ព្រះអាទិត្យនឹងឈានដល់ កម្រិតអតិបរមានៃវដ្ត ក្នុងឆ្នាំ២០២៤នេះ, ESA ទើបបង្កើតការប្រៀបធៀបមួយ

(បរទេស)៖ ទិន្នន័យបានមកពីសកម្មភាពព្រះអាទិត្យបាននាំឲ្យទីភ្នាក់ងារអវកាសអឺរ៉ុប ESA បង្កើតចេញជារូបភាពបង្ហាញព្រះអាទិត្យនៅពេលស្ងប់ស្ងាត់បំផុត (អប្បរមា) នៅដើមខែឆ្នាំ២០២១ ធៀបនឹងព្រះអាទិត្យនៅពេលជិតឈានដល់ភាពកញ្ជ្រោលខ្លាំងបំផុត (អតិបរមា) នៅជិតចុងឆ្នាំ២០២៣ ខណៈផ្កាយរបស់យើងនេះកំពុងតែឈានទៅកម្រិតអតិបរមា ឬការពុះកញ្ជ្រោលខ្លាំងបំផុតនៅក្នុងឆ្នាំ២០២៤ នេះហើយ។

ជាទូទៅព្រះអាទិត្យតែងតែត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រ សង្កេតឃើញវដ្តដ៏ទៀងទាត់ ដែលមានរយៈពេល ១១ឆ្នាំម្តង។ វដ្តព្រះអាទិត្យ (Solar Cycle) គឺចង់សម្តៅទៅលើការឡើងដល់កម្រិតអតិបរមា នៃសកម្មភាពលើផ្ទៃព្រះអាទិត្យ (Solar Maximum) រហូតដល់ការថយចុះដល់កម្រិតអប្បរមា នៃសកម្មភាពលើផ្ទៃព្រះអាទិត្យ (Solar Minimum) និងការកើនឡើងដល់កម្រិតកំពូល នៃសកម្មភាពលើផ្ទៃព្រះអាទិត្យ (Solar Maximum) វិញ ដែលដំណើរវិវត្តបែបនេះតែងតែកើតមានឡើង នៅក្នុងអំលុងពេល ១១ឆ្នាំម្តងយ៉ាងទៀតទាត់។

យាន Solar Orbiter របស់ ESA (រូបភាពពី ESA)

ប៉ុន្តែសម្រាប់វដ្ត ២៥ (ជាវដ្តដែលយើងកំពុងស្ថិតនៅ) នឹងឈានដល់កម្រិតកម្រិតអតិបរមាមុន លឿនជាងការព្យាករណ៍ពីមុន ១ឆ្នាំ ព្រោះពីដំបូងឡើយ Solar Maximum ក្នុងវដ្តនេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រព្យាករណ៍ថា នឹងកើតឡើងនៅឆ្នាំ២០២៥ ឯណោះ។ ដោយសារភាពមិនក្រក្រតីបានកើតឡើង ដូច្នេះទើបកាលពីឆ្នាំ២០២៣ ក្រុមអ្នកវិទ្យាសាស្ត្របានធ្វើការពន្យាករណ៍ជាថ្មី ដោយអះអាងថា វដ្ត ២៥ (Sun Cycle 25) អាចនឹងឈានដល់កម្រិតកំពូល (Maximum) នៅអំលុងចាប់ពីពាក់កណ្តាលដល់ចុងឆ្នាំ២០២៤ ខាងមុខនេះហើយ។

ហេតុដូច្នេះហើយទើបការតាមដានសកម្មភាពព្រះអាទិត្យ បាននិងកំពុងប្រព្រឹត្តទៅកាន់តែដិតដល់ ហើយមានការជូនដំណឹងអំពីការប្រែប្រួលថ្មីៗជាប្រចាំថ្ងៃតែម្តង ពីសំណាក់ក្រុមការងារអង្គការ NASA ក៏ដូចជា ESA ផងដែរ។ សម្រាប់ ESA វិញ តាមរយៈឧបករណ៍ផ្តិតរូបភាពពន្លឺស្វាយអ៊ុលត្រាកម្រិតខ្ពស់ (Extreme Ultraviolet Imager ឬ EUI) ដែលបំពាក់ជាប់យាន Solar Orbiter ដែលកំពុងអង្កេតជុំវិញព្រះអាទិត្យនោះ ពួកគេបានបង្កើតទិដ្ឋភាពដែលប្រៀបធៀបដំណើរវិវត្តន៍របស់ព្រះអាទិត្យ ចាប់តាំងពីខែកុម្ភៈ ឆ្នាំ២០២១ រហូតដល់ខែតុលា ឆ្នាំ២០២៣

ទិដ្ឋភាពព្រះអាទិត្យនៅខែកុម្ភៈឆ្នាំ២០២១ ធៀបនឹងខែតុលា ឆ្នាំ២០២៣ (រូបភាពពី ESA)

សេចក្តីប្រកាសព័ត៌មានរបស់ ESA នៅក្នុងខែកុម្ភៈ ឆ្នាំ២០២៤ នេះបានពន្យល់ថា «នៅពេលដែលព្រះអាទិត្យឈានទៅរកកម្រិត Maximum ដែលជាដំណើរធម្មតានៃវដ្តសកម្មភាពម៉ាញេទិចរបស់ខ្លួន យើងឃើញមានការផ្ទុះដែលបញ្ចេញពន្លឺខ្លាំង, ចំណុចខ្មៅព្រះអាទិត្យ (Sunspots) កើនឡើង និងសកម្មភាពពុះកញ្ជ្រោលផ្សេងៗទៀត»។

ពេលនេះវដ្ត ២៥ របស់ព្រះអាទិត្យកំពុងស្ថិតក្នុងកម្រិត Maximum ហើយ ដោយក្នុងនោះយើងអាចមើលឃើញ ការជះចេញនូវអណ្តាតភ្លើងពីផ្ទៃព្រះអាទិត្យ (Solar Flares) ក្នុងកម្រិតខ្លាំង និងការជះចេះនូវបណ្តុំអណ្តាតភ្លើងរាងពងក្រពើ ឬ CME (Coronal Mass Ejections) ដ៏គួរឲ្យព្រឺព្រួច។ សកម្មភាពដែលអាចបង្កជាព្យុះព្រះអាទិត្យ (Solar Storm) ក្នុងកម្រិតធ្ងន់បែបនេះ អាចបង្កឲ្យដាច់ចរន្តអគ្គិសនីលើភពផែនដី, រអាក់រអួលប្រព័ន្ធ GPS និងផ្កាយរណប ហើយបើស្ថិតក្នុងករណីធ្ងន់ធ្ងរខ្លាំងនោះ គឺអាចធ្វើឲ្យដាច់រលកវិទ្យុ។

(Video From: Cambo Space Edu’s YouTube Channel)

យ៉ាងណាក៏ដោយ ថេរវេលាខាងលើនេះ ត្រឹមស្ថិតនៅក្នុងការព្យាករណ៍សិនប៉ុណ្ណោះ ដោយក្រុមអ្នកវិទ្យាសាស្ត្រអាចកំណត់ថា Solar Maximum ឆ្លងផុតនៅពេលណាឲ្យប្រាកដបាន គឺត្រូវរង់ចាំដល់ពេលដែលពួកគេមើលឃើញចំនួនចំណុចខ្មៅលើផ្ទៃព្រះអាទិត្យ (Sunspots) ធ្លាក់ចុះមកវិញសិន៕

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE/ESA (ថ្ងៃព្រហស្បតិ៍ ទី២២ ខែកុម្ភៈ ឆ្នាំ២០២៤)

Comments (0)
Add Comment