ក្រុមតារាវិទូអង្កេត «ភពដុះកន្ទុយយ៉ាងវែង» ដែលមានចម្ងាយរាប់រយឆ្នាំពន្លឺពីផែនដី

(បរទេស)៖ លោកអ្នកប្រហែលជាធ្លាប់ឮតែពាក្យ «ផ្កាយដុះកន្ទុយ (តាមពិតជាអាចម៍ផ្កាយរំសាយឧស្ម័ន និងធូលី)» ប៉ុណ្ណោះ ដែលមានវត្តមានច្រើនក្នុងប្រព័ន្ធព្រះអាទិត្យយើង និងប្រព័ន្ធផ្កាយដទៃៗទៀត ប៉ុន្តែសម្រាប់ពេលនេះវត្ថុអវកាសមួយប្រភេទ ដែលយើងអាចចាត់ទុកថា «ភពដុះកន្ទុយ» ត្រូវបានសង្កេតមើលជាថ្មី ហើយលទ្ធផលលើកនេះ គឺកាន់តែពិសេសជាងលើកមុនទៅទៀត ព្រោះមិនដែលមានភពណាដុះកន្ទុយវែងបែបនេះឡើយ។

ក្រុមតារាវិទូទើបតែសង្កេតមើលជាថ្មី ចំពោះភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) មួយមានឈ្មោះថា WASP-69b ដែលកំពុងរំសាយកន្ទុយរហូតដល់ទៅប្រវែង ៥៦៣,២៧០គីឡូម៉ែត្រឯណោះ ពីខ្លួនរបស់វា ឬស្មើនឹង ៧ដង នៃប្រវែងអង្កត់ផ្ចិតភពយក្សនោះ។ ភពដ៏ក្តៅគគុកដែលស្ថិតក្នុងជំពូក hot Jupiter មួយនោះ មានចម្ងាយប្រមាណ ១៦០ឆ្នាំពន្លឺពីផែនដី (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ) និងគោចរយ៉ាងលឿនជុំវិញផ្កាយមេរបស់វានោះគឺ WASP-69 ដោយមួយជុំប្រើពេលតែ ៣.៩ថ្ងៃ នៃពេលវេលាលើភពផែនដីប៉ុណ្ណោះ។

រូបតំណាងប្រព័ន្ធផ្កាយ WASP-69b (Credit: Adam Makarenko/W. M. Keck Observatory)

ក្រុមតារាវិទូនៅតែមិនទាន់យល់ច្បាស់ អំពីមូលហេតុដែលនាំឲ្យ Exoplanet ខាងលើនេះ រំសាយកន្ទុយដ៏វែងអន្លាយចេញពីខ្លួនវាបែបនោះឡើយ ប៉ុន្តែក្រោយការរកឃើញវាដំបូងកាលពីឆ្នាំ២០១៨ ពួកគេបានប្រទះឃើញឧស្ម័នដែលអាចជា អេល្យូម (Helium) ភាយចេញពីខ្លួនភពនោះនៅក្នុងប្រវែងខ្លី និងមានបរិមាណតិចតួចប៉ុណ្ណោះ។ យោងតាមការគណនាកាលណោះ ពួកគេបានសន្មត់ថា ឧស្ម័នដែលភាយចេញពីភព WASP-69b នោះគឺចំនួន ២០០,០០០តោនក្នុង១វិនាទី ហើយបាតុភូតនេះកើតឡើង អាចបណ្តាលមកពីឥទ្ធិពលនៃផ្កាយមេរបស់ភពនេះ។

រូបតំណាងប្រព័ន្ធផ្កាយ WASP-69b (Credit: Adam Makarenko/W. M. Keck Observatory)

សម្រាប់លទ្ធផលប្រចាំដើមឆ្នាំ២០២៤នេះ ក្រោយការប្រើប្រាស់កញ្ចក់តេឡេស្កូប ដ៏ធំរបស់មន្ទីរអង្កេតតារា Keck Observatory នៃសហរដ្ឋអាមេរិក ដែលអាចស្រូបពន្លឺបានកាន់ច្រើននោះ ទើបក្រុមតារាវិទូប្រទះឃើញកន្ទុយរបស់ WASP-69b មានប្រវែងវែងរហូតដល់ទៅដល់ជាកន្លះលានគីឡូម៉ែត្រ។ ពួកគេថែមទាំងគណនាទៀតថា សកម្មភាពនៃភព WASP-69b នោះ គឺអាចនាំឲ្យវាបាត់បង់ម៉ាស់ស្មើនឹងភពផែនដីយើង១ នៅរៀងរាល់រយៈពេលខ្ទង់រាប់ពាន់លានឆ្នាំ។

មន្ទីរអង្កេតតារា Keck Observatory នៅហាវ៉ៃ (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ក្រុមតារាវិទូបានចាត់ទុកភព WASP-69b ប្រៀបបីជាត្បូងដ៏មានតម្លៃ ដល់ការសិក្សាស្រាវជ្រាវលើបណ្តាភពដែលប្រកបដោយបុគ្គលិកលក្ខណៈប្លែកៗនៅក្នុងកាឡាក់ស៊ីយើង ហើយការអង្កេតឃើញភពមួយដែលបាននិងកំពុងបាត់បង់ម៉ាស់បន្តិចម្តងៗ ដោយសារតែជះចេញនូវសារធាតុនានាចេញពីខ្លួនវា ដោយជាក់ស្តែងនឹងភ្នែកបែបនេះ ពិតជាឱកាសដ៏កម្រមានជាទីបំផុត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃសុក្រ ទី១២ ខែមករា ឆ្នាំ២០២៤)

Comments (0)
Add Comment