សហរដ្ឋអាមេរិកទើបបញ្ជូនយានថ្មី១ទៀត ដើម្បីទៅចុះចតនៅតំបន់ប៉ូលព្រះចន្ទ (លម្អិត) (មានវីដេអូ)

(បរទេស)៖ នៅទីបំផុតគ្រាប់រ៉ុក្កែត Falcon 9 របស់ក្រុមហ៊ុន SpaceX បានហោះចេញពីមូលដ្ឋាន Kennedy Space Center របស់អង្គការ NASA ស្ថិតនៅក្នុងរដ្ឋ Florida សហរដ្ឋអាមេរិក កាលពីវេលាម៉ោង ១៖០៥នាទីរំលងអធ្រាត្រ ឈានចូលថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤នេះ (ម៉ោងក្នុងតំបន់) ត្រូវនឹងម៉ោង ១៖០៥នាទីរសៀលថ្ងៃខែឆ្នាំដដែល (ម៉ោងនៅប្រទេសកម្ពុជា) បន្ទាប់ពីបានពន្យារពេលបាញ់បង្ហោះអស់ ២ថ្ងៃ ព្រោះតែបញ្ហាផ្នែកឥន្ធនៈរ៉ុក្កែត។ ទស្សនាវីដេអូនៃការបាញ់បង្ហោះយាន Odysseus កាលពីពេលរសៀលថ្ងៃព្រហស្បតិ៍នេះ៖

រ៉ុក្កែត Falcon 9 របស់ SpaceX ស្ថិតនៅមូលដ្ឋាន Kennedy របស់ NASA ក្នុងរដ្ឋ Florida (រូបភាពពី NASA/SpaceX)

នៅក្នុងគ្រាប់រ៉ុក្កែត Falcon 9 របស់ SpaceX នោះគឺជាយានប្រភេទចុះចត (Lander) មួយគ្រឿងឈ្មោះ Odysseus (IM-1 moon lander Odysseus) របស់ក្រុមហ៊ុនឯកជន Intuitive Machines នៃសហរដ្ឋអាមេរិក ដែលមានផ្ទុកឧបករណ៍ស្រាវជ្រាវសំខាន់ៗចំនួនរបស់អង្គការ NASA ព្រមទាំងទំនិញ មុខផ្សេងទៀត។

រ៉ុក្កែត Falcon 9 របស់ SpaceX ហោះចេញពីមូលដ្ឋាន Kennedy របស់ NASA ក្នុងរដ្ឋ Florida (រូបភាពពី NASA/SpaceX)

រយៈពេល ៤៨.៥នាទី ក្រោយការហោះឡើងពីផ្ទៃផែនដី យាន Odysseus ផ្តាច់ខ្លួនចេញពីកំណាត់ទី ២ នៃរ៉ុក្កែត Falcon 9 របស់ SpaceX ដើម្បីធ្វើដំណើរទៅកាន់គន្លងគោចរ សម្តៅទៅរកឋានព្រះចន្ទ ដោយនឹងចំណាយពេល ៦ថ្ងៃ (យាន Odysseus ត្រូវបានគេរំពឹងថា នឹងចុះចតលើផ្ទៃព្រះចន្ទ អំលុងថ្ងៃទី២២ ខែកុម្ភៈ)។ យាន Odysseus នឹងចុះចតក្នុងរណ្តៅតូចមួយឈ្មោះ Malapert A ដែលមានចម្ងាយ ៣០០គីឡូម៉ែត្រពីចំណុចប៉ូលខាងត្បូងព្រះចន្ទ។

យាន Odysseus (រូបភាពពី CNN)

បេសកកម្ម Odysseus ទាំងមូលនេះ គឺស្ថិតក្នុងកិច្ចព្រមព្រៀងដែល NASA បានចំណាយរហូតដល់ទៅ ១១៨លានដុល្លារអាមេរិកពីដំបូង ខណៈ ១១លានដុល្លារទៀត ត្រូវបានបូកបន្ថែមដើម្បីអភិវឌ្ឍ និងផលិតចេញជាឧបករណ៍វិទ្យាសាស្ត្រ ហើយវានឹងក្លាយជាការត្រាយផ្លូវសម្រាប់បេសកកម្ម Artemis របស់ NASA តែម្តង។ សម្រាប់ឧបករណ៍សំខាន់ៗក្នុងខ្លួនយាន Odysseus មានដូចជា៖

១៖ ឧបករណ៍អង្កេតផ្ទៃព្រះចន្ទ ROLSES (Radio Observations of the Lunar Surface Photoelectron Sheath) ដើម្បីយល់ដឹងកម្រិតផ្លាស្មាអេឡិចត្រុង និងបរិស្ថានរលកវិទ្យុនៅទីតាំងដែល IM-1 ធ្វើប្រតិបត្តិការ។

២៖ ឧបករណ៍ឡាស៊ែរខ្នាតតូច LRA (Laser Retro-Reflector Array) ដើម្បីសិក្សាពីទីតាំង និងកំណត់ភាពងាយស្រួលដល់យានក្រោយៗ សម្រេចចិត្តធ្វើការចុះចតលើផ្ទៃព្រះចន្ទ។

៣៖ ឧបករណ៍អង្កេតដំណើរការជាក់ស្តែងពេលចុះចតយាន Odysseus លើព្រះចន្ទ NDL (Navigation Doppler Lidar for Precise Velocity and Range Sensing)

៤៖ ឧបករណ៍កាមេរ៉ាអង្កេតដំណើរការចុះចត និងប្រតិកម្មរវាងតួយាន Odysseus ជាមួយធូលី និងថ្មព្រះចន្ទ SCALPSS (Stereo Cameras for Lunar Plume-Surface Studies) នៅទីតាំងដែលយាននោះចុះចត។

៥៖ ឧបករណ៍ទាក់ទងតាមរលកវិទ្យុខ្នាតតូច LN-1 (Lunar Node 1 Navigation Demonstrator) ដើម្បីតេស្តការធ្វើទំនាក់ទំនងរវាងយាន និងផែនដី ដែលនឹងជួយដល់ការបង្កើតប្រព័ន្ធ GPS ជុំវិញព្រះចន្ទនៅថ្ងៃមុខ។

៦៖ ឧបករណ៍តាមដានដោយរលកវិទ្យុ RFMG (Radio Frequency Mass Gauge statement) ដើម្បីកំណត់ពីបរិមាណឥន្ធនៈនៅសល់ក្នុងធុងស្តុកនៃយាន Odysseus (ជាភាពលំបាកក្នុងទីកន្លែងមានទំនាញខ្សោយខ្លាំងដូចជាព្រះចន្ទ)។

គួរបញ្ជាក់ថា យាន Odysseus ដែលស្ថិតនៅក្នុងបេសកកម្មឈ្មោះ IM-1 របស់ក្រុមហ៊ុនឯកជនខាងលើនេះ នឹងធ្វើការចុះចតក្នុងរណ្តៅមួយ ក្បែរប៉ូលខាងត្បូងព្រះចន្ទ។ ប្រសិនបើជោគជ័យ វានឹងក្លាយជាយានឯកជនដំបូងរបស់ សហរដ្ឋអាមេរិកក្នុងការចុះចតលើផ្ទៃព្រះចន្ទ ព្រមទាំងជាយានដំបូង គិតចាប់តាំងពីឆ្នាំ ១៩៧២ (បេសកកម្ម Apollo 17) សម្រាប់មហាអំណាចមួយនេះ ក្នុងការចុះចតលើព្រះចន្ទឡើងវិញ។

រូប 3D យាន Odysseus លើព្រះចន្ទ (រូបភាពពី NASA/Intuitive Machines)

គួររំលឹកថា ការប៉ុនប៉ងដូចគ្នាខាងលើនេះ ដោយក្រុមហ៊ុនអាមេរិកមួយទៀតឈ្មោះ Astrobotic តាមរយៈយាន Peregrine ដឹកនាំដោយរ៉ុក្កែតស៊េរីថ្មី Vulcan Centaur របស់ក្រុមហ៊ុន United Launch Alliance (ULA) បានទទួលបរាជ័យកាលពីថ្ងៃទី០៨ ខែមករា ឆ្នាំ២០២៤ ដោយមិនទាន់បានចាកចេញពីគន្លងគោចរភពផែនដី ទៅកាន់ព្រះចន្ទផង ក៏បានខូចដោយសារតែការលេចធ្លាយឥន្ធនៈ ហើយក្រោយមកទៀត Peregrine ក៏ត្រូវបានបញ្ជាឲ្យទម្លាក់ខ្លួនដើម្បីកម្ទេចចោល នៅក្នុងបរិយាកាសផែនដី៕

រម្លឹកអំពីបញ្ហានៃយាន Peregrine (Video From: Cambo Space Edu’s YouTube Channel)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/NASA (ថ្ងៃព្រហស្បតិ៍ ទី១៥ ខែកុម្ភៈ ឆ្នាំ២០២៤)

Comments (0)
Add Comment