(បរទេស)៖ លោកអ្នកនាងប្រហែលជាមិនទាន់ភ្លេច បេសកកម្មរបស់ក្រុមអ្នកវិទ្យាសាស្ត្រស្ម័គ្រចិត្តចំនួន ៤រូប ដែលបាននិងកំពុងរស់នៅ និងបំពេញការងារក្នុងមូលដ្ឋានភពអង្គារសិប្បនិមិត្ត (Mars Dune Alpha) របស់អង្គការ NASA នោះឡើយ ព្រោះពួកគេនៅសល់ពេលតែជាង ៣ខែទៀតប៉ុណ្ណោះ នឹងអាចចាកចេញពីទីនោះវិញហើយ។ នៅអំលុងពាក់កណ្តាលខែកុម្ភៈ ឆ្នាំ២០២៤នេះ អង្គការបានប្រកាសអំពីផែនការបន្ត ដោយលើកនេះនឹងត្រូវស្វែងរកក្រុមអ្នកស្ម័គ្រប្រកបដោយជំនាញ និងបទពិសោធន៍ខ្ពស់ ៤រូបទៀត។
បេសកកម្មនៅក្នុងមូលដ្ឋាន Mars Dune Alpha នោះមានឈ្មោះថា CHAPEA (Crew Health and Performance Exploration Analog) ដែលជាការពិសោធន៍ផ្នែករាងកាយ ស្មារតី និងការដោះស្រាយបញ្ហានានាពីសំណាក់ក្រុមអ្នកស្ម័គ្រចិត្ត ដោយមិនមានជំនួយពីមនុស្សលើផែនដី។ បេសកកម្មនេះស្ថិតក្នុងគោលដៅ ឲ្យមនុស្សរៀនសម្របខ្លួន ក្នុងបរិស្ថានដ៏ស្មុគស្មាញ អភិវឌ្ឍការច្នៃប្រឌិត និងដោះស្រាយបញ្ហាដែលអាចកើតឡើងភ្លាមៗ នៅក្នុងមូលដ្ឋានទំហំ ១៥៨ម៉ែត្រក្រលា (កសាងឡើងដោយបច្ចេកវិទ្យាព្រីន 3D) ដែលត្រូវបានរៀបចំឲ្យមានលក្ខណៈស្រដៀងនឹងភពអង្គារ ហើយក្នុងនោះក៏រួមមានទាំងការភ្លក្សបទពិសោធន៍ធ្វើទំនាក់ទំនងបែបពន្យារពេល ជាមួយមនុស្សលើភពផែនដីផងដែរ។
សម្រាប់ក្រុមអ្នកវិទ្យាសាស្ត្រដែលមានសមាជិក ៤ រូបក្នុងបេសកកម្ម CHAPEA លើកទី ១ នឹងបញ្ចប់នៅអំលុងចុងខែឧសភា ឆ្នាំ២០២៤ ឆាប់ៗខាងមុខនេះហើយ ខណៈបេសកកម្មបែបនេះលើកទី ២ នឹងត្រូវចាប់ផ្តើមនៅឆ្នាំ២០២៥។ អង្គការ NASA កំពុងស្វែងរកអ្នកស្ម័គ្រចិត្ត ដើម្បីចូលរួមបេសកកម្ម CHAPEA ថ្មីនេះ ហើយពួកគេអាចដាក់ពាក្យ ដើម្បីទទួលការជ្រើសរើសបានតាមរយៈវែបសាយ https://chapea.nasa.gov/ ចាប់ពីពេលនេះរហូតដល់ថ្ងៃទី២ ខែមេសា ឆ្នាំ២០២៤។
សម្រាប់ «លក្ខខណ្ឌក្នុងការចូលរួម» ពីសំណាក់បេក្ខជនស្ម័គ្រចិត្តនោះ គឺពួកគេម្នាក់ៗត្រូវបានតែជាពលរដ្ឋអាមេរិក ឬអ្នករស់នៅប្រទេសនេះអចិន្ត្រៃយ៍ ដោយមានសុខភាពមាំមួន ព្រមទាំងមានអាយុចាប់ពី ៣០ឆ្នាំ ដល់ ៥៥ឆ្នាំ។ ពួកគេត្រូវតែជាមនុស្សដែលមានស្មារតីរស់រវើក ហើយចេះនិយាយភាសាអង់គ្លេស ដោយស្ទាត់ជំនាញ ដើម្បីធ្វើទំនាក់ទំនងជាមួយក្រុមការងារក្នុង Mars Dune Alpha ផង និងជាមួយក្រុមអ្នកគ្រប់គ្រងបេសកកម្មលើផែនដីរបស់ NASA ផង។ សម្រាប់មូលដ្ឋានភពអង្គារសិប្បនិមិត្តនេះ គឺស្ថិតនៅក្នុងមជ្ឈមណ្ឌល Johnson Space Center នៃទីក្រុង Houston រដ្ឋតិចសាស់។
បន្ថែមពីនេះបេក្ខជនដែលចង់ដាក់ពាក្យ ក៏ត្រូវតែជាអ្នកដែលមានចំណេះដឹង ថ្នាក់អនុបណ្ឌិតខាង STEM ណាមួយផងដែរដូចជា ផ្នែកវិស្វកម្ម, គណិតវិទ្យា, រូបវិទ្យា, ជីវវិទ្យា ឬក៏វិទ្យាសាស្ត្រកុំព្យូទ័រពីវិទ្យាស្ថាន ឬមហាវិទ្យាល័យប្រកបដោយស្តង់ដា។ បេក្ខជនក៏ត្រូវមានបទពិសោធន៍ផ្លូវការជាមួយ STEM យ៉ាងហោចណាស់ ២ឆ្នាំ ហើយត្រូវតែមានបទពិសោធន៍ធ្វើជាអាកាសយានិក យ៉ាងហោចណាស់ ១ពាន់ម៉ោងផងដែរ…។ សរុបសេចក្តីមកតម្រូវការរបស់ NASA គឺសុទ្ធសឹងតែអ្នកមានជំនាញ និងបទពិសោធន៍ខ្ពស់ដែលពាក់ព័ន្ធនឹងវិស័យខាងលើនេះទាំងអស់៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA (ថ្ងៃសៅរ៍ ទី១៧ ខែកុម្ភៈ ឆ្នាំ២០២៤)