James Webb ឆ្លុះមើលធាតុពិតនៃស្នូលស៊ូពើណូវ៉ា 1987 A ដែលយើងធ្លាប់តែស្រពេចស្រពិល (មានវីដេអូ)

(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រធ្លាប់បានសន្និដ្ឋានជាយូរមកហើយថា សំណល់ពីបន្ទុះស៊ូពើណូវ៉ា (supernova) SN 1987A នោះ​អាចបង្កើតចេញជា ផ្កាយណឺត្រុង (Neutron Star)ប្រហោងខ្មៅ (Black Hole) ប៉ុន្តែភស្តុតាងជាក់ស្តែង នៅតែមានភាពស្រពេចស្រពិលរហូតមក។ នេះជាលើកដំបូងដែល តេឡេស្កូបអវកាស James Webb បានរកឃើញសមាសធាតុ «អាហ្គុន (argon)» ដែលបានក្លាយជា «អ៊ីយ៉ុង» នៅទីតាំងស៊ូពើណូវ៉ានោះ ហើយវាពិតជាភស្តុតាងយ៉ាងប្រាកដដែលគាំទ្រដល់ការអះអាងថា ទីនោះកំពុងមានផ្កាយណឺត្រុងកកើតឡើង។

(Video From: Cambo Space Edu’s YouTube Channel)

ត្រលប់ទៅកាន់ឆ្នាំ ១៩៨៧ ក្រុមអ្នកសង្កេតការណ៍ផ្ទៃមេឃបានប្រទះឃើញ ការផ្ទុះដែលមានរយៈពេល ១០វិនាទី នៃភាគល្អិតតូចៗហៅថា «ណឺទ្រីណូ (neutrinos)» តែប៉ុន្មានម៉ោងប៉ុណ្ណោះមុនពេលកើនមាន បន្ទុះស៊ូពើណូវ៉ា SN 1987A ហើយដែលពួកគេអាចសង្កេតឃើញ តាមរយៈពន្លឺដែលបញ្ចេញមកនោះ។ ដោយផ្អែកលើគំរូនេះ ការសន្និដ្ឋានរបស់ក្រុមតារាវិទូបានបង្ហាញថា ផ្កាយនឺត្រុង ឬ ប្រហោងខ្មៅ គួរតែត្រូវបានបង្កើតឡើងនៅក្នុងការផ្ទុះនោះ។

លទ្ធផលសង្កេតថ្មីលើ SN 1987A ដោយ James Webb (Credit: NASA, ESA, CSA, STScI, C. Fransson (Stockholm University), M. Matsuura (Cardiff University), M. J. Barlow (University College London), P. J. Kavanagh (Maynooth University), J. Larsson (KTH Royal Institute of Technology))

យ៉ាងណាក៏ដោយ ការស្រាវជ្រាវក្នុងរយៈពេលប៉ុន្មានឆ្នាំចុងក្រោយនេះ បានបង្ហាញភស្តុតាងមិនសូវច្បាស់លាស់ នៃផ្កាយនឺត្រុងនៅស្នូលនៃ SN 1987A នោះ ហើយតាមរយៈការសង្កេតនៃសំណល់ Supernova ដទៃៗទៀតដែលចាស់ជាង SN 1987A បានបញ្ជាក់យ៉ាងច្បាស់ថា ភាគច្រើនគឺមានផ្កាយណឺត្រុង នៅចំកណ្តាលសំណល់ទាំងនោះ។

(Image Credit: NASA/ESA/CSA)

ឈានចូលមកដល់លទ្ធផលសង្កេតដោយ James Webb ដែលត្រូវបានចេញផ្សាយនៅ ចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ គឺជាការដាក់នូវបំណែកចុងក្រោយគេ នៃរូបផ្គុំអំពីសំណល់ស៊ូពើណូវ៉ាខាងលើនេះ។ ក្រុមអ្នកវិទ្យាសាស្ត្របានចាប់យករូបភាពក្នុងពេលដំណាលគ្នា និងគ្រប់វិសាលគមពណ៌នៃពន្លឺទៅលើ SN 1987A ដោយ James Webb តាំងតែពីខែកក្កដា ឆ្នាំ២០២២ មកម្ល៉េះ (ធ្វើឱ្យវាស្ថិតក្នុងចំណោមវត្ថុដំបូងគេបង្អស់ដែល James Webb បានសង្កេតមើល ក្រោយការដាក់ឲ្យដំណើរការដំបូងកាលពីកំលុងពេលនោះ) ដោយកំណត់យកវិសាលគមពណ៌ និងកម្រិតភាពច្បាស់ខ្ពស់ជាទីបំផុត។

(រូបភាពពី NASA និង ESA)

យោងតាមការវិភាគលើទម្រង់ពណ៌ក្នុងរូបភាព ថតដោយឧបករណ៍ផ្តិតយកពន្លឺក្រហមអាំងហ្វ្រារបស់ James Webb គឺពិតជាបង្ហាញនូវភស្តុតាងនៃពពួក អ៊ីយ៉ុង argon ដែលអាចត្រូវបានបង្កើតឡើងដោយ ប្រភពនៃវិទ្យុសកម្មប្រកបដោយថាមពលខ្ពស់ នៅតំបន់ក្បែរចំណុចកណ្តាលរបស់សំណល់ស៊ូពើណូវ៉ា។ ក្រុមស្រាវជ្រាវជឿជាក់ថា មានតែសេណារីយ៉ូមួយចំនួនតូចប៉ុណ្ណោះ ដែលអាចបង្កឲ្យមាន អ៊ីយ៉ុង argon កើតឡើងនោះគឺវត្តមានរបស់តារាណឺត្រុងវ័យក្មេង ឬទារក (baby neutron star)

ដំណើរវិវត្តន៍របស់ SN 1987A ត្រូវបានអង្កេតជាប្រចាំដោយតេឡេស្កូបនៅទីអវកាស និងលើដី (រូបភាពពី NASA និង ESA)

គួរបញ្ជាក់ថា ការសង្កេតបន្ថែមទៀតលើសំណល់ supernova ខាងលើនេះ នឹងត្រូវធ្វើឡើងបន្តទៀតពីសំណាក់ James Webb និងតេឡេស្កូបផ្សេងៗទៀតនៅលើដី។ ក្រុមអ្នកវិទ្យាសាស្ត្រសង្ឃឹមថានឹងរកឃើញ ភាពច្បាស់លាស់កាន់តែខ្លាំង នៃអ្វីដែលកំពុងកើតឡើងនៅក្នុងបេះដូងរបស់ SN 1987A ដែលមានចម្ងាយខ្ទង់ ១៦៣,០០០ឆ្នាំពន្លឺពីភពផែនដីយើងនោះ មានទីតាំងស្ថិតនៅក្នុងកាឡាក់ស៊ីរណប LMC (Large Magellanic Cloud) របស់កាឡាក់ស៊ី Milk Way

ការស្ថិតនៅចម្ងាយចម្ងាយខ្ទង់ ១៦៣,០០០ឆ្នាំពន្លឺនោះក៏មានន័យផងដែរថា ផ្កាយ 1987A នោះបានផ្ទុះកាលពីរយៈពេល ១៦១,០០០ឆ្នាំមុខគ្រិស្តសករាជ ទម្រាំពន្លឺរបស់វាបានជះមកឲ្យមនុស្សលើផែនដីឃើញកាលពីឆ្នាំ១៩៨៧

ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ NASA/ESA/CSA (ថ្ងៃអាទិត្យ ទី២៥ ខែកុម្ភៈ ឆ្នាំ២០២៤)

Comments (0)
Add Comment