NASA ដាក់ឈ្មោះឲ្យទីតម្កល់ខ្មោចដ្រូន Ingenuity លើភពព្រះអង្គារថា «ដីអមត»

(បរទេស)៖ អង្គការ NASA នៃសហរដ្ឋអាមេរិកបានប្រកាស បិទបញ្ចប់ជាស្ថាពរនូវបេសកកម្ម Ingenuity (កូនឧទ្ធម្ភាគចក្រភពអង្គារ) កាលពីចុងខែមករា ឆ្នាំ២០២៤ បន្ទាប់ពីការហោះហើរលើកទី ៧២ (កាលពីថ្ងៃទី១៨ ខែមករា) រួចបានបង្ហាញឲ្យឃើញថា ស្លាបរបស់ដ្រូននោះរងការខូចខាតយ៉ាងដំណំ ដែលមិនអាចឲ្យវាហោះហើរបានទៀតឡើយ។

(វីដេអូអំពីការបិទបញ្ចប់បេសកកម្ម Ingenuity)

តាមរយៈរូបភាពថ្មីៗ ដែលត្រូវបានថតនៅដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ គ្រប់គ្នាបានឃើញ Ingenuity កំពុងស្ថិតនៅលើទីវាលខ្សាច់មួយ ដែលស្ថិតនៅចន្លោះទីទួលពោពេញដោយ កម្ទេចដុំថ្មទាំងតូចទាំងធំ នៅក្នុងរណ្តៅ Jezero ដែលបេសកកម្មយានស្រាវជ្រាវភពអង្គារ Perseverance បានចុះទៅដល់កាលពីខែកុម្ភៈ ឆ្នាំ២០២១ និងមានរយៈពេលជិត ៣ឆ្នាំមកហើយនេះ។

កូនឧទ្ធម្ភាគចក្រ Ingenuity ស្ថិតនៅលើវាលខ្សាច់ និងត្រូវបានថតដោយកាមេរ៉ា Mastcam-Z លើយាន Perseverance ពីរយៈចម្ងាយ ៤៥០ម៉ែត្រ (Image credit: NASA/JPL-Caltech/ASU/MSSS)

វាលខ្សាច់នោះហើយ គឺជាទីតម្កល់កូនឧទ្ធម្ភាគចក្រ Ingenuity ហើយអង្គការ NASA បានសម្រេចដាក់ឈ្មោះឲ្យទីនោះថា «ដីអមត»«Undying Lands» ដែលជាឈ្មោះតំបន់មួយមាននៅក្នុងខ្សែរឿង «Lord of the Rings» ខណៈដែលឈ្មោះដើមរបស់ទីតម្កល់ Ingenuity នោះគឺ «Valinor Hills»

ស្លាប Ingenuity ដែលបានខូចខាត (រូបភាពពី NASA)

បើតាមទម្លាប់ ការសម្រេចធ្វើបែបនេះ គឺជាការផ្តល់កិត្តិយសមួយដល់ Ingenuity ដែលជាគ្រឿងយន្តតំណាងឲ្យភាពជោគជ័យនៃក្រុមការងារអង្គការ NASA ក្នុងការអភិវឌ្ឍវាឡើង ឲ្យក្លាយជាគ្រឿងយន្តដំបូងដែលអាចហោះហើរក្នុងខ្យល់អាកាស នៃទីឋានដទៃក្រៅពីភពផែនដី។

កូនឧទ្ធម្ភាគចក្រ Ingenuity ស្ថិតនៅលើវាលខ្សាច់ និងត្រូវបានថតដោយកាមេរ៉ា Mastcam-Z លើយាន Perseverance ពីរយៈចម្ងាយ ៤៥០ម៉ែត្រ (Image credit: NASA/JPL-Caltech/ASU/MSSS)

ទោះបីជា Ingenuity បានបិទបញ្ចប់បេសកកម្មលើភពអង្គារមែន តែយានមេរបស់វាគឺ Perseverance នៅតែបន្តប្រតិ​បត្តិការតាមដាន និងជីកយកគំរូតាង (sample) លើភពអង្គារដដែល។ NASA ក៏បានត្រៀមកូនឧទ្ធម្ភាគចក្រ ២គ្រឿងទៀតផងដែរ ដើម្បីបញ្ជូនទៅភពអង្គារ ដើម្បីបំពេញបេសកកម្មថ្មីៗ ប៉ុន្តែគេនៅមិនទាន់ដឹងថា អាចបញ្ជូនទៅពេលណាឲ្យប្រាកដឡើយ ព្រោះបច្ចុប្បន្ននេះ NASA កំពុងជួបបញ្ហាផ្នែកថវិកាទ្រទ្រង់៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃសៅរ៍ ទី១០ ខែកុម្ភៈ ឆ្នាំ២០២៤)

Comments (0)
Add Comment