(បរទេស)៖ យាន Voyager-2 ដែលបានចាកចេញពីផែនដីកាលពីថ្ងៃទី២០ ខែសីហា ឆ្នាំ១៩៧៧ និង Voyager-1 កាលពីថ្ងៃទី៥ ខែកញ្ញា ក្នុងឆ្នាំដូចគ្នា មកទល់នឹងខែមករា ឆ្នាំ២០២៤នេះ យានអវកាសទាំង ២គ្រឿង សុទ្ធតែមានរយៈពេលជាង ៤៦ឆ្នាំក្នុងការចល័តនៅទីអវកាស និងកំពុងស្ថិតក្នុងតំបន់អន្តរលំហអវកាស (Interstellar Space) ដូចគ្នា ហើយមនុស្សម្នានៅលើភពផែនដីនេះ នៅតែតាមដានជាប់ជានិច្ច ដើម្បីដឹងឮពីសុខទុក្ខរបស់យានទាំង ២ ជាពិសេសគឺថាតើពួកវាអាចបន្តដំណើរដល់ពេលណាទៀត។
មិនមានអ្វីត្រូវនិយាយវែងឆ្ងាយទៀតឡើយ ព្រោះទាំងគុណសម្បត្តិ និងរបកគំហើញជាច្រើនរបស់យាន Voyager-1 និង Voyager-2 ប្រិយមិត្តទាំងឡាយសុទ្ធតែបានដឹងរួចមកហើយ តាមរយៈអត្ថបទមុនៗ។ ដូច្នេះក្នុងអត្ថបទថ្មីនេះ Cambo Space សុំត្រឹមធ្វើការផ្តល់ព័ត៌មានបន្ថែម (update) អំពីរយៈចម្ងាយនៃយានទាំង ២ ពីផែនដី, សុខភាពរបស់យានទាំង ២ និងផែនការរបស់ NASA ដែលគ្រោងធ្វើបន្ទាប់ដូចខាងក្រោម៖
១៖ ចម្ងាយរបស់យាន Voyager ទាំងពីរពីផែនដី
យោងតាមទិន្នន័យពីអង្គការ NASA គិតត្រឹមខែមករា ឆ្នាំ២០២៤នេះ យានអវកាស Voyager-1 កំពុងស្ថិតនៅចម្ងាយ ២៥.២ពាន់លានគីឡូម៉ែត្រពីផែនដី ឬ ស្មើនឹងចម្ងាយរវាងផែនដីទៅព្រះអាទិត្យ (១៥០លានគីឡូម៉ែត្រ) ចំនួន ១៦៨ដង ឬ ១៦៨AU (Astronomical Unit)។
នៅក្នុងពេលដូចគ្នានេះ យានអវកាស Voyager-2 វិញកំពុងស្ថិតនៅចម្ងាយ ២០.៣៩ពាន់លានគីឡូម៉ែត្រពីផែនដី ឬស្មើនឹងជិត ១៣៦AU។ យាន Voyager ទាំង២កំពុងចល័តនៅតំបន់អន្តរអវកាសក្នុងល្បឿន ១៧Km/១វិនាទី។
២៖ សុខភាពនៃយាន Voyager ទាំងពីរគ្រឿង
- យាន Voyager-1៖ ឈានចូលដល់ឆ្នាំ២០២៤នេះ ដំណើរការរបស់វានៅតែល្អ ប៉ុន្តែនឹងមិនបានយូរទៀតនោះឡើយ។ កាលពីឆ្នាំ២០២២ យាន Voyager-1 បានជួបបញ្ហាលើការគណនាទិសដៅខុសដោយខ្លួនឯង ដែលបានបណ្តាលឲ្យអង់តែនបញ្ជូន និងទទួលរលកសញ្ញា ងាករេចេញពីទិសដៅផែនដី និងបានដាច់ការទាក់ទងជាមួយផែនដីមួយរយៈ។
អង្គការ NASA បានដោះស្រាយបញ្ហានេះ ដោយការផ្លាស់ប្តូរកុំព្យូទ័រផ្សេងមួយទៀត ដើម្បីបញ្ជាទៅកាន់ Voyager-1 ដែលនេះពិតជាភាពតស៊ូបំផុតមួយ ព្រោះការបញ្ជូនសារទៅកាន់ Voyager-1 ម្តងៗ និងរង់ចាំការឆ្លើយតបមកវិញ គឺត្រូវប្រើពេលយ៉ាងហោចណាស់ ៤៥ម៉ោង សម្រាប់ខណៈពេលនេះ។ ប្រការនេះមានន័យថា រាល់ការសម្រេចចិត្តថា នឹងត្រូវផ្ញើអ្វីថ្មីទៀតទៅ Voyager-1 គឺអាចកើតឡើង ៤៥ម៉ោងម្តង។
យ៉ាងណាក៏ដោយ កាលពីខែធ្នូ ឆ្នាំ២០២៣ យាន Voyager-1 ដដែល បានជួបបញ្ហាផ្នែកកម្មវិធីកុំព្យូទ័រ ដែលនាំឲ្យយាននេះដាច់ការទាក់ទង ជាមួយផែនដីមួយរយៈជាថ្មី ហើយគិតចាប់ពីពាក់កណ្តាលខែធ្នូ ឆ្នាំ២០២៣ មកទល់នឹងខែមករា ឆ្នាំ២០២៤នេះ គ្រប់គ្នានៅមិនទាន់ដឹងថា តើ Voyager-1 អាចវិលមកភាពប្រក្រតីវិញដែរ ឬមួយក៏យ៉ាងណានោះឡើយ។
- យាន Voyager-2៖ វាហាក់នៅដំណើរការល្អ និងទើបបានទទួលការអាប់ដេត កម្មវិធី (software) ដែលត្រូវបានបានបញ្ជូនទៅកាលពីខែតុលា ឆ្នាំ២០២៣ ដើម្បីឲ្យប្រព័ន្ធគ្រប់គ្រងឥរិយាបថជារួម Attitude Articulation and Control System (AACS) រក្សាតុល្យភាពបានយូរទៅមុខទៀត តាមដែលអាចធ្វើទៅបាន។
៣៖ អនាគតនៃយាន Voyager ទាំងពីរគ្រឿង
ផែនការរបស់អង្គការ NASA ដែលមានស្រាប់រួចមកហើយនោះ គឺការព្យាយាមរក្សាទំនាក់ទំនងជាមួយយាន Voyager ទាំង ២ ឲ្យដល់ខួបគម្រប់ ៥០ឆ្នាំ នៃការចាកចេញពីភពផែនដីតែម្តង។ ដូច្នេះមានន័យថា យានទាំង ២ នេះនៅសល់ពេលតែជិត ៤ឆ្នាំទៀតប៉ុណ្ណោះ (នៅខែសីហា និងកញ្ញា ឆ្នាំ២០២៧) គិតចាប់ពីខែមករា ឆ្នាំ២០២៤ នេះតទៅ។
លោកស្រី Suzanne Dodd អ្នកចាត់ការទូទៅលើកម្មវិធីគ្រប់គ្រង Voyager របស់អង្គការ NASA បានប្រាប់សារព័ត៌មាន Business Insider កាលពីថ្ងៃទី២១ ខែមករា ឆ្នាំ២០២៤ ថា «រឿងដែលសំខាន់បំផុតសម្រាប់យើង គឺការបន្តរក្សាយាន Voyager ទាំងពីរគ្រឿង ឲ្យដំណើរការបានយូរបំផុត តាមដែលអាចធ្វើទៅបាន»។
គួរបញ្ជាក់តាមមន្ត្រីជំនាញ NASA ទៀតថា យាន Voyager ទាំងពីរគ្រឿង បានទទួលបញ្ជាឲ្យបិទដំណើរការ ឧបករណ៍មួយចំនួនលើខ្លួនពួកវា ដើម្បីសន្សំសំចៃថាមពល។ គ្រឿងយន្តអវកាសដើរដោយថាមពលនុយក្លេអ៊ែរ តាមរយៈម៉ាស៊ីនបង្កើតវិទ្យុសកម្មអ៊ីសូតូបទែម៉ូអេឡិចទ្រិច (radioisotope thermoelectric generators ឬ RTGs) ដែលជាដំណើរការប្រើប្រាស់ធាតុគីមី ភ្លុយតូញ៉ូមអុកស៊ីត (plutonium-238) ប្រកបដោយទម្ងន់ស្រាល ដើម្បីបំប្លែងជាទៅធាតុវិទ្យុសកម្ម និងថាមពលប្រើប្រាស់ ហើយម៉ាស៊ីនប្រភេទនេះជាប្រភពថាមពលតែមួយប៉ុណ្ណោះនៅយានទាំងពីរគ្រឿង (គួរបញ្ជាក់ថា Voyager ទាំង២គ្មានបន្ទះស្រូបថាមពលពន្លឺព្រះអាទិត្យនោះទេ)។
បើតាមលោកស្រី Dodd បានគូសបញ្ជាក់ថា «ពីដើមឡើយម៉ាស៊ីន RTGs លើយាន Voyager-1 និង Voyager-2 អាចផលិតថាមពលដើម្បីប្រាស់ក្នុងទំហំ ៤៥០វ៉ាត់ ប៉ុន្តែនៅក្នុងពេលមួយឆ្នាំៗ ម៉ាស៊ីននីមួយៗត្រូវថយចុះការផលិត ៤វ៉ាត់។ បច្ចុប្បន្ននេះ RTG មួយគ្រឿងអាចផលិតថាមពលបានតែ ២២០វ៉ាត់ប៉ុណ្ណោះ។ ខណៈនេះ Voyager-1 នៅសល់ឧបករណ៍ ៤មុខកំពុងដំណើរការ ខណៈ Voyager-2 វិញនៅសល់ ៥មុខ។ ពេលបាញ់បង្ហោះចេញពីផែនដី យាននីមួយៗមានបំពាក់ឧបករណ៍សំខាន់ៗ ១០មុខរៀងៗខ្លួន»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃពុធ ទី២៤ ខែមករា ឆ្នាំ២០២៤)