(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រនៃ វិទ្យាស្ថានសិក្សាស្វែងរកជីវិតឆ្លាតវៃនៅទីឋានដទៃ ហៅកាត់ថា SETI (Search For Extraterrestrial Intelligence) នៃសហរដ្ឋអាមេរិកបានបង្ហាញក្តីសង្ឃឹម និងការប្តេជ្ញាបន្ថែមទៀតក្នុងឆ្នាំ២០២៤នេះ បន្ទាប់ពីទទួលបានថវិកាទ្រទ្រង់ និងបច្ចេកវិទ្យាបន្ថែមទៀត ដើម្បីបន្តបេសកកម្មមួយនេះឲ្យកាន់តែខ្លាំងក្លា។ ខាងក្រោមនេះជាចំណុចសំខាន់ៗ ៣ ក្នុងការសម្រេចគោលដៅរបស់ SETI៖
១៖ បេសកកម្មថ្មី «COSMIC»
ក្រុមការងារ SETI បានកំណត់បេសកកម្មថ្មីមានឈ្មោះថា COSMIC (Commensal Open-Source Multimode Interferometer Cluster) ដោយប្រើប្រាស់តេឡេស្កូប Karl G. Jansky Very Large Array (VLA) របស់បណ្តាញតេឡេស្កូបវិទ្យុ មានមូលដ្ឋាននៅរដ្ឋ New Mexico សហរដ្ឋអាមេរិក។ VLA នឹងធ្វើការក្តោបក្តាប់លើការចាប់រលកសញ្ញាវិទ្យុ ឲ្យបានទូលំទូលាយជាងមុន ខណៈការស្ទាបស្ទង់របស់ SETI ពីមុនៗ ត្រឹមតែអាចត្រួតពិនិត្យប្រព័ន្ធផ្កាយ ក្នុងចំនួនរាប់ពាន់តែប៉ុណ្ណោះ។
ប៉ុន្តែសម្រាប់កម្មវិធី COSMIC ដោយប្រើតេឡេស្កូប VLA វិញ ពួកគេនឹងអាចក្តោបក្តាប់ការសង្កេត លើផ្កាយដល់រាប់សែនដួង ឬក៏អាចឈានដល់រាប់លានដួងឯណោះ នៅក្នុងកម្រិតហ្វ្រេកង់ចាប់ពី ០.៧-៥០ GHz។ សមត្ថភាពនេះ គឺស្មើនឹងការសង្កេតអ្វីៗដែលយើងឃើញលើផ្ទៃមេឃផែនដី បានរហូតដល់ទៅ ៨០%។
២៖ ដំណាក់កាលបឋមរបស់ COSMIC
អំលុង ៦ខែដំបូងនៃឆ្នាំ២០២៤នេះ SETI នឹងធ្វើការអង្កេត រលកសញ្ញាមកពីផ្កាយសរុប ៥០០,០០០ដួង តាមរយៈកម្មវិធីស្កេនផ្ទៃមេឃរករលកសញ្ញាវិទ្យុ ដោយអាចស្កេនលើផ្កាយបាន ២,០០០ដួងក្នុង ១ម៉ោង។ ការស្រូបយកទិន្នន័យពីផ្ទៃមេឃ និងការចម្រាញ់ទិន្នន័យដើម្បីប្រើប្រាស់ នឹងមានភាពឆាប់រហ័ស ហើយទូលំទូលាយជាងមុនឆ្ងាយណាស់ ជាមួយកម្មវិធី COSMIC របស់ SETI។
បញ្ហាកន្លងមករបស់ក្រុមអ្នកវិទ្យាសាស្ត្រ SETI នោះគឺការពន្យារពេលលើការវិភាគ ទិន្នន័យដែលចានតេឡេស្កូបចាប់បាន។ ការចាប់រលកសញ្ញា ដែលមានលក្ខណៈតូចចង្អៀតកន្លងមក គឺមានភាពលំបាករួចជាស្រេចទៅហើយ តែអ្វីដែលកាន់តែតានដឹងជាងនេះទៀតនោះ គឺក្រុមការងារត្រូវរង់ចាំរាប់សប្តាហ៍ ឬអាចដល់រាប់ខែ ទម្រាំតែទិន្នន័យទាំងនោះត្រូវបានវិភាគថាជាអ្វី។
ជារឿយៗ នៅពេលចាប់បានរលកសញ្ញា ដ៏គួរឲ្យចាប់អារម្មណ៍ណាមួយជាលើកដំបូង ហើយក្រុមតារាវិទូចង់អង្កេតជាលើកទី ២នោះ រលកសញ្ញានោះក៏បាត់ទៅវិញ ហេតុដូច្នេះវាពិតជាគ្មានផ្លូវអាចដឹងទេថា តើរលកសញ្ញាដែលបានបាត់ទៅវិញនោះ មានប្រភពមកពីជីវិតឆ្លាតវៃ (Alien) នៅទីឋានដទៃ ឬមួយក៏ត្រឹមរលកសញ្ញានានាលើផែនដី ដែលជាសកម្មភាពរបស់មនុស្សលោកនោះឡើយ។ ដូច្នេះការចាប់បានរហ័ស និងវិភាគរហ័សរបស់ COSMIC ពិតជាល្អបំផុត។
៣៖ ចាប់សញ្ញា Alien ប្រសើរជាងមុន
កម្មវិធី COSMIC មានភាពបត់បែនកម្រិតខ្ពស់ខ្លាំងណាស់ ដើម្បីឲ្យសមស្របទៅនឹងគោលដៅស្នូល នោះគឺការចាប់យករលកសញ្ញានៃជីវិតឆ្លាតវៃមកពីភពដទៃ ដែលមិនមែនជាបេសកកម្មងាយៗនោះឡើយ។ យើងនិយាយថា មិនមែនជារឿងងាយៗ ព្រោះប្រសិនបើជារលកសញ្ញាដែលអាចជះចេញពីភព Alien ហើយឲ្យយើងចាប់បាននោះ ប្រាកដជារលកសញ្ញាចេញពីអរិយធម៌ដ៏ខ្លាំងមួយ ដែលអាចឆ្លងកាត់តំបន់អន្តរអវកាស (Interstellar Space) ដ៏ឆ្ងាយមហាសែនឆ្ងាយមកដល់ភពផែនដីយើង។
ក្រុមតារាវិទូក៏បានគិតទៅដល់ថែមទៀត ចំពោះពួក Alien ដែលអាចបាញ់រលកសញ្ញាមកកាន់ផែនដី ក្នុងទម្រង់ដូចជាចង្វាក់ជីពចរ (pulse signal) ដែលរលកសញ្ញាប្រភេទនេះមានរយៈពេលខ្លីណាស់ (ត្រឹមកម្រិតណាណូវិនាទីប៉ុណ្ណោះ) ដូច្នេះកម្មវិធី COSMIC នឹងជួយបំពេញចន្លោះប្រហោងដ៏ធំមួយនេះ ព្រោះវិធីសាស្ត្រមុនៗដែល SETI បានប្រើប្រាស់ គឺអាចត្រឹមអង្កេតរលកសញ្ញា ក្នុងកម្រិតរហ័សមិនដល់ណាណូវិនាទី ឬសូម្បីតែមីល្លីវិនាទីផង។
ចំពោះសំនួរដដែលៗថា តើក្រុមការងារ SETI បានរកឃើញរលកសញ្ញាណាមួយ ដែលអាចបញ្ជាក់ថាជា «សញ្ញានៃជីវិតភពផ្សេង» ហើយឬនៅ? ចម្លើយជាផ្លូវការយ៉ាងខ្លីគឺ «នៅទេ»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤)