លទ្ធផលថ្មីៗពី James Webb៖ កាឡាក់ស៊ីដំបូងៗមានរាងដូច «ក្តាស្គីជិះលើទឹករលក» និងរាងចម្លែកៗ…

(បរទេស)៖ ទិន្នន័យថ្មីៗពីតេឡេស្កូបអវកាស James Webb បង្ហាញថា កាឡាក់ស៊ីជាច្រើននៅក្នុងចក្រវាលវ័យក្មេង មើលទៅដូចជា ក្តាស្គីជិះលើទឹករលក (surfboards) ឬបន្ទះក្តាស្វិតទុកលោតនៅជាប់អាងទឹក (pool noodle) ខណៈខ្លះទៀតស្រដៀងនឹង គ្រាប់បាល់ទះ (volleyballs) ឬ ថាសមូលសម្រាប់គប់យកចម្ងាយ (frisbees) ជាដើម។ របកគំហើញនេះអាចផ្លាស់ប្តូរការយល់ដឹងរបស់យើង អំពីរបៀបដែលកាឡាក់ស៊ីនានា បានវិវត្តចាប់តាំងពីការកកើតចក្រវាលដំបូងៗ។

(Credits: Images: NASA, ESA, CSA, STScI, Steve Finkelstein (UT Austin), Micaela Bagley (UT Austin), Rebecca Larson (UT Austin). Graphic: NASA, ESA, CSA, Joseph Olmsted (STScI), Viraj Pandya (Columbia), Haowen Zhang (University of Arizona), Lucy Reading-Ikkanda (Simons Foundation))

បច្ចុប្បន្ន អ្វីដែលយើងតែងឃើញច្រើនបំផុតនោះ គឺពពួកកាឡាក់ស៊ីធំៗ ដែលមានរាងគូថខ្យង (spiral galaxies) និងរាងពងក្រពើ (elliptical galaxies) នៅកៀកៗនឹងកាឡាក់ស៊ី Milky Way របស់យើង។ ប៉ុន្តែតាមរយៈលទ្ធផល នៃការស្ទាបស្ទង់ដោយ James Webb ថ្មីៗនេះឲ្យឃើញថា ប្រមាណពី ៥០-៨០% នៃកាឡាក់ស៊ីឆ្ងាយៗ (កាឡាក់ស៊ីស្ថិតនៅវ័យក្មេងនៅឡើយ) មានរាងសំប៉ែត (flat) និងពយវែង (ដូចក្តាស្គីជិះលើទឹករលក ឬ enlongated) ខណៈកាឡាក់ស៊ីមួយជំពូកធំផងដែរមានរាងជា ថាសមូល (disk) និងមួយជំពូកតូចទៀតមានរូបរាងមូល (Sphere) តែម្តង។

(Credits: Images: NASA, ESA, CSA, STScI, Steve Finkelstein (UT Austin), Micaela Bagley (UT Austin), Rebecca Larson (UT Austin). Graphic: NASA, ESA, CSA, Joseph Olmsted (STScI), Viraj Pandya (Columbia), Haowen Zhang (University of Arizona), Lucy Reading-Ikkanda (Simons Foundation))

ការដែលកាឡាក់ស៊ីឆ្ងាយៗទាំងនោះក្នុងចំនួនច្រើន បង្ហាញខ្លួនចេញជាលក្ខណៈពីរវិមាត្រ (ខ្វះទាំងកម្រាស់ និងសមាសធាតុផ្សំ) បែបនេះ ពិតជារឿងដ៏គួរឲ្យភ្ញាក់ផ្អើលមួយ សម្រាប់ក្រុមអ្នកស្រាវជ្រាវ។ សម្មតិកម្មថ្មីរបស់ក្រុមតារាវិទូ ពេលឃើញទិដ្ឋភាពដូច James Webb បានផ្តិតយកថ្មីៗនេះ គឺទាំងនោះជាអតីតកាលរបស់កាឡាក់ស៊ីនានាបច្ចុប្បន្ន រួមទាំងកាឡាក់ស៊ី Milky Way របស់យើងផងដែរ។ Milky Way កាលពីរាប់ពាន់លានឆ្នាំមុន អាចមានរូបរាងដូចកាឡាក់ស៊ីណាមួយ នៅក្នុងចំណោមកាឡាក់ស៊ីឆ្ងាយៗខាងលើនេះ។

ការវិភាគរូបរាងកាឡាក់ស៊ីឆ្ងាយៗខាងលើនេះ ដែល James Webb ទើបសង្កេតឃើញ (Credits: Images: NASA, ESA, CSA, STScI, Steve Finkelstein (UT Austin), Micaela Bagley (UT Austin), Rebecca Larson (UT Austin). Graphic: NASA, ESA, CSA, Joseph Olmsted (STScI), Viraj Pandya (Columbia), Haowen Zhang (University of Arizona), Lucy Reading-Ikkanda (Simons Foundation))

គួរបញ្ជាក់ថា លទ្ធផលបឋមបានមកពី James Webb ខាងលើនេះ អាចសម្រេចចេញមកបាន ដោយពឹងផ្អែកលើការរកឃើញកន្លងមកពី តេឡេស្កូបអវកាស Hubble របស់អង្គការ NASA និង ESA។ តែយ៉ាងណា James Webb បានផ្តល់នូវទិដ្ឋភាពលម្អិតបន្ថែមទៀត អំពីកាឡាក់ស៊ីដែលមានរាងវែងៗ និងស្ថិតនៅឆ្ងាយៗទាំងនោះ។ ក្រុមអ្នកវិទ្យាសាស្ត្រនឹងបន្តសង្កេត និងព្យាយាមប្រមូលទិន្នន័យពីពពួកកាឡាក់ស៊ីទាំងនោះ ឱ្យបានច្រើនតាមដែលអាចធ្វើទៅបាន ដើម្បីបំពេញចន្លោះប្រហោង នៃចំណេះដឹងរបស់យើង៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA/ESA/CSA (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤)

Comments (0)
Add Comment