(បរទេស)៖ កាលពីឆ្នាំ២០២២ កន្លងទៅនេះ គ្រប់បានដឹងឮរួចមកហើយនូវគម្រោងផលិត និងបញ្ជូនតេឡេស្កូបអវកាសដំបូងរបស់ចិន ដែលមានតួនាទីតាមដានភពនៅប្រព័ន្ធផ្កាយដទៃ (Exoplanet) និងភពដែលអាចមានជីវិតអេលៀនរស់នៅ (Alien Planet) ជាដើម ទៅកាន់ទីអវកាសនៅឆ្នាំ២០២៦។
សម្រាប់នៅអំលុងខែកុម្ភៈ ឆ្នាំ២០២៤នេះវិញ មន្ទីរអង្កេតតារា (តេឡេស្កូប) លើដីប្រកបដោយអានុភាពមួយទៀត ត្រូវបានចិនអះអាងថា កំពុងស្ថិតក្នុងការសាងសង់ ហើយវាក៏គ្រោងនឹងដាក់ឲ្យដំណើរការជាផ្លូវការ នៅឆ្នាំ២០២៦ ដូចតេឡេស្កូបអវកាសខាងលើនេះដែរ។ ប្រការនេះកំពុងបង្ហាញថា ប្រទេសចិននឹងក្លាយជាអ្នកសិក្សារកភព Exoplanet ដ៏ចម្បងមួយទៀត ខណៈបច្ចុប្បន្នប្រទេសដែលសកម្មជាងគេក្នុងវិស័យនេះគឺសហរដ្ឋអាមេរិក (តាមរយៈអង្គការ NASA) និងសហភាពអឺរ៉ុប (តាមរយៈអង្គការ ESA និង ESO)។
តេឡេស្កូបខាងលើនេះត្រូវបានដាក់ឈ្មោះឲ្យថា Jiaotong University Spectroscopic Telescope ឬអាចហៅយ៉ាងខ្លីថា JUST បាននិងកំពុងស្ថិតការអភិវឌ្ឍ និងសាងសង់ដោយ សាកលវិទ្យាល័យ Jiao Tong នៃទីក្រុងសៀងហៃ ប្រទេសចិន។ JUST កំពុងស្ថិតក្នុងការសាងសង់នៅទីជំរាលភ្នំំ Saishiteng ក្បែរក្រុង Lenghu នៃខេត្ត Qinghai ភាគពាយ័ព្យប្រទេសចិន ហើយនឹងរួចរាល់ជាស្ថាពរនៅអំលុងឆ្នាំ២០២៦។ តំបន់នេះត្រូវបានអាជ្ញាធរខេត្ត Qinghai កំណត់ជាទីតាំងល្អបំផុត សម្រាប់ការសង្កេតផ្នែកតារាសាស្ត្រ។
យោងតាមក្រុមតារាវិទូចិន ការសង្កេតផ្កាយដើម្បីស្វែងរកភព Exoplanet ដោយតេឡេស្កូប JUST នោះនឹងត្រូវពឹងទៅលើកាណុងតេឡេស្កូបមុខកាត់ ៤.៤ម៉ែត្រ ដែលមានសមត្ថភាពសង្កេតទៅលើផ្កាយនានាជាគោលដៅ ដោយការបណ្តាក់វេនគ្នាយ៉ាងឆាប់រហ័សបំផុត តាមរយៈការសង្កេតលើការប្រែប្រួលពន្លឺជាចម្បង។ ក្រុមអ្នកវិទ្យាសាស្ត្រក៏បានអះអាងផងដែរថា JUST នឹងបង្កើតសមិទ្ធផលមិនធ្លាប់មាន ក្នុងការសិក្សាស្រាវជ្រាវផ្នែកសំខាន់ៗមួយចំនួននៃវិស័យតារាសាស្ត្រដូចជា បម្រែបម្រួលវត្ថុអវកាសនានាទៅតាមពេលវេលា និងការរុករកភព Exoplanet។
គួរបញ្ជាក់ថា ឧបករណ៍វាស់ស្ទង់ពន្លឺប្រកបដោយភាពជាក់លាក់ខ្ពស់របស់ JUST នឹងអនុញ្ញាតឱ្យតេឡេស្កូបនេះ សង្កេតទៅលើច្រើនគោលដៅ និងប្រកបដោយភាពជាក់លាក់ខ្ពស់ក្នុងពេលដំណាលគ្នា ដែលធ្វើឱ្យវាក្លាយជាប្រភេទតេឡេស្កូបបែបនេះ «ទីមួយ» នៅលើពិភពលោក។ ក្រុមអ្នកអភិវឌ្ឍន៍ JUST បានសង្កត់ធ្ងន់ថា តេឡេស្កូបនេះនឹងបង្កើនប្រសិទ្ធភាពនៃការវែករកភព Exoplanet ដ៏ចម្បងមួយទៀតសម្រាប់ពិភពលោក៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ CGTN/Jiao Tong (ថ្ងៃអាទិត្យ ទី១១ ខែកុម្ភៈ ឆ្នាំ២០២៤)