(បរទេស)៖ ក្រុមហ៊ុនឯកជនមួយឈ្មោះ HEO Robotics បានថតរូបភាពខ្មោចផ្កាយរណបខ្នាតធំមួយរបស់ ទីភ្នាក់ងារអវកាសអឺរ៉ុប (ESA) កាលពីថ្ងៃទី១៤ ខែកុម្ភៈ ឆ្នាំ២០២៤ ក្រោយពីវាបានផ្តាច់ខ្លួនចេញពីគន្លងគោចរ ហើយក៏ត្រូវបានគេព្យាករផងដែរថា នឹងធ្លាក់មកលើបរិយាកាសផែនដីវិញ នៅក្នុងពេលឆាប់ៗខាងមុខនេះ។
ក្រុមហ៊ុន HEO Robotics របស់ប្រទេសអូស្ត្រាលី បានផ្តិតរូបភាពខ្មោចផ្កាយរណប ERS-2 Earth Observation (European Remote Sensing 2) ដែលជាប្រភេទផ្កាយរណបអង្កេតភពផែនដី ត្រូវបាន ESA បាញ់បង្ហោះទៅកាន់គន្លងគោចរកម្រិតទាប (Low Earth Orbit) នៃភពរបស់យើង កាលពីឆ្នាំ១៩៩៥ ហើយវាបានចំណាយពេល ១៦ឆ្នាំ ក្នុងការបំពេញបេសកកម្ម និងត្រូវបានបញ្ចប់នៅឆ្នាំ២០១១។
យោងតាមក្រុមការងារ ESA បានឲ្យដឹងថា ខ្លួនបានធ្វើការសម្របសម្រួលជាង ១០លើក ឲ្យផ្កាយរណប ERS-2 ធ្វើការទម្លាក់ខ្លួនបន្តិចៗម្តង នៅក្នុងអំលុងពេល ២ខែចុងក្រោយនេះ ហើយនៅទីបំផុតផ្កាយរណបដែលនៅសល់ទម្ងន់ជិត ២,៣០០គីឡូក្រាមមួយនេះ បានរបូតចេញពីគន្លងគោចរផែនដី។ វាត្រូវបានគេព្យាករថា អាចនឹងធ្លាក់បុកបរិយាកាសផែនដី ហើយរលាយក្លាយជាកម្ទេចកម្ទីតូចៗ រួចធ្លាក់ចូលក្នុងមហាសមុទ្រនៅម៉ោង ១០៖១៩នាទីយប់ថ្ងៃទី២១ ខែកុម្ភៈ ឆ្នាំ២០២៤ (ម៉ោងនៅសហរដ្ឋអាមេរិក) ត្រូវនឹងម៉ោង ១០៖១៩នាទីព្រឹកថ្ងៃ២២ ខែកុម្ភៈ (ម៉ោងនៅកម្ពុជា)។
បើតាមក្រុមជំនាញ ESA ការធ្លាក់បុកបរិយាកាសផែនដី ឬអាចហៅថា ការបូជាខ្លួនក្នុងបរិយាកាសផែនដីរបស់ ERS-2 អាចនឹងកើតឡើងនៅមុន ១៩ម៉ោង ឬក្រោយ ១៩ម៉ោង នៃកាលបរិច្ឆេទដែលត្រូវបានកំណត់ខាងលើនេះ ដោយអាស្រ័យលើសកម្មភាពនៃព្រះអាទិត្យ ដែលជះឥទ្ធិពលមកលើបរិយាកាសភពផែនដី។ ESA បានធ្វើកិច្ចការងារនេះយ៉ាងប្រុងប្រយ័ត្នបំផុត ដើម្បីកុំឲ្យ ERS-2 ប៉ះទង្គិចនឹងផ្កាយរណប ឬយានអវកាសដទៃ អំលុងការបូជាខ្លួនវានោះ។
គួរបញ្ជាក់ថា នេះជារឿងធម្មតាទៅហើយសម្រាប់ផ្កាយរណបខូចៗ ដែលប្រើការលែងកើត ឬផុតកំណត់ប្រើប្រាស់ ដែលតែងតែត្រូវបានទម្លាក់ដើម្បីកម្ទេចចោល នៅក្នុងបរិយាកាសផែនដី។ ដំណើរការបែបនេះកន្លងមក មិនដែលបង្កគ្រោះថ្នាក់ដល់មនុស្សលើផែនដីនោះឡើយ ព្រោះកំលុងការធ្លាក់បុកបរិយាកាសផែនដីនោះ រូបរាងផ្កាយរណបបានឆាបឆេះក្លាយជាកម្ទេចកម្ទីតូចៗអស់ទៅហើយ៕ ទស្សនាវីដេអូខាងក្រោមនេះ ដើម្បីយល់ដឹងបន្ថែម៖
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ESA/HEO Robotics (ថ្ងៃអង្គារ ទី២០ ខែកុម្ភៈ ឆ្នាំ២០២៤)