ផ្កាយរណប NASA ថតបានទីតាំងយានជប៉ុន SLIM លើផ្ទៃព្រះចន្ទ (មានរូបភាព)

(បរទេស)៖ ផ្កាយរណបអង្កេតផ្ទៃព្រះចន្ទ Lunar Reconnaissance Orbiter (LRO) របស់អង្គការ NASA នៃសហរដ្ឋអាមេរិក បានថតរូបភាពទីតាំងដែលយាន SLIM (Smart Lander for Investigating Moon) របស់អង្គការអវកាសជប៉ុន JAXA ដែលបានចុះចតលើផ្ទៃព្រះចន្ទ ដោយជោគជ័យកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤។

រូបភាពថ្មីៗដែល LRO ទើបបញ្ចេញនេះ គឺត្រូវបានថតនៅរយៈកម្ពស់ ៨០គីឡូម៉ែត្រ ពីលើផ្ទៃព្រះចន្ទ ដោយកាមេរ៉ាផ្តិតរូបភាពកម្រិតខ្ពស់របស់ផ្កាយរណបនេះ។ ចំណុចសតូចដែលមានសញ្ញាព្រួញពណ៌សចង្អុលចំនោះហើយ គឺជាយាន SLIM ដែលបានចុះចតខុសការរំពឹងទុកបន្តិច តែនៅតែអាចដំណើរការ និងបានបញ្ចេញរ៉ូបូតខ្នាតតូច ២ គឺ LEV-1 និង LEV-2 ដើម្បីផ្តិតរូបភាពលើផ្ទៃព្រះចន្ទដោគជ័យ។

(រូបភាពពី NASA/JAXA)

យានជប៉ុន SLIM ដែលជាប្រភេទ Lander ខាងលើនេះ បានចុះចតក្នុងរណ្តៅមួយឈ្មោះ Shioli Crater ស្ថិតនៅលើផ្នែករបស់ព្រះចន្ទដែលបែរមករកផែនដីជានិច្ច (near side)។ តាមរយៈការប្រៀបធៀបរូបភាព ដែលត្រូវបានថតនៅទីតាំងដូចគ្នា លើតំបន់មួយនៃផ្ទៃព្រះចន្ទទំហំស្មើនឹង ៤៤០ម៉ែត្រ (បណ្តោយរូបភាព) យើងអាចវត្តមានយាន SLIM នៅទីនោះយ៉ាងជាក់ច្បាស់។

រូបលើថតពេល SLIM មិនទាន់ចុះចត, រូបក្រោមថតពេល SLIM ចុះចតរួច (ក្នុងរង្វង់ក្រហម) (រូបភាពពី NASA)

គួរបញ្ជាក់ថា ជប៉ុនបានក្លាយជាប្រទេសទី លើលោក ក្នុងការចុះចតយានដោយជោគជ័យ នៅលើផ្ទៃព្រះចន្ទ បន្ទាប់ពីអតីតសហភាពសូវៀត, សហរដ្ឋអាមេរិក, ប្រទេសចិន និងប្រទេសឥណ្ឌា។ តែយ៉ាងណា យាន SLIM មិនបានស្ថិតក្នុងជំហរតាមការចង់បាននោះឡើយ ដោយតាមរយៈរូបភាពថតដោយ LEV-2 គ្រប់គ្នាអាចឃើញយាននោះ ហាក់ដាំក្បាលជុលនឹងផ្ទៃព្រះចន្ទ ដែលជាហេតុនាំឲ្យវាមិនអាចស្រូបយក ថាមពន្លឺពីពន្លឺព្រះអាទិត្យមកប្រើការបាន ដោយសារតែបន្ទះសូឡា (Solar Panels) បែរចេញពីទិសដៅព្រះអាទិត្យ។

(រូបភាពពី JAXA)

ជាការពិតយាន SLIM អាចដំណើរការបានតែប៉ុន្មានម៉ោងប៉ុណ្ណោះ តាមរយៈថាមពលដែលមានស្រាប់ក្នុងអាគុយរបស់វា ហើយ JAXA ត្រូវរង់ចាំពេលជិត ២សប្តាហ៍ទៀត បន្ទាប់ពីការចុះចតកាលពីថ្ងៃទី១៩ ខែមករា ឆ្នាំ២០២៤ ដើម្បីឲ្យព្រះអាទិត្យរះពីទិសដៅម្ខាងទៀតនៃព្រះចន្ទ ក្រែងលោយាន SLIM អាចស្រូបថាមពលដើម្បីប្រើប្រាស់បានវិញខ្លះ ដែលនេះជាក្តីសង្ឃឹមចុងក្រោយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃចន្ទ ទី២៩ ខែមករា ឆ្នាំ២០២៤)

Comments (0)
Add Comment