(បរទេស)៖ ក្រុមអ្នកវិទ្យាសាស្ត្រអន្តរជាតិទើបតែបានបញ្ចេញលទ្ធផល នៃការឃើញព្រះចន្ទថ្មីៗចំនួន ៣ ដោយក្នុងនោះ ២ គោចរជុំវិញភពណិបទូន (Neptune) និង ១ ទៀតគោចរជុំវិញភពអ៊ុយរ៉ានុស (Uranus)។ ប្រការនេះនាំឲ្យភពណិបទូន មានព្រះចន្ទសរុបកើនឡើងដល់ ១៦ ខណៈភពអ៊ុយរ៉ានុសវិញកើនដល់ ២៨។ យើងហៅព្រះចន្ទទាំង ៣ នេះថាតូចៗ ព្រោះអង្កត់ផ្ចិតរបស់ពួកវាស្ថិតនៅក្នុងរង្វង់តែ ១០km ទៅ ២០ km ប៉ុណ្ណោះ។
សម្រាប់ព្រះចន្ទថ្មីមួយរបស់អ៊ុយរ៉ានុស នោះមានឈ្មោះថា S/2023 U1 ដែលជាព្រះចន្ទថ្មីមិនធ្លាប់ត្រូវបានរកឃើញជុំវិញភពឧស្ម័នយក្សនេះជាង ២០ឆ្នាំមកហើយ។ S/2023 U1 មានអង្កត់ផ្ចិត ៨km និងគោចរជុំវិញអ៊ុយរ៉ានុសមួយជុំ ប្រើប្រាស់ពេល ៦៨០ ថ្ងៃនៃពេលវេលាលើផែនដី។ យោងតាមវិទ្យាស្ថាន Carnegie នៃសហរដ្ឋអាមេរិក S/2023 U1 កំពុងរង់ចាំឈ្មោះជាផ្លូវការថ្មីនៅថ្ងៃអនាគត ដោយអាចយកឈ្មោះតាមបុគ្គលល្បីឈ្មោះណាមួយក្នុងប្រវត្តិសាស្ត្រ។
ដោយឡែកព្រះចន្ទថ្មីៗ ២ ទៀតនៅជុំវិញភពណិបទូនគឺទី១ឈ្មោះ S/2002 N5 មានអង្កត់ផ្ចិត ២៣km ប្រើពេល ៩ឆ្នាំនៃពេលវេលាលើផែនដី ដើម្បីគោចរជុំវិញណិបទូនមួយជុំ និងទី២ឈ្មោះ S/2021 N1 មានអង្កត់ផ្ចិត ១៤km ប្រើពេល ២៧ឆ្នាំនៃពេលវេលាលើផែនដី ដើម្បីគោចរជុំវិញណិបទូនមួយជុំដូចគ្នា។ ព្រះចន្ទទាំង ២ នឹងត្រូវដាក់ឈ្មោះផ្លូវការ ដោយយកឈ្មោះតាមអាទិទេពក្នុងរឿងព្រេងកថាក្រិក។
តើទំហំតូចៗបែបនេះ អាចត្រូវបានហៅថាព្រះចន្ទ (moon) ដែរឬ? យោងតាមអង្គការ NASA ព្រះចន្ទតូចជាងគេរបស់ភពអង្គារ (Mars) នោះមានឈ្មោះថា ដីម៉ូស (Deimos) ជាមួយនឹងអង្កត់ផ្ចិតតែ ១៣Km ប៉ុណ្ណោះ ហើយទាំងហ្វូបូស (Phobos មានអង្កត់ផ្ចិតជាង ២០km) និង Deimos នេះត្រូវបានក្រុមអ្នកវិទ្យាសាស្ត្រភពសន្និដ្ឋានថា ត្រឹមជាអាចម៍ផ្កាយ ឬកាកសំណល់បន្សល់ទុកពីការកកើតប្រព័ន្ធព្រះអាទិត្យ ដែលត្រូវបានកាក់ជាប់ក្នុងគោចរជុំវិញភពក្រហមនោះប៉ុណ្ណោះ។ តែយ៉ាងណា ឲ្យតែជាវត្ថុអវកាសដែលគោចរក្នុងគម្លាត និងថេរវេលាយ៉ាងទៀងទាត់ជុំវិញភពមួយ នោះនឹងត្រូវចាត់ទុកជាព្រះចន្ទរបស់ភពនោះហើយ។
គួរបញ្ជាក់ថា ព្រះចន្ទថ្មីទាំង ៣ ខាងលើនេះ ត្រូវបានប្រកាសទទួលស្គាល់វត្តមានជាផ្លូវការ ដោយមជ្ឈមណ្ឌលសិក្សាភព Minor Planet ចំណុះឲ្យសហភាពតារាសាស្ត្រអន្តរជាតិ IAU (International Astronomical Union) នៅកំលុងចុងខែកុម្ភៈ ឆ្នាំ២០២៤នេះ។ ព្រះចន្ទទាំងអស់នេះត្រូវបានរកឃើញដោយមានកិច្ចសហការគ្នាពីសំណាក់ស្ថាប័នជាច្រើនដូចជា មន្ទីរអង្កេតតារានៅរដ្ឋហាវ៉ៃ សហរដ្ឋអាមេរិក, មន្ទីរអង្កេតតារានៅប្រទេសឈីលី រួមទាំងតេឡេស្កូប Magellan និងសាកលវិទ្យាល័យល្បីៗនៅសហរដ្ឋអាមេរិក ព្រមទាំងទីភ្នាក់ងារអង្គការ NASA ផងដែរ៕
ប្រែសម្រួល៖ Cambo Space (ឥន្ទ វុត្ថា)
ប្រភព៖ SPACE (ថ្ងៃចន្ទ ទី២៦ ខែកុម្ភៈ ឆ្នាំ២០២៤)