ជិះយន្តហោះទៅទស្សនាសូរ្យគ្រាស? អាកាសចរណ៍អាមេរិក Delta នឹងផ្តល់សេវាកម្មនេះ! (មានវីដេអូ)

(បរទេស)៖ សម្រាប់អ្នករស់នៅសហរដ្ឋអាមេរិក ឬអ្នកចង់ភ្លក្សបទពិសោធន៍ ដ៏រំភើបអស្ចារ្យនៅក្នុងជីវិតនោះ អាកាសចរណ៍ ដែលតា (Delta Airlines) នៃសហរដ្ឋអាមេរិក នឹងធ្វើឲ្យរឿងនេះក្លាយជាការពិត តាមរយៈការរៀបចំ «ជើងហោះហើរពិសេស» ដើម្បីបម្រើសេវាកម្មដឹកអ្នកដំណើរ ទៅទស្សនាបាតុភូត «សូរ្យគ្រាសពេញលេញ (Total Solar Eclipse» ពីលើអាកាសតែម្តង ដោយសំបុត្រយន្តហោះ១សន្លឹកមានតម្លៃខ្ទង់ពាន់ដុល្លារ

សូមទស្សនាវីដេអូ (រម្លឹក) ខាងក្រោមនេះ ដើម្បីយល់ដឹងពីសូរ្យគ្រាសនៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ខាងមុខ៖

(Video From: Cambo Space Edu’s YouTube Channel)

វាជាឱកាសដ៏កម្រជាបំផុត នៅក្នុងការបញ្ជាយន្តហោះ ឲ្យហោះប្រដេញនឹងដំណើរសូរ្យគ្រាសពេញលេញ ដើម្បីឲ្យអ្នកជិះនៅលើយន្តហោះអាចទស្សនាបាតុភូតនោះឲ្យពេញភ្នែក នៅថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ ដូច្នេះអាកាសចរណ៍ Delta Airlines នឹងរៀបចំកញ្ចប់ធ្វើដំណើរដ៏ពិសេសនេះ។

សូរ្យគ្រាសនៅអាមេរិកាលពីថ្ងៃទី១៧ សីហា ឆ្នាំ២០១៧ មើលពីលើយន្តហោះ (Image credit: Joe Rao/SPACE)

បើតាមព័ត៌មានដែលវែបសាយ SPACE ទទួលបានពី Delta Airlines ជើងហោះហើរនៃក្រុមហ៊ុននេះ គ្រោងហោះចេញពីទីក្រុង Austin រដ្ឋតិចសាស់ (Texas ជាទឹកដំបូងគេនៅសហរដ្ឋអាមេរិក ក្នុងការស្វាគមន៍សូរ្យគ្រាស) នៅវេលាម៉ោង ១២៖១៥នាទីថ្ងៃត្រង់ថ្ងៃទី០៨ ខែមេសា ឆ្នាំ២០២៤ (ម៉ោងនៅភាគកណ្តាលសហរដ្ឋអាមេរិក) ហើយនឹងបន្តដល់ចប់បាតុភូតសូរ្យគ្រាស នៅទីក្រុង Detroit រដ្ឋមីឈីហ្គែន (Michigan) នៅវេលាម៉ោង ៤៖២០នាទីរសៀល (ម៉ោងនៅភាគខាងកើតសហរដ្ឋអាមេរិក)។

រូបតំណាងសូរ្យគ្រាស (រូបភាពពីបរទេស)

គួរបញ្ជាក់ថា ជើងហោះហើរពិសេសខាងលើនេះ នឹងប្រើប្រាស់យន្តហោះប្រភេទ Airbus A220-300 ដែលមានបំពាក់សុទ្ធតែបង្អួចធំៗ ដូច្នេះអ្នកនៅលើនោះអាចទស្សនា «សូរ្យគ្រាស» បានយ៉ាងពេញភ្នែកតែម្តង នៅក្នុងរយៈកម្ពស់ជិត ១០Km ពីផ្ទៃដី។ សម្រាប់តម្លៃសំបុត្រសម្រាប់យន្តហោះពិសេសនេះវិញគឺ «១,១២៩ដុល្លារសហរដ្ឋអាមេរិក» ក្នុងមួយនាក់។

ក្រៅពីជើងហោះហើរពិសេសនេះ ក្រុមហ៊ុន Delta Airlines ក៏មានជើងហោះហើរធម្មតាចំនួន ៥ជើងទៀតផងដែរ ដែលនឹងត្រូវហោះហើរចំពេលសូរ្យគ្រាសកើតឡើងដូចជា៖

  • DL 5699, DTW-HPN, 2:59 pm EST departure ERJ-175
  • DL 924, LAX-DFW, 8:40 am PST departure A320
  • DL 2869, LAX-SAT, 9:00 am PST departure A319
  • DL 1001, SLC-SAT, 10:08 am MST departure A220-300
  • DL 1683, SLC-AUS, 9:55 am MST departure, A320
យន្តហោះនៃអាកាសចរណ៍ Delta Airlines (រូបភាពពីបរទេស)

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤)

Comments (0)
Add Comment