(បរទេស)៖ អង្គការ NASA នៃសហរដ្ឋអាមេរិកកំពុងព្យាយាមបញ្ចប់ដំណាក់កាលគូសវាសគម្រោង ដើម្បីសម្រេចឲ្យនូវគំនិតសម្រាប់អភិវឌ្ឍម៉ាស៊ីនប្រតិកម្មនុយក្លេអ៊ែរខ្នាតតូច (រ៉េអាក់ទ័រនុយក្លេអ៊ែរ) ដែលនឹងផលិតថាមពលអគ្គិសនី សម្រាប់ប្រើប្រាស់នៅលើឋានព្រះចន្ទ នៅដើមទសវត្សរ៍ខាងមុខ។
គម្រោងដែលហៅកាត់ថា FSPP ( Fission Surface Power Project) ខាងលើនេះ មានគោលបំណងអភិវឌ្ឍ និងផលិតថាមពលអគ្គិសនី ចេញពីប្រភពដែលមានសុវត្ថិភាព ស្អាត និងគួរឲ្យទុកចិត្តបាននៅលើព្រះចន្ទ ដោយសារតែនៅទីនោះ ពេលយប់ម្តងៗមានរយៈពេលរហូតដល់ទៅជាង ១៤ថ្ងៃ នៃពេលវេលានៅលើផែនដីឯណោះ។ ប្រព័ន្ធបែបនេះអាចដើរតួនាទីយ៉ាងធំធេង នៅក្នុងកម្មវិធី Artemis របស់ NASA ដែលនឹងបោះមូលដ្ឋានមនុស្ស ធ្វើការស្រាវជ្រាវអចិន្ត្រៃយ៍លើផ្ទៃព្រះចន្ទនោះ។
ទីភ្នាក់ងារអវកាស NASA និងក្រសួងថាមពលសហរដ្ឋអាមេរិក បានប្រកាសផ្តល់កិច្ចសន្យាកិច្ចនេះ ដល់ក្រុមហ៊ុនធំៗចំនួនបីនោះគឺ Lockheed Martin, Westinghouse និង IX (ជាការបណ្តាក់ទុនរួមគ្នាលើការអភិវឌ្ឍម៉ាស៊ីន Intuitive Machines និង X-Energy) ដើម្បីបំពេញកង្វះខាតលើដំណាក់កាលដំបូង ដែលត្រូវបានបង្កើតឡើងតាំងតែពីឆ្នាំ២០២២។
ក្រុមហ៊ុនទាំងបីខាងលើនេះ មានតួនាទីក្នុងការបញ្ជូនគម្រោង អំពីការរចនាដំបូងសម្រាប់រ៉េអាក់ទ័រ និងប្រព័ន្ធបន្ទាប់បន្សំ, ការប៉ាន់ស្មានលើខ្ទង់ចំណាយ និងពេលវេលាក្នុងសាងសង់ ទៅកាន់អង្គការ NASA និងក្រសួងថាមពលអាមេរិក ហើយដែលទាំងអស់នេះអាចត្រួសត្រាយផ្លូវសម្រាប់ គម្រោងផ្គត់ផ្គង់ថាមពលដល់សកម្មភាពរស់នៅ និងធ្វើការប្រចាំថ្ងៃរបស់មនុស្សលើផ្ទៃព្រះចន្ទ សម្រាប់រយៈពេលយ៉ាងហោចណាស់ ១០ឆ្នាំ។
ម៉ាស៊ីនរ៉េអាក់ទ័រនុយក្លេអ៊ែរ អាចនឹងត្រូវដាក់ឲ្យដំណើរការលើតំបន់ប៉ូលខាងត្បូងព្រះចន្ទ ព្រោះនៅទីនោះមានរណ្តៅមួយចំនួនដែលមិនដែលស្គាល់ពន្លឺព្រះអាទិត្យ ហើយក៏មានទឹកកក (water ice) និងអ្វីផ្សេងៗទៀតនៅក្នុងនោះផងដែរ។ ជំហានដែលក្រុមហ៊ុនទាំង ៣ កំពុងសិក្សានេះគឺជា ដំណាក់កាលទី ១ (Phase 1) ហើយនេះជាគម្រោងដែលត្រូវសិក្សាឲ្យបានលទ្ធផល មុននឹងឆ្ពោះទៅរក ដំណាក់កាលទី ២ (Phase 2) ដែលនឹងក្លាយជាការរចនារ៉េអាក់ទ័រនុយក្លេអ៊ែរនោះជាលើកចុងក្រោយ ហើយវានឹងកើតឡើងនៅឆ្នាំ២០២៥។
ក្រោយបញ្ចប់ដំណើរការសិក្សា Phase 2 នៅឆ្នាំ២០២៥ និងការចាប់ផ្តើមផលិត «រ៉េអាក់ទ័រនុយក្លេអ៊ែរខ្នាតតូច» នោះនៅពេលបន្តបន្ទាប់ អង្គការ NASA នឹងមើលឃើញការដាក់វាលើគ្រាប់រ៉ុក្កែត ដើម្បីបាញ់បញ្ជូនទៅកាន់ឋានព្រះចន្ទនៅដើមទសវត្សរ៍ ២០៣០។ យ៉ាងណាក៏ដោយ វាមិនប្រាកដថាកាលបរិច្ឆេទទាំងអស់នេះ នឹងអាចប្រព្រឹត្តទៅតាមការចង់បានទាំងអស់ឡើយ។
គួរបញ្ជាក់ថា ជាការបើកទំព័រឆ្នាំ ២០២៤ កាលពីដើមខែមករាកន្លងទៅថ្មីៗនេះ ប្រធាន NASA លោក Bill Nelson បានប្រកាសថា «បេសកកម្ម Artemis 2 ដែលជាគម្រោងដឹកនាំអវកាសយានិក ៤រូប តាមរយៈយានអវកាស Orion ទៅគោចរជុំវិញព្រះចន្ទ នៅខែវិច្ឆិកា ឆ្នាំ២០២៤ និងត្រឡប់មកកាន់ផែនដីវិញ (ដោយគ្មានការចុះចតលើព្រះចន្ទ) ត្រូវពន្យារពេលទៅដល់ខែកញ្ញា ឆ្នាំ២០២៥។ រីឯបេសសកកម្ម Artemis 3 ដែលគ្រោងដឹកនាំអវកាសយានិក ទៅចុះចតជាលើកដំបូងនៅប៉ូលខាងត្បូងព្រះចន្ទ នៅចុងឆ្នាំ២០២៥ នោះ ត្រូវពន្យារពេលទៅកាន់ខែកញ្ញា ឆ្នាំ២០២៦។ ដោយឡែកចំពោះបេសកកម្ម Artemis 4 វិញ គឺស្ថិតក្នុងកាលបរិច្ឆេទដដែល នោះគឺខែកញ្ញា ឆ្នាំ២០២៨»៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃចន្ទ ទី០៥ ខែកុម្ភៈ ឆ្នាំ២០២៤)