ជាលើកដំបូង! NASA រកឃើញ «ម៉ូលេគុលទឹក» នៅលើផ្ទៃអាចម៍ផ្កាយខ្នាតធំ!

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិ តាមរយៈទិន្នន័យបន្សល់ទុកដោយឧបករណ៍ SOFIA (Stratospheric Observatory for Infrared Astronomy) របស់អង្គការ NASA ដែលបានចូលនិវត្តន៍ទៅហើយនោះ ទើបតែបានវែករកឃើញ «ម៉ូលេគុលទឹក (water molecules)» ជាលើកដំបូង នៅលើផ្ទៃរបស់អាចម៍ផ្កាយខ្នាតធំ។

តាមរយៈឧបករណ៍ FORCAST របស់ SOFIA ដែលបំពាក់លើយន្តហោះ Boeing 747 របស់អង្គការ NASA សហការជាមួយទីភ្នាក់ងារអវកាសអាល្លឺម៉ង់ GSA ក្រុមអ្នកវិទ្យាស្ថានអាចញែកចេញពីគ្នានូវ សញ្ញានៃពន្លឺក្រហមអាំងហ្វ្រាកម្រិតមធ្យម (mid-infrared) នៃម៉ូលេគុលទឹក នៅផ្ទៃរបស់អាចម៍ផ្កាយចំនួនពីរ​ឯណោះ។

រូបតំណាងអាចម៍ផ្កាយ និងម៉ូលេគុលទឹក ព្រមទាំងយន្តហោះ Boeing របស់ SOFIA (រូបភាពពី NASA)

យោងតាមបណ្ឌិត Anicia Arredondo ដែលដឹកនាំការសិក្សាស្រាវជ្រាវខាងលើនេះ បានលើកឡើងថា «អាចម៍ផ្កាយនានា (ក្នុងប្រព័ន្ធព្រះអាទិត្យយើង) គឺត្រូវបានបន្សល់ទុកពីដំណើរការ នៃការបង្កើតភពនានា ហើយសមាសធាតុផ្សំនៅលើខ្លួនពួកវា ក៏ខុសប្លែកពីគ្នាទៅតាមបណ្តុំនៃពពកធូលី-ឧស្ម័ននៃភពកកើត ដែលបានបន្សល់ទុកពួកវានោះផងដែរ។ ការរកឃើញវត្តមានទឹកលើផ្ទៃអាចម៍ផ្កាយ គឺជាការផ្តល់ពន្លឺបន្ថែមដល់យើង ដើម្បីវិភាគរកប្រភពដើមនៃទឹកនៅលើផែនដីនេះ»។

យន្តហោះ Boeing 747 បំពាក់តេឡេស្កូប SOFIA (រូបភាពពីបរទេស)

បណ្ឌិត Arredondo បានគូសបញ្ជាក់ទៀតថា «យោងតាមលទ្ធផលវិភាគបឋមចំពោះម៉ូលេគុលទឹក នៅលើអាចម៍ផ្កាយទាំងនោះ គឺស្របទៅនឹងម៉ូលេគុលទឹកដែលមាននៅលើតំបន់ត្រូវពន្លឺថ្ងៃនៅលើផ្ទៃព្រះចន្ទរបស់ផែនដីយើងដែរ…។ នៅលើផ្ទៃសំបកព្រះចន្ទយើងនោះ គឺជាម៉ូលលេគុលទឹកដែលត្រូវបានកាក់ទុកនៅក្នុងកម្ទេចស៊ីលីខេត (silicate impact glass)»។

រូបតំណាងអាចម៍ផ្កាយ និងម៉ូលេគុលទឹក (រូបភាពពី NASA)

យ៉ាងណាក៏ដោយ សម្រាប់ម៉ូលេគុលទឹកនៅលើអាចម៍ផ្កាយខ្នាតធំទាំង ២ ឈ្មោះ Iris (មុខកាត់ ១១៩គីឡូម៉ែត្រ) និង Massalia (មុខកាត់ ១៣៥គីឡូម៉ែត្រ) ដែលសុទ្ធសឹងមានចម្ងាយជាង ៣៥០លានគីឡូម៉ែត្រពីព្រះអាទិត្យនោះ គឺនៅមានលក្ខណៈរប៉ាត់រប៉ាយ ដែលត្រូវការការសិក្សាបន្ថែមទៀត ដើម្បីឲ្យក្រុមអ្នកវិទ្យាសាស្ត្រអាចធ្វើការសរុបលទ្ធផលសិក្សាជាចុងក្រោយបាន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/GSA/PHYS.ORG (ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤)

Comments (0)
Add Comment