(វ៉ាស៊ីនតោន)៖ ការប្រកាសពន្យារពេលចំពោះកម្មវិធី Artemis របស់អង្គការ NASA នៅក្នុងខែមករា ឆ្នាំ២០២៤នេះ បានធ្វើឲ្យសភាជិកសភាអាមេរិកមួយចំនួនមិនពេញចិត្ត និងព្រួយបារម្ភជាខ្លាំង ស្របពេលដែលវិស័យអវកាស និងវិស័យរបស់ប្រទេសចិន ដែលជាគូប្រជែងដ៏ធំរបស់សហរដ្ឋអាមេរិកនោះ កាន់តែរីកចម្រើន និងគ្មានសញ្ញារាំងស្ទះ ឬក៏ពន្យារពេល ដូចកម្មវិធីធំៗមួយចំនួនរបស់សហរដ្ឋអាមេរិកនោះឡើយ។
ឆ្លើយតបជុំវិញបញ្ហាខាងលើនេះ គណៈកម្មាធិការទទួលបន្ទុកផ្នែកវិទ្យាសាស្ត្រ អវកាស និងបច្ចេកវិទ្យា (CSST) នៃសភាតំណាងរាស្ត្រសហរដ្ឋអាមេរិក បានបើកកិច្ចប្រជុំមួយនៅថ្ងៃទី១៧ ខែមករា ឆ្នាំ២០២៤ (ពេលវេលានៅវ៉ាស៊ីនតោន) ដើម្បីឈ្វេងយល់អំពីបញ្ហាលើកម្មវិធី Artemis ទៅកាន់ឋានព្រះចន្ទ ដែលត្រូវបានថ្នាក់ដឹកនាំអង្គការ NASA សម្រេចពន្យារពេលបន្ថែមទៀត កាលពីពេលថ្មីៗនេះ។
តាមរយៈកិច្ចប្រជុំខាងលើនេះ សមាជិកសភាតំណាងរាស្ត្រអាមេរិកមួយចំនួន បានសម្តែងក្តីព្រួយបារម្ភ ក្នុងនោះលោក Frank Lucas ដែលជាប្រធានគណៈកម្មាធិការ CSST ខាងលើនេះបានថ្លែងថា៖ «ខ្ញុំសូមរម្លឹកអ្នករាល់គ្នាថា មិនមែនមានតែប្រទេសយើងមួយទេ ដែលចាប់អារម្មណ៍ក្នុងការបញ្ជូនមនុស្សទៅកាន់ឋានព្រះចន្ទនោះ។ បក្សកុម្មុយនិស្តចិន កំពុងតែប្រមូលផ្តុំដៃគូអន្តរជាតិ សម្រាប់បំពេញបេសកកម្មមួយលើព្រះចន្ទ មានឈ្មោះថា Lunar Research Station ហើយពួកគេក៏បានបង្ហាញនូវមហិច្ចតា ក្នុងការបញ្ជូនអវកាសយានិកទៅព្រះចន្ទនៅទសវត្សរ៍ ២០៣០ ផងដែរ…»។
បន្ថែមពីនេះលោកស្រី Zoe Lofgren សមាជិកសភាមកពីរដ្ឋកាលីហ្វ័រញ៉ា ក៏បានថ្លែងស្រដៀងនឹងលោក Lucas ខាងលើនេះដែរថា «និយាយឲ្យច្បាស់លាស់ទៅ ខ្ញុំគាំទ្រគម្រោង Artemis។ ប៉ុន្តែខ្ញុំចង់ឲ្យគម្រោងនេះសម្រេចជោគជ័យ ជាពិសេសនៅពេលដែលប្រទេសចិន កំពុងរត់ប្រដេញតាមពីក្រោយយើងយ៉ាងប្រកិត។ គណៈកម្មាធិការយើងនៅទីនេះ ដើម្បីជួយជំរុញ និងធានាថា Artemis នៅតែខ្លាំង និងដើរតាមគន្លង ដើម្បីនាំមុខគេលើពិភពលោក ដោយការសហការយ៉ាងជិតស្និទ្ធជាមួយដៃគូយើង នៅក្នុងការស្រាវជ្រាវឋានព្រះចន្ទ និងបេសកកម្មផ្សេងៗទៀត…»។
គួរបញ្ជាក់ថា នៅក្នុងកិច្ចប្រជុំដ៏តានតឹងនោះ សមាជិកសភាមួយរូបទៀត គឺលោក Rich McCormick បានថ្លែងចំៗតែម្តងថា «វាមិនមែនជារឿងអាថ៌កំបាំងឡើយ ដែលចិនមានគោលដៅមួយ ក្នុងការលោតរំលងសហរដ្ឋអាមេរិក ហើយក្លាយជាមេដឹកនាំកំពូល នៃវិស័យអវកាសនៅឆ្នាំ ២០៤៥ នោះ។ យើងមិនអាចបណ្តោយឲ្យរឿងនេះកើតឡើងជាដាច់ខាត។ ខ្ញុំគិតថាភាពនាំមុខលើវិស័យបច្ចេកវិទ្យាអវកាស ដែលយើងកំពុងមាននេះ នឹងការពារសហរដ្ឋអាមេរិក មិនត្រឹមតែទៅលើសេដ្ឋកិច្ចប៉ុណ្ណោះទេ តែក៏ក៏ទៅលើបច្ចេកវិទ្យាទាំងឡាយ ដែលផ្តល់ផលប្រយោជន៍ដល់មនុស្សជាតិផងដែរ»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី១៨ ខែមករា ឆ្នាំ២០២៤)