(បរទេស)៖ យន្តហោះដ្រូន ឬកូនឧទ្ធម្ភាគចក្រភពអង្គារ (Mars Helicopter) ឈ្មោះ Ingenuity ដែលបានបង្កើតប្រវត្តិសាស្ត្រឲ្យអង្គការ NASA រួចទៅហើយនោះ ត្រូវបានសម្រេចឲ្យបិទបញ្ចប់បេសកកម្មរបស់ខ្លួនជាស្ថាពរនៅក្នុងរណ្តៅ Jezero (អតីតបឹងស្តុកទឹកមានអង្កត់ផ្ចិត ៤៥គីឡូម៉ែត្រ) នៃភពក្រហមនោះហើយ បន្ទាប់វាបានធ្វើការហោះហើររាប់សិបដងច្រើនជាងការគ្រោងទុក។
បើទោះបីជាកូនឧទ្ធម្ភាគចក្រ Ingenuity នៅតែអាចឈរត្រង់លើដីភពអង្គារ និងបញ្ជូនសញ្ញាមកកាន់ ក្រុមការងារលើផែនដីវិញក៏ដោយ ក៏រូបភាពក្រោយការហោះហើរលើកទី ៧២ កាលពីថ្ងៃទី១៨ ខែមករា ឆ្នាំ២០២៤ ដែលត្រូវបានបញ្ជូនមកផែនដីនៅក្នុងសប្តាហ៍នេះបង្ហាញថា ក្បាលរ៉ូទ័រ (ស្លាបកង្ហារ) របស់វាចំនួនមួយ ឬអាចលើសពីមួយ បានរងការខូចខាតអំឡុងពេលចុះចតលើកចុងក្រោយនោះ។ ដូច្នេះវាពិតជាមិនអាចហោះហើរបានទៀតទេ។
ពីដើមឡើយ Ingenuity ត្រូវបានរចនាឡើងជាការធ្វើតេស្តបច្ចេកវិទ្យា ក្នុងការហោះហើរសាកល្បងចំនួនតែ «៥ដង» ក្នុងអំលុងពេល «៣០ថ្ងៃ» ប៉ុណ្ណោះនៅលើភពអង្គារ ដែលមានបរិយាកាសស្តើង និងកម្លាំងទំនាញខ្សោយជាងផែនដីយើងឆ្ងាយ។ យ៉ាងណាក៏ដោយ រូបភាពចុងក្រោយរបស់ NASA ដែលបង្ហាញពីស្រមោលស្លាបកង្ហារបស់ Ingenuity លើផ្ទៃភពអង្គារនោះ គឺពិតជាបញ្ជាក់យ៉ាងច្បាស់ពីការខូចខាត របស់ដ្រូនដែលមានជើងទម្រ ៤ និងបន្ទះស្លាបតូចៗសរុបចំនួន ៤សន្លឹកនេះ។
គួរបញ្ជាក់ថា Ingenuity ពិតជាបានបង្កើតប្រវត្តិសាស្ត្រថ្មីឲ្យអង្គការ NASA ក៏ដូចជាមនុស្សជាតិទាំងមូល កាលពីឆ្នាំ២០២១ ក្នុងនាមជាគ្រឿងយន្តហោះហើរដំបូងបង្អស់ ដែលមានប្រភពពីផែនដី ហើយអាចទៅបើកដំណើរការហោះហើរ ក្នុងខ្យល់អាកាសរបស់ភពអង្គារ។ អស់រយៈពេលជិត ៣ឆ្នាំ Ingenuity ត្រូវបានបញ្ជាឲ្យហោះហើរសរុប ៧២ដង ស្មើនឹងចម្ងាយ ១៧គីឡូម៉ែត្រ (ឆ្ងាយជាងចម្ងាយដែលត្រូវបានគ្រោងទុក ១៤ដង) និងបានកម្ពស់ខ្ពស់បំផុត ២៤ម៉ែត្រ ព្រមទាំងមានរយៈពេលហោះហើរក្នុងខ្យល់អាកាសភពអង្គារសរុប ២ម៉ោង និង ៨នាទី។
គួរបញ្ជាក់ថា ក្នុងការអភិវឌ្ឍ និងផលិតចេញជា Ingenuity នេះ អង្គការ NASA បានចំណាយថវិកាសរុប ៨០លានដុល្លារអាមេរិក ខណៈការគ្រប់គ្រងប្រតិបត្តិការរបស់វា ត្រូវចំណាយសរុប ៥លានដុល្លារ។ បើទោះបីជាយាន Perseverance បានចុះទៅដល់ផ្ទៃភពអង្គារ កាលពីថ្ងៃទី១៨ ខែកុម្ភៈ ឆ្នាំ២០២១ ដោយជោគជ័យពិតមែន តែការបញ្ចេញ Ingenuity ពីក្នុងពោះរបស់យាននេះ ត្រូវបានធ្វើឡើងនៅថ្ងៃទី៣ ខែមេសា ឆ្នាំ២០២១ ឯណោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/SPACE (ថ្ងៃសុក្រ ទី២៦ ខែមករា ឆ្នាំ២០២៣)