ ៥០ឆ្នាំមកហើយ។ ប៉ុន្តែក្រោយការចាកចេញពីផ្ទៃផែនដី កាលពីព្រឹកថ្ងៃចន្ទ ទី០៨ ខែមករា ឆ្នាំ២០២៤ (ម៉ោងនៅសហរដ្ឋអាមេរិក) វាក៏បានជួបបញ្ហាដែលនឹកស្មានមិនដល់។
យោងតាមរូបថតមួយសន្លឹក ដែលត្រូវបានបង្ហាញចេញនៅថ្ងៃអង្គារ ទី០៩ ខែមករា នេះ គេឃើញយាន Peregrine មានស្នាមបាក់បែក។ វាជាប្រវត្តិសាស្ត្រនៃការបាញ់បង្ហោះ ដោយប្រើប្រាស់រ៉ុក្កែត Vulcan Centaur ស៊េរីថ្មីរបស់ក្រុមហ៊ុនឯកជនអាមេរិក United Launch Alliance (ULA) ប៉ុន្តែបញ្ហាបានលេចឡើង នៅពេលដែល Lander របស់ក្រុមហ៊ុន Astrobotic បានផ្តាច់ខ្លួនតែមួយភ្លែតប៉ុណ្ណោះ ចេញពីផ្នែកខាងលើរបស់រ៉ុក្កែត Centaur។
ក្រុមហ៊ុន Astrobotic បានបង្ហោះសារលើគណនី X (Twitter) របស់ខ្លួននៅថ្ងៃដដែលនេះថា Lander របស់យាន Peregrine បានជាប់គាំងដោយមិនអាចតម្រង់ខ្លួនឲ្យបន្ទះសូឡា (Solar Panels) របស់វាបែរទៅរកព្រះអាទិត្យ ដើម្បីស្រូបយកថាមពល ហើយបញ្ហានេះ ទំនងជាបានកើតចេញពីបញ្ហាផ្នែកប្រព័ន្ធរុញច្រានល្បឿន (Propulsion System) របស់ Peregrine នោះតែម្តង។ ការសន្និដ្ឋានបែបនេះ បានកើតមានឡើងក្រោយពីក្រុមហ៊ុននេះ បានឃើញរូបភាពដំបូងរបស់យាន Peregrine ក្រោយការផ្តាច់ចេញពីរ៉ុក្កែត និងបណ្តែងខ្លួនវាទៅក្នុងលំហ។
Astrobotic បានគូសបញ្ជាក់យ៉ាងដូច្នេះថា «រូបភាពនេះ ត្រូវបានថតចេញពីកាមេរ៉ា ដែលដាក់នៅលើតួ Lander ផ្នែក payload deck ហើយវាបានបង្ហាញឲ្យយើងឃើញ បន្ទះអ៊ីសូឡង់ (MLI) ជាច្រើនស្រទាប់ នៅពីមុខកាមេរ៉ានោះតែម្តង។ បន្ទះអ៊ីសូឡង់បានរងផលប៉ះពាល់ដូចនេះ អាចនាំឲ្យយើងសន្និដ្ឋានជាលើកដំបូងថា ប្រព័ន្ធនៃម៉ាស៊ីនជំរុញល្បឿននោះបានជួបបញ្ហា…»។
គួរបញ្ជាក់ថា យាន Peregrine ត្រូវបានគេរំពឹងទុកថា នឹងក្លាយជាគ្រឿងយន្តដំបូង របស់សហរដ្ឋអាមេរិក តែស្ថិតក្នុងវិស័យឯកជន ក្នុងការទៅចុះចតនៅឋានព្រះចន្ទ ដែលមិនធ្លាប់មានក្នុងរយៈពេលខ្ទង់ ៥ទសវត្សរ៍មកនេះ។ គួរឲ្យសោកស្តាយ វាមិនអាចកើតឡើងទៅរួចឡើយ ខណៈភាពមិនប្រក្រតីបាននាំឲ្យ ម៉ាស៊ីនជំរុញល្បឿនលើយាននោះបាក់បែក និងលេចធ្លាយឥន្ធនៈ ដែលនេះជាសញ្ញានៃខូចខាតបាត់ទៅហើយ។ ឥលូវនេះក្រុមហ៊ុន Astrobotic កំពុងតែគិតគូរលើសេណារីយ៉ូបន្ទាប់ ចំពោះបេសកកម្មខាងលើនេះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/CNN (ថ្ងៃអង្គារ ទី០៩ ខែមករា ឆ្នាំ២០២៤)