(អាមេរិក)៖ នៅថ្ងៃចន្ទ ទី០៨ ខែមេសា ឆ្នាំ២០២៤ (ម៉ោងនៅរដ្ឋធានីវ៉ាស៊ីនតោន) សហរដ្ឋអាមេរិកនឹងជួបបាតុភូត «សូរ្យគ្រាសពេញលេញ (total solar eclipse)» ដែលនឹងអាចមើលឃើញដោយ ប្រជាជននៅតាមរដ្ឋជាច្រើន ហើយជាពិសេសនោះ គឺនៅក្នុងថេរវេលាអូសបន្លាយដ៏យូរបំផុត មិនធ្លាប់មានក្នុងរយៈពេល ១០០ឆ្នាំមកនេះ។
សម្រាប់បាតុភូតសូរ្យគ្រាសនាពេលខាងមុខនេះ រដ្ឋចំនួន ៣ នៅក្នុងប្រទេសម៉ិកស៊ិក, រដ្ឋចំនួន ១៥ នៅសហរដ្ឋអាមេរិក និងខេត្តចំនួន ៤ នៅប្រទេសកាណាដា នឹងអាចមើលឃើញ ក្នុងលក្ខណៈពេលលេញ (ដូចមានបញ្ជាក់នៅក្នុងផែនដី)។ សម្រាប់នៅសហរដ្ឋអាមេរិក សូរ្យគ្រាសពេញលេញនឹងអូសកាត់ទឹកដីសហរដ្ឋអាមេរិក នៅក្នុងរយៈពេលសរុប ៤នាទី និង ២៨.២វិនាទី។
សម្រាប់រដ្ឋទាំង ១៥ នៅសហរដ្ឋអាមេរិកនោះ បាតុភូតសូរ្យគ្រាសពេញនឹងអូសកាត់ចាប់ពីរដ្ឋ Texas នៅភាគខាងត្បូងប្រទេស ឡើងទៅរដ្ឋ Arkansas, Oklahoma, Missouri, Tennessee, Illinois, Kentucky, Indiana, Ohio, Michigan, Pennsylvania, New York, Vermont, New Hampshire និងចុងក្រោយគេគឺរដ្ឋ Maine ដែលស្ថិតនៅចុងភាគឦសានសហរដ្ឋអាមេរិកតែម្តង។
យ៉ាងណាក៏ដោយ ដោយសារតែរដ្ឋភាគច្រើននៅសហរដ្ឋអាមេរិក មានទំហំផ្ទៃដីធំធេងនោះ រដ្ឋខ្លះទោះបីជាមានសូរ្យគ្រាសពេញលេញអូសកាត់ក៏មិនប្រាកដថា ប្រជាជនរស់នៅគ្រប់ទីកន្លែងក្នុងរដ្ឋនោះ អាចមើលឃើញបានពេញលេញនោះដែរ។ លោកអ្នកអាចតាមដានផែនទីខាងក្រោមនេះ ដែលបង្ហាញអំពីទីក្រុង ឬសង្កាត់សំខាន់ៗក្នុងរដ្ឋទាំងនោះ ដែលអាចឲ្យមើលឃើញសូរ្យគ្រាស ១០០% (តំបន់ពណ៌ខ្មៅដិត TOTAL) ខណៈតំបន់ដែលធ្លាក់មកនៅ ៩០% ៨០% និង ៦០% ជាដើម គឺជាសូរ្យគ្រាសមិនពេញលេញ ឬ Partial Solar Eclipse។
គិតចាប់ពីឆ្នាំ ១៩២៥ ដល់ឆ្នាំ ២០២៤ សូរ្យគ្រាសពេញលេញបានកើតឡើង ពីលើសហរដ្ឋអាមេរិកសរុបចំនួន ៧៥លើក តែក្នុងនោះយូរបំផុតគឺមានថេរវេលាតែ ៣នាទី និង ១៣វិនាទីប៉ុណ្ណោះ។ ដោយឡែកសម្រាប់ព្រឹត្តិការណ៍នៅថ្ងៃទី៨ ខែមេសា ខាងមុខនេះ នឹងត្រូវចាត់បញ្ចូលទៅក្នុង «Four Minute ឬ Greater Club» ដែលជាក្រុមសូរ្យគ្រាសពេញលេញក្នុងរយៈពេលយូរ ដែលមានតែ ២៥% ប៉ុណ្ណោះ នៃព្រឹត្តិការណ៍ដែលត្រូវបានតាមដានសរុបកន្លងមក នៅសហរដ្ឋអាមេរិកផ្ទាល់៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃអង្គារ ទី០៦ ខែកុម្ភៈ ឆ្នាំ២០២៤)