(បរទេស)៖ ភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanets) ថ្មីៗចំនួន ៨៥ ត្រូវបានរកឃើញ និងសង្ស័យថា ភពខ្លះក្នុងចំណោមនោះ «អាចកំពុងលាក់ជីវិត» ហើយពួកវាសុទ្ធតែស្ថិតនៅក្នុង «ប្រព័ន្ធផ្កាយពិសេសៗ (unique star system)»។ ក្រុមនិស្សិតដែលបានស្រាវជ្រាវរកឃើញភពទាំងអស់នេះ កំពុងរង់ចាំតែទីភ្នាក់ងារអវកាសអាមេរិក NASA ទទួលស្គាល់លទ្ធផល ដែលពួកគេបានរកឃើញនេះជាផ្លូវការប៉ុណ្ណោះ។ តើប្រព័ន្ធផ្កាយទាំងអស់នោះ ពិសេសដូចម្តេច?
លទ្ធផលខាងលើនេះ គឺទទួលបានមកពីការសង្កេតទៅលើបណ្តុំទិន្នន័យ បានមកពីតេឡេស្កូបអវកាស TESS របស់អង្គការ NASA ដែលបានបើកដំណើរការ តាំងតែពីឆ្នាំ២០១៨ រហូតមកទល់នឹងបច្ចុប្បន្ន។ ដោយឡែកក្រុមនិស្សិត ដែលបាននិងកំពុងស្រាវជ្រាវអំពីភពទាំងនេះ គឺដឹកនាំដោយនិស្សិតថ្នាក់ PhD មួយរូបឈ្មោះ Faith Hawthorn មកពីវិទ្យាស្ថានផ្នែករូបសាស្ត្រ និងតារាសាស្ត្រ នៃសាកលវិទ្យាល័យ Warwick ចក្រភពអង់គ្លេស។
ក្រុមនិស្សិតបានហៅភពទាំង ៨៥ នោះថាស្ថិតនៅក្នុង «ប្រព័ន្ធផ្កាយពិសេស» ព្រោះតែពួកវាសុទ្ធតែជាភពទោល នៅក្នុងប្រព័ន្ធផ្កាយសរុបចំនួន ៨៥ ហើយបើតាមការសន្និដ្ឋានជាបឋម ក្នុងចំណោមភពទាំងនោះ មួយចំនួនអាចជាភពថ្ម (rocky planet) និងមួយចំនួនទៀតអាចជាភពសម្បូរឧស្ម័ន (gaseous planet)។
ក្រុមនិស្សិតដដែលបានអះអាងថា ភពទាំង ៨៥ នោះមានបុគ្គលិកលក្ខណៈប្លែកៗពីគ្នា ដោយថេរវេលានៃការគោចរជុំវិញផ្កាយរបស់ពួកវា មានចាប់ពីរយៈ ២០ថ្ងៃ ដល់ ៧០០ថ្ងៃ នៃពេលវេលាលើភពផែនដី ឬដែលស្មើនឹងមួយឆ្នាំរៀងៗខ្លួនរបស់ពួកវា។ បន្ថែមពីនេះ ក្នុងចំណោមភពទាំង ៨៥ នោះគឺ ៦០ភពត្រូវបានរកឃើញដោយ ក្រុមដែលដឹកដោយនិស្សិតឈ្មោះ Faith Hawthorn និង ២៥ភពទៀត ត្រូវបានរកឃើញដោយក្រុមដទៃ។
សម្រាប់សំនួរថា តើភពណាខ្លះដែលអាចកំពុងលាក់ជីវិតនោះ គឺមានតែការសិក្សាបន្តទៅមុខទៀតប៉ុណ្ណោះ ទើបអាចរកចម្លើយឃើញ ខណៈកន្លងមកនេះគ្រប់គ្នាបានយល់រួចមកហើយថា ភពមួយដែលអាចឲ្យគេដាក់ការសង្ស័យថា មានលទ្ធភាពឲ្យជីវិតកកើតឡើងបាននោះ គឺជាដំបូងភពនោះត្រូវតែស្ថិតនៅក្នុង តំបន់អំណោយផលដល់ការកកើតជីវិត (Habitable Zone)។
Habitable Zone ជាគន្លងគោចរប្រកបដោយគម្លាតសមរម្យពីផ្កាយមួយ ដែលនាំឲ្យភពស្ថិតក្នុងគន្លងគោចរនោះ អាចរក្សាវត្តមានទឹករាវ (liquid water) លើផ្ទៃសំបក និងបរិយាកាសស្រោបជុំវិញ ដែលមានកម្តៅសមរម្យ។ ការសិក្សាស្វែងរកភពនៅប្រព័ន្ធផ្កាយដទៃ ដែលមានលទ្ធភាពទ្រទ្រង់ជីវិតកន្លងមកនេះ គឺតែងតែយកភពផែនដី និងប្រព័ន្ធព្រះអាទិត្យយើងនេះធ្វើជាគំរូ។ យល់ដឹងពី Habitable Zone តាមរយៈវីដេអូខាងក្រោម៖
គួរបញ្ជាក់ថា ដំណើរការនៃស្វែងរកភពដោយ TESS គឺមិនសូវខុសពីតេឡេស្កូបលើដី និងតេឡេស្កូបអវកាសផ្សេងទៀតដូចជា Kepler នោះឡើយ នោះគឺការប្រើប្រាស់វិធីសាស្ត្ររង់ចាំអង្កេត ដំណើរភពគោចរកាត់ពីមុខពន្លឺផ្កាយមេរបស់ពួកវា ឬយើងហៅថា Transit Method។ TESS បានបង្កើតសមិទ្ធផលដ៏ច្រើន ក៏ដោយសារតែវាទទួលបានមរតកពី តេឡេស្កូបអវកាស Kepler (បាទបិទបញ្ចប់បេសកកម្មនៅឆ្នាំ២០១៨) ជាបណ្តុំទិន្នន័យនៃប្រព័ន្ធផ្កាយសំខាន់ៗដែលស្ថិតក្នុងការសង្ស័យថា អាចមានភព Exoplanets នៅទីនោះ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ Earth (ថ្ងៃសុក្រ ទី០២ ខែកុម្ភៈ ឆ្នាំ២០២៤)