James Webb ឆ្លុះមើលអនាគតនៃភពព្រហស្បតិ៍ និងសៅរ៍ តាមរយៈភព Exoplanet ចំនួន២

(បរទេស)៖ ទោះបីជាមានតួនាទីសំខាន់ ក្នុងការសិក្សាអំពីកាលកកើតចក្រវាល តាមរយៈការអង្កេតកាឡាក់ស៊ីដំបូងៗ ដែលស្ថិតនៅចម្ងាយរាប់ពាន់លានឆ្នាំពន្លឺក្តី ក៏តេឡេស្កូបអវកាស James Webb នៅតែអាចត្រូវបានប្រើប្រាស់ ដើម្បីសង្កេតមើលទិដ្ឋភាពគួរឲ្យចាប់អារម្មណ៍នានា នៅក្នុងកាឡាក់ស៊ី Milky Way របស់យើងបានដែរ។

តួយ៉ាងនៅដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ ក្រុមការងារគ្រប់គ្រង James Webb ទើបបានប្រកាសពីស្នាដៃថ្មី ក្រោយការសង្កេតភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) ខ្នាតធំចំនួន ដែលគោចរជុំវិញផ្កាយស្លាប់ (dead star) ជាប្រភេទ white dwarf ចំនួន ដួងផ្សេងៗគ្នាផងដែរ។ White dwarf ឬផ្កាយតឿពណ៌ស អាចកើតឡើងនៅពេលផ្កាយមួយ អស់ឧស្ម័នទ្រទ្រង់ចំហេះ ហើយក៏វិវត្តទៅជាផ្កាយយក្សក្រហម រួចទើបចុះថយមាឌមកវិញក្លាយជា white dwarf

រូបតំណាងភព Exoplanet គោចរជុំវិញផ្កាយស្លាប់ White Dwarf (Image credit: Robert Lea (created with Canva))

មិនត្រឹមតែភពឧស្ម័នយក្សទាំង ខាងលើនេះ ដែលមានលក្ខណៈប្រហាក់ប្រហែលនឹង ភពព្រហស្បតិ៍ (Jupiter) និងភពសៅរ៍ (Saturn) ប៉ុណ្ណោះទេ តែទិដ្ឋភាពជាក់ស្តែងថ្មីនេះ ក៏បាននាំឲ្យក្រុមតារាវិទូវិភាគទៅដល់ អ្វីដែលនឹងកើតឡើងចំពោះ ប្រព័ន្ធព្រះអាទិត្យយើងពេលឈានដល់ទីបញ្ចប់ផងដែរ។ នៅពេលដែលព្រះអាទិត្យយើង វិវត្តទៅជាតារាយក្សក្រហម (red giant) ហើយសង្រួមមាឌមកត្រឹមជា white dwarf វិញនោះ ភពនានានៅប្រព័ន្ធព្រះអាទិត្យក្នុង (Inner Solar System) ក្នុងនោះរួមទាំងផែនដីផងដែរ ទំនងជានឹងត្រូវព្រះអាទិត្យលេបត្របាក់ទាំងមូល។

ប្រព័ន្ធព្រះអាទិត្យ (រូបភាពពីបរទេស)

ជុំវិញលទ្ធផលថ្មីនេះ លោកស្រី Susan Mullaly តារាវិទូមកពីវិទ្យាស្ថានតេឡេស្កូបអវកាស STScl (Space Telescope Science Institute) ដែលគ្រប់គ្រងលើប្រតិបត្តិការផ្នែកវិទ្យាសាស្ត្រ នៃតេឡេស្កូបអវកាស Hubble, James Webb និងអនាគតតេឡេស្កូបអវកាស Nancy Grace Roman បានលើកឡើងថា «ភព Exoplanet គោចរជុំវិញផ្កាយ white dwarf ក្នុងចំនួនតិចតួចប៉ុណ្ណោះត្រូវបានរកឃើញ។ តែសម្រាប់ភពគោចរជុំវិញផ្កាយប្រភេទ white dwarf ដែលមានភពមាន ម៉ាស, គម្លាតនៃគន្លងគោចរ និងសីតុណ្ហភាព ប្រហាក់ប្រហែលនឹងភពយក្សឧស្ម័ន ក្នុងប្រព័ន្ធព្រះអាទិត្យយើងបែបនេះ គឺជារឿងកម្រ…»។

តេឡេស្កូបអវកាស James Webb (រូបភាពពី NASA/ESA/CSA)

លោកស្រី Susan បានសង្កត់ធ្ងន់បែបនេះថា «វាជាឱកាសលើកដំបូងសម្រាប់យើង ក្នុងការមើលឃើញជាក់ស្តែង នូវអនាគតប្រព័ន្ធផ្កាយផ្កាយដូចជាព្រះអាទិត្យយើង នៅពេលឈានដល់ដំណាក់កាលចុងក្រោយ។ ព្រះអាទិត្យរបស់យើង នឹងក្លាយជាផ្កាយ white dwarf នៅរយៈពេល ៥ពាន់លានឆ្នាំទៀត ហើយនៅគ្រានោះគន្លងគោចរនៃភពនានា ក៏នឹងត្រូវរុញច្រានទៅឆ្ងាយ ជាងគន្លងគោចរបច្ចុប្បន្ននេះដែរ។ ដូច្នេះបើយើងអាចទាញពេលវេលា ឲ្យត្រលប់ថយក្រោយវិញ នោះភព Exoplanet ទាំង ២ ខាងលើនេះ ក៏នឹងស្ថិតនៅគន្លងគោចរដូចជា ភពព្រហស្បតិ៍ និងភពសៅរ៍ របស់ប្រព័ន្ធព្រះអាទិត្យយើងដែរ…»។

លទ្ធផលសង្កេតបឋមលើប្រព័ន្ធផ្កាយទាំង ២ (Image credit: Mulaney)

គួរបញ្ជាក់ថា ប្រព័ន្ធផ្កាយស្លាប់ទាំង ខាងលើនេះ គឺស្ថិតនៅក្នុងបេក្ខភាពនៃការសិក្សា ដោយលទ្ធផលលម្អិត និងផ្លូវការ (ចម្ងាយជាក់លាក់) នឹងត្រូវចេញផ្សាយនៅពេលខាងមុខ។ ផ្កាយទី ១ មានឈ្មោះថា WD 1201-232 និងទី ២ ឈ្មោះ WD 2105-82 ខណៈភព Exoplanet សម្រាប់ប្រព័ន្ធផ្កាយទី១គោចរនៅចម្ងាយ ១.៧២ពាន់លានគីឡូម៉ែត្រពីផ្កាយនេះ ខណៈភព Exoplanet នៅប្រព័ន្ធផ្កាយទី វិញគោចរនៅចម្ងាយ ៥.១៧ពាន់លានគីឡូម៉ែត្រពីផ្កាយមេរបស់វា។ ដូច្នេះ ការសិក្សានេះគឺមិនខុសពី James Webb កំពុងសម្លឹងមើលអនាគតនៃភពព្រហស្បតិ៍ និងសៅរ៍ នៅរយៈពេល ៥ពាន់លានឆ្នាំទៅមុនទៀតនោះឡើយ៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអាទិត្យ ទី០៤ ខែកុម្ភៈ ឆ្នាំ២០២៤)

Comments (0)
Add Comment