(បរទេស)៖ បេសកកម្មទៅកាន់ព្រះចន្ទ ដោយរដ្ឋបាលអវកាសជាតិចិន (CNSA) នាពេលខាងមុខ នឹងនាំយកប្រព័ន្ធអេកូឡូស៊ីតូចមួយ និងឧបករណ៍វិទ្យាសាស្ត្រមួយចំនួនទៀត ដើម្បីទៅសាកល្បងក្នុងការប្រើប្រាស់ តាមរយៈធនធានដែលមានស្រាប់លើព្រះចន្ទ នៅចុងទសវត្សរ៍២០២០នេះ។
បេសកកម្ម ឆាងអឺទី ៨ (Chang’e 8) របស់ប្រទេសចិន គឺជាបេសកកម្មមុនគេ សម្រាប់គាំទ្រដល់ការត្រៀមបោះមូលដ្ឋានលើព្រះចន្ទដែលមានឈ្មោះថា ស្ថានីយស្រាវជ្រាវព្រះចន្ទអន្តរជាតិ (ILRS) ដែលប្រទេសនេះនឹងសាងសង់វាឡើងជាមួយដៃគូអន្តរជាតិទាំងឡាយ ជាពិសេសគឺរុស្ស៊ី នៅអំលុងទសវត្សរ៍ ២០៣០។ យាន Chang’e 8 នឹងសាកល្បងបច្ចេកវិទ្យាសំខាន់ៗ ដែលត្រូវការដើម្បីធ្វើឱ្យគម្រោង ILRS មាននិរន្តរភាព។
កាលពីដើមខែកុម្ភៈ ឆ្នាំ២០២៤នេះ CNSA បានបង្ហាញព័ត៌មានលម្អិតនៃគ្រឿងបរិក្ខានានា (payloads) ដែលនឹងត្រូវដាក់ក្នុងយាន Chang’e 8 ដើម្បីទាក់ទាញចំណាប់អារម្មណ៍ពីមហាជនក្នុងស្រុក ជុំវិញការអភិវឌ្ឍយានស្តុកទំនិញ សម្រាប់បេសកកម្មនេះ។ អ្វីដែលបានដាក់តាំងបង្ហាញ ពាក់ព័ន្ធនឹងបេសកកម្ម Chang’e 8 នោះ រួមមាន ឧបករណ៍ចម្រាញ់ធនធានដែលមានស្រាប់ ISRU (in-situ resource utilization) និងឧបករណ៍ពិសោធន៍នៅទីតាំងឈរជើង (terrestrial ecosystem) របស់យាននោះផ្ទាល់។
សម្រាប់ឧបករណ៍ ISRU នឹងត្រូវរចនាឡើងដើម្បីរំលាយដីរបស់ព្រះចន្ទ ដោយប្រើថាមពលពីពន្លឺព្រះអាទិត្យ។ បន្ទាប់ពីការរំលាយរួច វានឹងត្រូវយកទៅប្រើប្រាស់សម្រាប់ផលិតគ្រឿងបរិក្ខានានា ព្រមទាំងធ្វើការវាស់ស្ទង់លក្ខណៈនៃមេកានិច និងកម្ដៅផងដែរ។ របាយការណ៍លើកមុនបានគូសបញ្ជាក់ថា ចិនមានផែនការផលិតឥដ្ឋលើព្រះចន្ទ ដោយក្រោយមកឥដ្ឋទាំងនោះ នឹងត្រូវដាក់តម្លើងជាសំណង់ដោយប្រើប្រាស់គ្រឿងយន្ត (robot)។
សម្រាប់ការពិសោធន៍ផ្នែកប្រព័ន្ធអេកូឡូស៊ីវិញ ត្រូវបានជ្រើសរើសយកខ្សែសង្វាក់ពីរ ដែលមានការចូលរួមពីពូជរុក្ខជាតិ និងអតិសុខុមប្រាណ (មីក្រុប) ដែលយកទៅពីភពផែនដី។ ពួកវានឹងត្រូវដាក់ឲ្យស្ថិតក្នុងបរិស្ថាន ដែលមានការគ្រប់គ្រង និងបិទជិត ស្ថិតក្នុងគោលបំណងស្វែងយល់អំពី លទ្ធភាពនៃការរីកលូតលាស់ ដោយប្រើប្រាស់ដីរបស់ព្រះចន្ទផ្ទាល់ ធ្វើជាមូលដ្ឋាននៃការពិសោធន៍ និងស្វែងយល់អំពីបច្ចេកវិទ្យាទ្រទ្រង់ជីវិត ព្រមទាំងការផលិតអុកស៊ីសែន និងចំណីអាហារ សម្រាប់ទ្រទ្រង់នៅទីនោះផ្ទាល់ នៅពេលបេសកកម្មមនុស្សចាប់ផ្តើម។
សម្រាប់ឧបករណ៍សំខាន់ផ្សេងទៀតក្នុង Chang’e 8 រួមមាន វិទ្យុទាក់ទងលើព្រះចន្ទ និងឧបករណ៍ចាប់រូបភាពចម្រុះ សម្រាប់ការសង្កេតមកលើផែនដីវិញជាដើម។ ទាំងនេះនឹងប្រមូលយកទិន្នន័យ ដែលទាក់ទងនឹងអាកាសធាតុ និងដែនម៉ាញេទិករបស់ផែនដី ព្រមទាំងរបៀបដែលភពយើងធ្វើអន្តរកម្មជាមួយខ្យល់ព្រះអាទិត្យ (solar wind) ជាដើម។ យាន Chang’e 8 ក៏នឹងបំពាក់ឧបករណ៍ចាប់ ដែនអេឡិចត្រូម៉ាញេទិច ប្រកបដោយប្រេកង់ទាបលើផ្ទៃព្រះចន្ទ, ឧបករណ៏បង្កើត និងផ្គត់ផ្គង់កម្តៅ, តេឡេស្កូបអង្កេតកាំរស្មីអ៊ិច (X-ray) និងកាមេរ៉ាចល័តលើផ្ទៃព្រះចន្ទផងដែរ។
គួរបញ្ជាក់ថា បេសកកម្ម Chang’e 8 របស់ចិន កំពុងសម្លឹងមើលឆ្នាំ២០២៨ សម្រាប់ការបាញ់បញ្ជូនទៅកាន់ប៉ូលខាងត្បូងព្រះចន្ទ។ ដោយឡែកនៅខែឧសភា ឆ្នាំ២០២៤នេះ ចិននឹងបាញ់បញ្ជូនយាន Chang’e 6 ដើម្បីទៅចុះចត និងជីកយកគំរូតាង (សំណាក/sample) ដែលនឹងក្លាយជាលើកដំបូង នៃប្រវត្តិសាស្ត្រវិស័យអវកាសលើផែនដី ពីផ្នែក Far Side របស់ព្រះចន្ទ (ផ្នែកមិនបែរមករកផែនដី)។ ជាកិច្ចបន្តបេសកកម្ម Chang’e 7 នឹងកើតឡើងនៅឆ្នាំ២០២៧ ដោយចិននឹងបញ្ជូនទៅជាមួយនូវយានចុះចត (lander), គ្រឿងយន្តចល័ត (rover), ផ្កាយរណប និងអាចមានយានអវកាសមួយទៀតផងដែរទៅកាន់ឋានព្រះចន្ទ។ ចិនចង់បញ្ជូនអវកាសយានិកដំបូងទៅព្រះចន្ទ ឲ្យបានមុនឆ្នាំ២០៣០៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/CNSA (ថ្ងៃសុក្រ ទី១៦ ខែកុម្ភៈ ឆ្នាំ២០២៤)