(បរទេស)៖ Proxima Centauri b ឬហៅយ៉ាងខ្លីថា Proxima b គឺជាភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) ដែលស្ថិតនៅជិតផែនដីយើងបំផុត។ នោះគឺជាពិភពលោកមួយ ដែលកំពុងស្ថិតក្នុងតំបន់អំណោយផលដល់ការកកើតជីវិត (habitable zone) នៅជុំវិញផ្កាយតូចពណ៌ក្រហម (red dwarf) ឈ្មោះ Proxima Centauri ដែលមានចម្ងាយត្រឹមតែ ៤.២ឆ្នាំពន្លឺប៉ុណ្ណោះពីព្រះអាទិត្យយើង (១ឆ្នាំពន្លឺ = ៩.៤៦ទ្រីលានគីឡូម៉ែត្រ)។
យោងតាមការគណនាកន្លងមក Proxima b ទទួលបានថាមពលពន្លឺពីផ្កាយមេរបស់វាប្រមាណ ៦៥% បើធៀបនឹងកម្រិតថាមពលពន្លឺ ដែលភពផែនដីទទួលបានពីព្រះអាទិត្យ។ ដូច្នេះ ប្រសិនបើ Proxima b ឆ្លងកាត់ប្រវត្តិសាស្ត្រដូចភពផែនដី នោះមហាសមុទ្រទឹករាវ និងបរិយាកាសក្រាស់ពោពេញដោយអុកស៊ីហ្សែន ប្រាកជាមានវត្តមានលើភពនោះ។
មកទល់ពេលនេះ យើងអាចត្រឹមប៉ាន់ស្មានសិនប៉ុណ្ណោះ ដោយអ្នកជិតខាងបំផុតរបស់យើងនេះអាចជា ភពមានផ្ទុកជីវិត ឬមួយក៏អាចត្រឹមជាភពថ្មស្ងួត (dry rock planet)។ ប៉ុន្តែ, ទោះជាបែបនេះក្តីក៏ Proxima b នៅតែជាគោលដៅដ៏ល្អមួយក្នុងការស្វែងរកជីវិតអេលៀន (alien life) ដោយមិនអាចមើលឃើញរំលងបាន។ សម្រាប់អត្ថបទថ្មីនេះ ក្រុមតារាវិទូបានលើកយកបញ្ហាសំខាន់មួយនោះគឺ «វិធីសាស្រ្តធម្មតាៗរបស់យើង សម្រាប់ការស្វែងរកដាននៃជីវិត នៅលើទីឋានដទៃ នឹងមិនអាចយកមកអនុវត្តលើភព Proxima b នោះទេ»។
- ហេតុអ្វីយើងមិនអាចឆ្លុះមើលបរិយាកាសភព Proxima b តាមវិធីសាស្ត្រទូទៅ?
ត្រង់ចំណុចនេះ ក្រុមតារាវិទូចង់សម្តៅទៅលើការប្រើប្រាស់ វិធីសាស្ត្ររង់ចាំភព Exoplanets ធ្វើដំណើរកាត់ពីមុខពន្លឺផ្កាយមេរបស់ពួកវា ឬ transit method ដើម្បីឲ្យក្រុមតារាវិទូយល់ដឹងពីវត្តមានពិតប្រាកដរបស់ពួកវាផង និងយកឱកាសនោះ សិក្សាអំពីសមាសធាតុផ្សំនានាដូចជា ទឹក (Water), កាបូនឌីអុកស៊ីត (CO2) និងម៉ូលេគុលផ្សេងៗទៀត ដែលកំពុងមានលើភពទាំងនោះផង តាមរយៈការប្រែប្រួលពន្លឺផ្កាយ ពេលចាំងចូលក្នុងបរិយាកាសពួកវា។
ប៉ុន្តែសម្រាប់ Proxima b វិញ គឺមិនមែនជាភព Exoplanet ដែលមានគន្លងគោចរស្ថិតនៅក្នុងទីតាំង ដែលអាចឲ្យតេឡេស្កូបពីភពផែនដី ស្វែងរកវាឃើញតាមវិធីសាស្ត្រដូចខាងលើនេះ ឬមួយក៏អាចអង្កេតបរិយាកាសវាបាននោះឡើយ។ ជាក់ស្តែង ភព Proxima b ត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រប្រកាសរកឃើញកាលពីឆ្នាំ២០១៦ តាមរយៈវិធីសាស្ត្រ Doppler spectroscopy។
- តើអ្វីទៅជាវិធីសាស្ត្រ Doppler Spectroscopy?
ដោយសារតែប្រព័ន្ធផ្កាយ Proxima Centauri មានភពគោចរជុំវិញ នៅក្នុងលក្ខណៈដែលមិនអាចឲ្យព្រឹត្តិការណ៍ Transit នៃភពរបស់វា ត្រូវបានតេឡេស្កូបជាច្រើនលើភពផែនដី ឬទីអវកាស ប្រើប្រាស់ដើម្បីអង្កេតរកវត្តមាន និងឆ្លុះមើលបរិយាកាសនោះ ទើបវិធីសាស្ត្រ Doppler Spectroscopy ត្រូវបានក្រុមតារាវិទូប្រើប្រាស់ ប៉ុន្តែបេសកកម្មបែបនេះក៏មានភាពលំបាកខ្លាំងផងដែរ។
នៅក្នុងស្ថានភាពរបស់ Proxima Centauri ឥទ្ធិពលនៃកម្លាំងទំនាញ (gravitational pull) របស់ភព Proxima b ក៏អាចធ្វើឲ្យពន្លឺផ្កាយនេះញាក់ញ័រតិចតួចដែរ នៅក្នុងទម្រង់ជាវិសាគមពន្លឺដ៏ស្រទន់មានពណ៏ខៀវ (blueshift) និងក្រហម (redshift) ពេលយើងមើលតាមតេឡេស្កូបពីភពផែនដីទៅ ហើយយើងពិតជាអាចប៉ាន់ស្មាន ពីរយៈចម្ងាយភព Proxima b ពីផ្កាយវា ព្រមទាំងទំហំ និងម៉ាស់បានផងដែរ តាមរយៈព័ត៌មានទាំងអស់នេះ។
ប៉ុន្តែយើងនៅតែមិនអាច ឆ្លុះមើលបរិយាកាសវាបានដដែល ព្រោះផែនដី ឬប្រព័ន្ធព្រះអាទិត្យយើង មិនស្ថិតនៅចំទីតាំងដែលអាចមើលឃើញ ភពនោះគោចរកាត់ពន្លឺផ្កាយមេរបស់វាឡើយ ខណៈទំហំស្មើនឹង ១.៣ដងរបស់ផែនដីបែបនេះ ក៏កាន់តែធ្វើឲ្យការសង្កេតមើលបុគ្គលិកលក្ខណៈនៃភព Proxima b នេះកាន់តែពិបាក។
- តើ James Webb អាចអង្កេតបរិយាកាសភព Proxima b បានឬទេ?
ដូចអ្វីដែលបានរៀបរាប់ខាងលើនេះ នោះគឺផែនដីរបស់យើងមិនស្ថិតនៅចំណុចដែល អាចមើលឃើញភព Proxima b គោចរកាត់ពន្លឺផ្កាយមេរបស់វា (transit) ហេតុដូច្នេះគ្មានវិធីសាស្ត្រដែល James Webb អាចឆ្លុះមើលបរិយាកាសរបស់ភព Exoplanet មួយនេះឡើយ។ ភព Exoplanet ដែល Webb បានឆ្លុះមើលកន្លងមកដូចជា Trappist-1 b និង c ជាដើម គឺសុទ្ធតែស្ថិតនៅចំទីតាំងល្អៗ ដែលតេឡេស្កូបនេះអាចឆ្លុះមើលបរិយាកាស នៅពេលពន្លឺផ្កាយ Trappist-1 ចាំងលើបរិយាកាសពួកវាទាំងពីរបាន, ប៉ុន្តែសម្រាប់ Proxima b វិញ គឺមិនដូច្នេះទេ។
- តើត្រូវធ្វើដូចម្តេចទើបអាចឆ្លុះមើលបរិយាកាសភព Proxima b បាន?
ក្រោយការព្យាយាមគ្រប់វិធី ដើម្បីអង្កេតមើលស្ថានភាពភព Proxima b តែនៅតែមិនមានតំរុយទៀតនោះ ពេលនេះក្រុមការងារអន្តរជាតិ កំពុងសម្លឹងមើលតេឡេស្កូបយក្ស ELT (Extremely Large Telescope) ដែលកំពុងស្ថិតក្នុងការសាងសង់នៅលើតំំបន់ភ្នំមួយ នៃភាគខាងជើងប្រទេសឈីលី (អាចនឹងដាក់ឲ្យដំណើរការនៅឆ្នាំ២០២៨) ខណៈដែលនៅទីនោះ គឺល្បីល្បាញខាងមានមេឃស្រឡះល្អស្ទើរគ្រប់រដូវកាល។
ELT នឹងបំពាក់នូវឧបករណ៍ទំនើបចុងក្រោយមួយគឺ High Angular Resolution Monolithic Optical and Near-infrared Integral field spectrograph (HARMONI) ដែលជាឧបករណ៍អង្កេតពន្លឺក្រហមអាំងហ្វ្រាជិត ក្នុងកម្រិតភាពលម្អិតខ្ពស់បំផុត ដើម្បីសង្កេតរកពន្លឺដ៏ស្រទន់ចេញពីបរិយាកាសរបស់ភព Proxima b។ តើឧបករណ៍ HARMONI នេះ នឹងអាចអង្កេតឃើញម៉ូលេគុលនានាក្នុងបរិយាកាសភពនេះដែរឬទេ?
ចម្លើយយ៉ាងខ្លីគឺ «ទេ»។ ឧបករណ៍ HARMONI នឹងត្រូវយកទៅប្រើប្រាស់លើ ELT តាមរយៈការបំពាក់ម៉ាស់បំប្លែងពណ៌ (masking effect) ដើម្បីឲ្យក្រុមតារាវិទូរកឃើញ «ពណ៌ និងពន្លឺ» ដែលត្រូវបានបញ្ចេញពីភព Proxima b នោះ។ ទោះបីជាវិធីសាស្ត្របែបនេះ ហាក់នៅតែមិនច្បាស់លាស់ ឬមិនពេញតម្លៃដល់ការសិក្សា តែវានៅតែជាវិធីសាស្ត្រចាំបាច់ថ្មីដែលអាចធ្វើចំពោះភព Proxima b ហើយក្រុមតារាវិទូនឹងប្រើប្រាស់កម្មវិធីកុំព្យូទ័រ simulation បន្ថែម ដើម្បីសិក្សាអ្វីដែលអាចមានលើភពនោះ និងតាមរយៈកម្មវិធីបញ្ញាសិប្បនិមិត្ត (AI) ផងក៏ថាបានដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Universe Today (ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤)