ជប៉ុនបញ្ចេញរូបភាពដំបូងលើផ្ទៃព្រះចន្ទ ថតដោយកូនរ៉ូបូត «LEV-2» ដែលរំដោះខ្លួនចេញពីយាន SLIM (មានរូបភាព)

(តូក្យូ)៖ នៅរសៀលថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤នេះ ក្រុមការងារនៃទីភ្នាក់ងារអវកាសជប៉ុន (JAXA) បានធ្វើសន្និសីទសារព័ត៌មាន ដើម្បីបង្ហាញអំពីដំណើរវិវត្តន៍របស់បេសកកម្ម SLIM (Smart Lander for Investigating Moon)Moon Sniper (អ្នកប្រមាញ់នៅព្រះចន្ទ) របស់ខ្លួន ដែលបានចុះចតលើផ្ទៃព្រះចន្ទបានសម្រេច (តែជួបបញ្ហាខ្លះៗ) កាលពីយប់ថ្ងៃទី១៩ ខែមករានោះ។

ទំហំពិតរបស់កូនរ៉ូបូត LEV-1 និង LEV-2 (រូបភាពពី JAXA/Japan)

អ្វីយើងទាំងអស់គ្នាប៊ិះនឹងភ្លេចនោះ គឺនៅក្នុងខ្លួន SLIM មានរ៉ូបូតខ្នាតតូចប៉ុនគ្រាប់ពីងប៉ុងចំនួន ២គ្រឿង នោះគឺ LEV-1 និង LEV-2 (Lunar Exploration Vehicles) ដោយក្នុងនោះរ៉ូបូត LEV-1 មានផ្ទុកកាមេរ៉ា, ឧបករណ៍បញ្ជូនរលកសញ្ញាវិទ្យុមកផែនដី និងឧបករណ៍ស្រូបសំឡេង សម្រាប់ថតអំលុងការចុះចតរបស់យាន SLIM លើព្រះចន្ទ ខណៈរ៉ូបូត LEV-2 SORA-Q វិញមានបំពាក់កាមេរ៉ា ២ គ្រាប់ (សហការផលិតជាមួយក្រុមហ៊ុន SONY, ក្រុមផលិតឧបករណ៍ក្មេងលេង Takara Tomy និងសាកលវិទ្យាល័យ Doshisha) ដើម្បីថតទិដ្ឋភាពនានាលើផ្ទៃព្រះចន្ទ ហើយបញ្ជូនទៅកាន់ LEV-1 ដើម្បីផ្ទេរបន្តមកកាន់ផែនដី (កូនរ៉ូបូតទាំង ២ ត្រូវធ្វើការងារជាមួយគ្នា)

រូបភាព 3D នៃយាន SLIM ដែលជាជំហរត្រូវបានរំពឹងទុកក្រោយការចុះចត (រូបភាពពី JAXA/Japan)

កូនរ៉ូបូតទាំង ២គ្រឿងនេះ បានរំដោះខ្លួនចេញពី SLIM ភ្លាមៗនៅមុនយាន Lander ចុះចតលើផ្ទៃព្រះចន្ទ ដើម្បីថតយកទិន្នន័យនានាទាំងនៅមុន និងក្រោយយាន SLIM ចុះចតលើផ្ទៃព្រះចន្ទ។ នៅក្នុងរូបភាពថ្មីនេះដែរ យើងបានឃើញតួយាន SLIM ដាំក្បាលខ្ទប់នឹងផ្ទៃព្រះចន្ទតែម្តង ដោយប្រការនេះគឺមិនខុសពីទិន្នន័យដែល JAXA បានប្រកាសនៅក្នុងអំលុងការចុះចតយាននេះ កាលពីថ្ងៃទី១៩ ខែមករានោះឡើយ។

រូបភាពថតដោយកាមេរ៉ាលើកូនរ៉ូបូត LEV-2 លើផ្ទៃព្រះចន្ទ និងបង្ហាញពីស្ថានភាពយាន SLIM (រូបភាពពី JAXA/Japan)

យ៉ាងណាក៏ដោយ ការចុះចតខុសពីការចង់បានបន្តិចរបស់ SLIM នេះហើយ បានធ្វើឲ្យ Lander មួយនេះមិនអាចស្រូបយកថាមពលព្រះអាទិត្យបាន ព្រោះតែបន្ទះស្រូបយកថាមពលពីព្រះអាទិត្យ (Solar Panels) នៅលើតួខ្លួនវា បែរមុខចេញពីទិសដៅព្រះអាទិត្យ។ ប្រការនេះបាននាំឲ្យ SLIM អាចធ្វើប្រតិបត្តិការបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ ដោយពឹងលើថាមពលមានស្រាប់នៅក្នុងខ្លួនវា ហើយ JAXA ត្រូវរង់ចាំដល់ជាង ១សប្តាហ៍បន្ទាប់ពីការចុះចតនោះ ដើម្បីឲ្យព្រះអាទិត្យរះឡើងលើផ្ទៃព្រះចន្ទពីទិសផ្សេងមួយទៀត ក្រែងលោ SLIM អាចស្រូបយកថាមពលមកប្រើប្រាស់បានវិញ ហើយនេះគឺជាក្តីសង្ឃឹមតែមួយគត់។

រូបថតមិនផ្លូវការលើផ្ទៃព្រះចន្ទ (ខូចគុណភាព) បានមកពីបេសកកម្ម SLIM (រូបភាពពី JAXA/Japan)

គួរបញ្ជាក់តាមក្រុមការងារ JAXA បានអះអាងថា ក្រៅពីបានក្លាយជាប្រទេសទីលើពិភពលោក បន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ប្រទេសចិន និងប្រទេសឥណ្ឌា ក្នុងការចុះចតយានដោយជោគជ័យលើផ្ទៃព្រះចន្ទនោះ ជប៉ុនក៏បានក្លាយជាប្រទេសទី លើលោក ដែលបានប្រើប្រាស់រ៉ូបូតចល័តលើព្រះចន្ទបានសម្រេចផងដែរ បន្ទាប់ពីសហរដ្ឋអាមេរិក, ប្រទេសចិន និងប្រទេសឥណ្ឌា ហើយក៏ជាប្រទេសទី ១ លើពិភពលោក ដែលបានប្រើប្រាស់បច្ចេកវិទ្យារ៉ូបូតខ្នាតតូចប្រភេទនេះ នៅលើផ្ទៃព្រះចន្ទថែមទៀត៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ JAXA/SPACE (ថ្ងៃព្រហស្បតិ៍ ទី២៥ ខែមករា ឆ្នាំ២០២៤)

Comments (0)
Add Comment