(បរទេស)៖ ភពព្រះអង្គារ (Mars) នៅអំលុងវ័យក្មេង ទំនងជាបានកើតមានការប្រែប្រួល សណ្ឋានតិចតូនិច ឬចលនាក្រោមដី (tectonic) និងភ្នំភ្លើង ញឹកញាប់ជាងការគិតពីមុន។ ភស្តុតាងនៃសកម្មភាពតិចតូនិច ដែលបានកើតមានឡើងប្រមាណ ៤ពាន់លានឆ្នាំមុន បានបង្ហាញតាមរយៈឧទាហរណ៍ថ្មីៗចំនួន ៦៣ នៃអតីតភ្នំភ្លើងផ្សេងៗគ្នា ដែលត្រូវបានរកឃើញនៅក្នុងតំបន់ចម្លែកមួយនៃភពអង្គារ។ នោះគឺជាទីតាំងពោពេញដោយបរិស្ថានចម្លែកៗ ដែលធ្វើឲ្យវាខុសប្លែកពីតំបន់ខ្ពង់រាបដទៃនៅលើភពអង្គារ។
តំបន់ប្រកបដោយការសង្ស័យថា អាចកំពុងលាក់ទុក «ភស្តុតាងនៃជីវិតកាលពីបុរាណ» លើភពព្រះអង្គារ (Mars) ពិតជាមានច្រើន រាប់ទាំងអតីតបឹង Gale Crater (អឌ្ឍគោលខាងត្បូង) និង Jezero Crater (នៅអឌ្ឍគោលខាងជើង) នៃភពក្រហមនេះ ដែលយានស្រាវជ្រាវ Curiosity និង Perseverance របស់អង្គការ NASA កំពុងធ្វើការស្រាវជ្រាវយ៉ាងសកម្មនៅឡើយ គិតមកទល់នឹងខែកុម្ភៈ ឆ្នាំ២០២៤នេះ។
ប៉ុន្តែ, នេះអាចជាលើកដំបូងរបស់ក្រុមអ្នកវិទ្យាសាស្ត្រភពអន្តរជាតិ ក្នុងការកំណត់តំបន់មួយនៅអឌ្ឍគោលខាងត្បូងភពអង្គារ (តែនៅរាងឆ្ងាយពីអេក្វាទ័របន្តិច) ថា អាចកំពុងលាក់ទុក «ភស្តុតាងដ៏សំខាន់នៃជីវិតពីបុរាណ» ដែលអាចធ្លាប់កើតមានលើភពអង្គារ ខណៈភពនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា ធ្លាប់មានសមុទ្រ ទន្លេ ស្ទឹង និងបឹងបួរយ៉ាងច្រើន ព្រមទាំងបរិយាកាសដ៏ក្រាស់ស្រោបជុំវិញ កាលពីរាប់ពាន់លានឆ្នាំមុន ដែលស្រដៀងនឹងភពផែនដីបច្ចុប្បន្ន។
តំបន់នោះមានឈ្មោះថា Eridania region ស្ថិតនៅអឌ្ឍគោលខាងត្បូងភពអង្គារ និងនៅក្រោមចុងម្ខាងនៃជ្រលង Valles Marineris ដ៏វែងអន្លាយរបស់ភពក្រហមនោះតែបន្តិចប៉ុណ្ណោះ។ Eridania ជាតំបន់ដែលត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រជឿជាក់ថា បានកកើតចេញទម្រង់បែបនោះ ព្រោះតែចលនានៅក្នុងសំបក (crust) របស់ភពអង្គារផ្ទាល់ មិនមែនដោយសារកម្លាំងពីផ្ទៃក្នុង ឬក៏បាតុភូតកើតនៅលើដីតែម្តងនោះឡើយ។ ទីតាំងជារបកគំហើញថ្មីនេះ កំពុងជួយត្រួសត្រាយផ្លូវបន្ថែមសម្រាប់ NASA ក្នុងការសម្រេចចិត្តទៅលើបេសកកម្មថ្មី ដើម្បីស្វែងរកដាននៃជីវិត នៅលើភពអង្គារនៅថ្ងៃអនាគត។
ជុំវិញរបកគំហើញថ្មីនេះ អ្នកវិទ្យាសាស្ត្រមួយរូបឈ្មោះ Aster Cowart មកពីវិទ្យាស្ថានវិទ្យាសាស្ត្រភព (Planetary Science Institute) បានលើកឡើងថា «អតីតអាងស្តុកទឹកខាងលើនេះ គឺធ្លាប់ជាប្រព័ន្ធបឹងស្តុកទឹកដ៏ធំមួយមានឈ្មោះថា Eridania paleolake ដែលអាចមានជម្រៅទឹករហូតដល់ទៅជាង ១,០០០ម៉ែត្រ នៅអំលុងពេលវាមានវត្តមានទឹកច្រើនបំផុតនោះ…»។
លោក Aster Cowart បានសង្កត់ធ្ងន់ត្រង់ចំណុចពិសេសបំផុតថា «តំបន់ដែលមានវត្តមានភ្នំភ្លើង បញ្ចេញឥទ្ធិពលក្នុងរយៈពេលយូរ ហើយស្ថិតនៅចំទីតាំងប្រកបដោយ ប្រភពទឹកដ៏សម្បូរបែបថែមទៀតនោះ វាក៏អាចមាននូវរន្ធភ្នំភ្លើងក្រោមទឹក (hydrothermal systems ដូចមានក្នុងបាតសមុទ្រផែនដី) ដែលអាចបញ្ចេញសារធាតុបង្កើត និងទ្រទ្រង់ជីវិតសម្រាប់តំបន់លើភពអង្គារ (Eridania) នោះកាលពីអតីតកាលដែរ…»។
មិនដូចផែនដីយើងសព្វថ្ងៃនេះទេ ព្រោះភពអង្គារបច្ចុប្បន្ននេះស្ទើរតែគ្មានសកម្មភាពភ្នំភ្លើង និងតិចតូនិច។ លើសពីនេះទៀត ដោយសារតែចំនួនពាក់កណ្តាលនៃផ្ទៃ (surface) ភពអង្គារ ហាក់ដូចជាមានអាយុកាលចាស់ជាង ៣.៥ពាន់លានឆ្នាំនោះ វាក៏អាចមានន័យថា ការប្រែប្រួលសំបក (crust) តាំងពីដើមមករបស់ភពក្រហមនេះ គឺមិនបានកើតមានឡើយយ៉ាងទូលំទូលាយផងដែរ។ សម្រាប់ Eridania គឺអាចត្រូវបានចាត់ទុកថា ជាអតីតបឹងស្តុកទឹក ឬសមុទ្រមួយនៃភពអង្គារកាលពីខ្ទង់់ ៣.៧ពាន់លានឆ្នាំមុន។
គួរបញ្ជាក់ថា របកគំហើញថ្មីនេះ គឺជាការបន្ថែមនូវតំបន់ប្រកបដោយសក្តានុពលដល់អង្គការ NASA និងដៃគូពាក់ព័ន្ធ ដើម្បីសម្រេចចិត្តទៅលើបេសកកម្ម ដែលខ្លួននឹងត្រូវធ្វើនៅថ្ងៃអនាគត ក្នុងការបញ្ជូនយានថ្មីទៅស្រាវជ្រាវ ស្វែងរកដាននៃជីវិតកាលពីអតីតកាល។ មកទល់នឹងឆ្នាំ២០២៤នេះ អង្គការ NASA ហាក់មិនទាន់បង្ហាញអំពីគោលដៅបន្ទាប់ក្នុងការបញ្ជូនយានថ្មី ទៅស្រាវជ្រាវលើភពអង្គារនៅឡើយទេ ខណៈបេសកកម្មនាំយកបំពង់ស្តុកសំណាក (Mars samples return) ដែលយាន Perseverance បានច្រកទុករួចជាស្រេចក្នុងរណ្តៅ Jezero នោះ អាចនឹងកើតឡើងនៅឆ្នាំ២០៣៣៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃអង្គារ ទី១៣ ខែកុម្ភៈ ឆ្នាំ២០២៤)